ព័ត៌មាន
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
បន្ទាប់ពីបានទទួលព័ត៌មានពាក់ព័ន្ធនឹងទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយជំនួនទឹកភ្លៀង ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះទុក្ខលំបាកនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមអាជ្ញាស្រុក មន្ទីរពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច និងសប្បុរសជននានា នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋចំនួន ១៨៦គ្រួសារ ស្ថិតក្នុងឃុំចំនួន៣ រួមមាន៖ ឃុំជ្រៃលាស់ ឃុំឈ្វាំង និងឃុំភ្នំបាត ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត។ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលត្រូវយកចិត្តទុកដាក់ និងស្វែងរកដំណោះស្រាយជាក់ស្តែង បើទោះបីជាការនាំយកអំណោយមនុស្សធម៌មកចែកជូននាពេលនេះ មិនអាចដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋបានទាំងស្រុងក៏ដោយ ប៉ុន្តែជាការចូលរួមចំណែកជួយសម្រាលការខ្វះខាតរបស់បងប្អូនបានមួយរយៈផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមបានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងកម្លាំងពាក់ព័ន្ធឱ្យបន្តយកចិត្តទុកដាក់ចំពោះស្ថានភាពជំនន់ ដោយបញ្ជាក់ថា ប្រសិនបើមិនមានភ្លៀងធ្លាក់បន្ថែម ទឹកអាចនឹងស្រកចុះក្នុងពេលឆាប់ៗខាងមុខ រដ្ឋបាលខេត្តនឹងបន្តពិនិត្យ និងជំរុញការកាយរំដោះទឹក ដើម្បីពន្លឿនការហូរចេញ និងធ្វើឱ្យទឹកស្រកបានឆាប់រហ័ស។ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលអាចកើតមានពីទឹកជំនន់ ជាពិសេសចំពោះកុមារ និងមនុស្សចាស់ ជៀសវាងការលេងទឹក និងប្រុងប្រយ័ត្នចំពោះសត្វអសិរពិស ព្រមទាំងជំងឺផ្សេងៗដែលអាចកើតមានក្នុងអំឡុងពេលទឹកជំនន់ ត្រូវមានការរស់នៅប្រកបដោយអនាម័យ ផឹកស្អាត និងហូបស្អាត ដើម្បីជៀសវាងការឆ្លងជំងឺផ្សេងៗ។
ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់ក្រុមគ្រូពេទ្យត្រូវត្រៀមលក្ខណៈជានិច្ច ដើម្បីចុះអន្តរាគមន៍ សង្គ្រោះ និងព្យាបាលប្រជាពលរដ្ឋនៅពេលមានតម្រូវការ។ ចំពោះកម្លាំងសមត្ថកិច្ច និងកម្លាំងពាក់ព័ន្ធ ឯកឧត្តមអភិបាល បានណែនាំឱ្យជួយសម្រួលចរាចរណ៍ ត្រៀមកម្លាំងសង្គ្រោះ និងកម្លាំងគាំទ្រ ដើម្បីអាចចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ក្នុងករណីមានបញ្ហា ឬតម្រូវការជំនួយផ្សេងៗ ប្រជាពលរដ្ឋអាចទាក់ទងទៅកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានការជួយសង្គ្រោះ និងដោះស្រាយឱ្យបានទាន់ពេលវេលា។ ដោយ៖ សៅ យ៉ាម៉ង់








-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន