ព័ត៌មាន
វិស័យឯកជន វាយតម្លៃខ្ពស់និងចាត់ទុកព្រឹត្តការណ៍ CAFE 26 ជាស្ពានចម្លងច្ចេកវិទ្យាកសិកម្មទំនើបនៅកម្ពុជា
វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ឬហៅថា «CAFE 26» បានក្លាយជាចំណុចប្រសព្វដ៏មានឥទ្ធិពលមួយ ក្នុងការបើកឱកាសឱ្យតួអង្គសំខាន់ៗក្នុងវិស័យកសិកម្មទាំងរដ្ឋ និងឯកជន មកជួបជុំគ្នាដើម្បីផ្លាស់ប្តូរយោបល់ ស្វែងរកដំណោះស្រាយ និងជំរុញកំណើនសេដ្ឋកិច្ចបៃតងនៅកម្ពុជា។ ជាមួយនេះ តំណាងក្រុមហ៊ុនឯកជនឈានមុខជាច្រើន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិកានេះ ដោយចាត់ទុកថាជា «ស្ពានចម្លង» ដ៏មានសារៈសំខាន់មិនអាចខ្វះបាន។
លោកបណ្ឌិត ឡាយ ឈុនហុក នាយកក្រុមហ៊ុន City Rice ដែលជាក្រុមហ៊ុននាំចេញអង្ករឈានមុខគេមួយនៅកម្ពុជា បានមានប្រសាសន៍ថា វេទិកាជាតិនេះ បាននិងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាប្រឈមរួម រួមទាំងការបង្កើតបណ្តាញតភ្ជាប់ដៃគូធុរកិច្ចថ្មីៗ។ លោកបណ្ឌិត បានកត់សម្គាល់ឃើញថា ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់វិស័យកសិកម្មកម្ពុជា ទាំងផ្នែកធនធាន ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការធ្វើទំនើបកម្មគ្រឿងយន្ត ដែលមានសន្ទុះខ្លាំងក្លា និងសម្បូរបែបជាងឆ្នាំមុនៗ។
ស្របពេលជាមួយគ្នានេះ អ្នកនាង ជន់ សុខឃីម ប្រធានផ្នែកសេវាកម្មក្រោយការលក់ នៃក្រុមហ៊ុន ហាវ៉េសសិនធ័រ កម្ពុជា (HCC) ដែលជាគ្រឹះស្ថានឈានមុខក្នុងការផ្គត់ផ្គង់ និងចែកចាយគ្រឿងចក្រកសិកម្ម បានលើកឡើងថា «CAFE 26» មិនមែនគ្រាន់តែជាកន្លែងសម្រាប់តាំងបង្ហាញផលិតផលធម្មតានោះទេ ប៉ុន្តែគឺជាឃ្លាំងចំណេះដឹង និងបច្ចេកវិទ្យាពិតប្រាកដ។ អ្នកនាងបន្ថែមថា វេទិកានេះបានជួយឱ្យប្រជាកសិករ និងអ្នកវិនិយោគ ទទួលបាននូវដំណោះស្រាយជាក់ស្តែង និងបច្ចេកទេសវៃឆ្លាត ដើម្បីយកទៅអនុវត្តក្នុងការធ្វើស្រែចម្ការ ជួយកាត់បន្ថយថ្លៃដើម និងបង្កើនទិន្នផលប្រកបដោយប្រសិទ្ធភាពខ្ពស់។
ជាការកត់សម្គាល់ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ឬហៅថា «CAFE 26» បានមើលឃើញថា ភាពជាដៃគូរវាងរដ្ឋ និងឯកជន ព្រមទាំងការបើកចិត្តទទួលយកបច្ចេកវិទ្យាថ្មីៗ គឺជាគន្លឹះយុទ្ធសាស្ត្រក្នុងការប្រែក្លាយវិស័យកសិកម្មកម្ពុជា ឱ្យទៅជាកសិកម្មបែបទំនើប មានភាពធន់ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារអន្តរជាតិ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាវេទិកានៃការជួបជុំ និងតាំងបង្ហាញសមិទ្ធផលកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីកម្មដ៏សំខាន់មួយដែលសបញ្ជាក់ឱ្យឃើញពីការបោះជំហានទៅមុខយ៉ាងលឿនសំបើមរបស់កម្ពុជា ក្នុងការធ្វើអន្តរកាលពីកសិកម្មបែបប្រពៃណី ទៅជា កសិកម្មបែបវៃឆ្លាត និងឌីជីថល។ ការរួមគ្នាយ៉ាងជិតស្និទ្ធ រវាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងជាពិសេសគឺការប្តេជ្ញាចិត្តខ្ពស់ពីសំណាក់វិស័យឯកជន នឹងក្លាយជាកាតាលីករយ៉ាងមានឥទ្ធិពល ក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករ កាត់បន្ថយការចំណាយលើកម្លាំងពលកម្ម និងការបង្កើនខ្សែច្រវាក់តម្លៃបន្ថែមសម្រាប់កសិផលខ្មែរ៕អត្ថបទ៖ ឈិត បូរ៉ាវី















-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ