ព័ត៌មាន
គណៈគ្រូពេទ្យជាតិជំរុញឱ្យសមាគមពង្រីកកិច្ចសហការ ដើម្បីទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត ដែលមានប្រសិទ្ធភាព
ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ លើកទឹកចិត្តដល់សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ ដើម្បីបង្កើតឱកាសថ្មីៗសម្រាប់ការបណ្តុះបណ្តាល ការស្រាវជ្រាវ ការផ្លាស់ប្តូរបទ ពិសោធន៍ និងការទទួលយកបច្ចេកវិទ្យាវេជ្ជសាស្តដែលមានប្រសិទ្ធភាព និងសុវត្ថិភាព។
ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ លើកឡើងក្នុងសន្និបាតវិទ្យាសាស្ត្ររបស់សមាគមគ្រូពេទ្យកម្ពុជា ផ្នែកប្រដាប់រំលាយអាហារ លើកទី២១ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះថា ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ ត្រូវចងចាំថា ការរីកចម្រើននៃវិទ្យាសាស្ត្រវេជ្ជសាស្ត្រ មិនមែនមានន័យត្រឹមតែការប្រើប្រាស់ឧបករណ៍ទំនើប បច្ចេកវិទ្យាថ្មី ឬនីតិវិធីព្យាបាលទំនើបប៉ុណ្ណោះទេ ក្នុងនោះការរីកចម្រើនពិតប្រាកដ ត្រូវផ្អែកលើការអនុវត្តវេជ្ជសាស្ត ដោយប្រើប្រាស់ភស្តុតាងវិទ្យាសាស្ត្រ ការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ កិច្ចសហការពហុឯកទេស និងការយកអ្នកជំងឺជាមជ្ឈមណ្ឌលនៃការថែទាំ។
ជាមួយគ្នានេះ គ្រូពេទ្យគ្រប់រូបត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះអ្នកជំងឺ ប្រកាន់ខ្ជាប់នូវគោលការណ៍វិជ្ជាជីវៈ គោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់អ្នកជំងឺ ព្រមទាំងធានាថា ការសម្រេចចិត្តផ្នែកវេជ្ជសាស្ត្រ ត្រូវផ្តល់អាទិភាពដល់សុវត្ថិភាព និងផលប្រយោជន៍របស់អ្នក ជំងឺជាចម្បង។ ជាគោលដៅចុងក្រោយ ការអភិវឌ្ឍវិស័យវេជ្ជសាស្ត្រត្រូវឆ្ពោះទៅរកការផ្តល់សេវាថែទាំ និងព្យាបាលដែលមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាព សមធម៌ និងមនុស្សធម៌ ព្រមទាំងឆ្លើយតបបាន ទៅនឹងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋគ្រប់រូប។
បញ្ហានេះ, ឯកឧត្តមសាស្ត្រាចារ្យ លើកទឹកចិត្តដល់សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ ឱ្យបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយដៃគូពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្កើតឱកាសថ្មីៗសម្រាប់ការបណ្តុះបណ្តាល ការស្រាវជ្រាវ ការផ្លាស់ប្តូរបទពិសោធន៍ និងការទទួលយកបច្ចេកវិទ្យាវេជ្ជសាស្ត ដែលមានប្រសិទ្ធភាព និងសុវត្ថិភាព និងរួមកម្លាំងគ្នា បំពេញតួនាទីរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវ ក្នុងនោះសមាគមត្រូវបន្តរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស ផ្នែកសុខាភិបាល ពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពនៅកម្ពុជា។
លោកសាស្ត្រាចារ្យ ឱម សិរីវិជិត ប្រធានសមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ លើកឡើងថា ការរៀបចំសន្និបាតវិទ្យាសាស្ត្រលើកទី២១នេះ គឺជាការប្រារព្ធ និងរំលឹកឡើងវិញ នូវដំណើរការសាមគ្គីភាពក្នុងភាពសប្បុរសធម៌ និងការចែករំលែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ក្នុងនោះរយៈពេល ២ ទសវត្សរ៍មកនេះ គឺជាដំណើរការនៃការធ្វើទំនើបភាវូបនីយកម្មបណ្តាញបញ្ញាវន្តវេជ្ជសាស្ត្រខ្មែរ ដើម្បីឱ្យទាន់និងទំនោរវិវត្តនៃវិទ្យាសាស្ត្រវេជ្ជសាស្ត្រអន្តរជាតិ។ ជាការពិត, ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក សមាគមបានឆ្លងកាត់នូវការប្រឈម និងភាពលំបាកជាច្រើន, ប៉ុន្តែដោយស្មារតីសាមគ្គីភាព និងការប្ដេជ្ញាចិត្តខ្ពស់ សមាគមបានដោះស្រាយបញ្ហាប្រឈមទាំងនោះជាបណ្តើរៗ រហូតសម្រេចបាននូវការរីកចម្រើនដូចបច្ចុប្បន្ន។
លោកសាស្ត្រាចារ្យ បន្តថា សកម្មភាពបណ្តុះបណ្តាលកន្លងមក បានជួយជម្រុញឱ្យសមាគមដំណើរការទៅមុខ ជាពិសេសក្នុងការកសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយសមាគមវេជ្ជសាស្ត្រនានានៅបរទេស ក្នុងបំណងពង្រីកចំណេះដឹង និងជម្រុញការប្រើប្រាស់ឱសថឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយក្នុងនោះសមាគមបានសហការបើកវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាខ្លីៗជាមួយបណ្តាក្រុមហ៊ុនឱសថ និងបរិក្ខារពេទ្យជាច្រើនលើកផងដែរ ដើម្បីពង្រឹងផ្នែកពាក់ព័ន្ធប្រកបដោយប្រសិទ្ធភាព៕អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព