ព័ត៌មាន
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ
ដើម្បីពិនិត្យ និងដោះស្រាយផលប៉ះពាល់ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ព្រមទាំងធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងសមត្ថកិច្ច មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងជន់លិចក្នុងភូមិសាស្ត្រឃុំឈ្វាំង ឃុំភ្នំបាត និងឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យក្រុមការងារ និងអាជ្ញាធរមូលដ្ឋានចាត់វិធានការជាបន្ទាន់ ដោយផ្តោតលើការកាយស្តារ និងបើកមុខទឹកនៅតាមចំណុចសំខាន់ៗ ដើម្បីសម្រួលដល់លំហូរទឹក និងរំដោះទឹកចេញពីតំបន់ដែលរងផលប៉ះពាល់ឱ្យបានឆាប់រហ័ស។ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ស្ថានភាពជំនន់នៅតំបន់ខាងលើ បណ្តាលមកពីបរិមាណទឹកភ្លៀងដែលបានធ្លាក់ច្រើនក្នុងរយៈពេលកន្លងមក តែទោះជាយ៉ាងនេះក៏ដោយប្រសិនបើមិនមានភ្លៀងធ្លាក់បន្ថែម ស្ថានភាពទឹកនឹងអាចស្រកចុះក្នុងពេលឆាប់ៗខាងមុខ ជាពិសេសនៅពេលដែលរដ្ឋបាលខេត្ត និងក្រុមការងារ បាននិងកំពុងបន្តជំរុញការកាយស្តារ និងបើកមុខទឹក ដើម្បីពន្លឿនលំហូរទឹកចេញពីតំបន់រងគ្រោះ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងកម្លាំងពាក់ព័ន្ធ បន្តតាមដានស្ថានភាពទឹកជាប្រចាំ និងត្រៀមលក្ខណៈអន្តរាគមន៍គ្រប់ពេលវេលា ក្នុងករណីមានការកើនឡើងនៃកម្រិតទឹក ឬមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ជាពិសេសយកចិត្តដាក់ខ្ពស់ទៅលើការងាររំដោះទឹក និងត្រូវរៀបចំត្រៀមកម្លាំងដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងករណីចាំបាច់ណាមួយ។ ទន្ទឹមនឹងការដោះស្រាយបញ្ហាជំនន់ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះហានិភ័យដែលអាចកើតមានពីទឹកជំនន់ ជាពិសេសត្រូវយកចិត្តទុកដាក់ចំពោះកុមារ និងមនុស្សចាស់ មិនត្រូវអនុញ្ញាតឱ្យកុមារលេងទឹកដោយគ្មានការមើលថែពីមនុស្សធំ ត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិស និងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមាន។ លើសពីនេះ ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់លើអនាម័យ និងសុខភាព ដោយប្រើប្រាស់ទឹកស្អាត ផឹកស្អាត ហូបស្អាត និងរក្សាបរិស្ថានជុំវិញលំនៅឋានឱ្យបានស្អាត ដើម្បីបង្ការការឆ្លងជំងឺផ្សេងៗដែលអាចកើតមានក្នុងអំឡុងពេលមានទឹកជំនន់។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាល ឱ្យត្រៀមលក្ខណៈជានិច្ច ដើម្បីចុះអន្តរាគមន៍ សង្គ្រោះ និងផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋនៅពេលមានតម្រូវការ។ ចំពោះកម្លាំងសមត្ថកិច្ច និងកម្លាំងពាក់ព័ន្ធ ត្រូវត្រៀមកម្លាំងសង្គ្រោះ កម្លាំងគាំទ្រ និងសម្រួលចរាចរណ៍នៅតាមតំបន់ដែលរងផលប៉ះពាល់ ដើម្បីធានាសុវត្ថិភាព និងអាចឆ្លើយតបបានទាន់ពេលវេលា។
ជាមួយនឹងការចុះពិនិត្យ និងដាក់ចេញវិធានការជាក់ស្តែងនេះ រដ្ឋបាលខេត្តកណ្តាល នឹងបន្តតាមដានស្ថានភាពជំនន់យ៉ាងយកចិត្តទុកដាក់ ព្រមទាំងជំរុញការរំដោះទឹក និងត្រៀមកម្លាំងសម្រាប់អន្តរាគមន៍ជួយប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយផលប៉ះពាល់ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតំបន់រងគ្រោះឱ្យបានល្អប្រសើរ។ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបញ្ហា ឬត្រូវការជំនួយបន្ទាន់ក្នុងអំឡុងពេលជំនន់ អាចទាក់ទងទៅកាន់អាជ្ញាធរមូលដ្ឋាននៅក្បែរខ្លួន ដើម្បីទទួលបានការសម្របសម្រួល និងជួយសង្គ្រោះបានទាន់ពេលវេលា។ដោយ៖ សៅ យ៉ាម៉ង់







-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន