Connect with us

ព័ត៌មាន

ក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ

ក្រសួងមុខងារសាធារណៈ កាលពីល្ងាចថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៦ បានប្រកាសលទ្ធផលការប្រឡង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារកម្រិតមធ្យមសិក្សា គ្រូអនុវិទ្យាល័យ និងគ្រូវិទ្យាល័យ។ លទ្ធផល គឺចំនួន អ្នកជាប់មិនគ្រប់តាមចំនួនតម្រូវការនោះទេ។ ចំនួនអ្នកជាប់មានត្រឹមតែ ១ ៧៥៤នាក់ ខណៈចំនួនតម្រូវការសរុប ការដោះស្រាយបញ្ហាខ្វះគ្រូក្នុងឆ្នាំសិក្សាថ្មី ក្នុងកម្រិតមធ្យមសិក្សាមានចំនួនរហូតដល់ ៣ ០០០នាក់។

ការប្រឡងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតមធ្យមសិក្សាជាការប្រឡងធំប្រចាំឆ្នាំមួយ ដែលមានបេក្ខជនចប់បរិញ្ញាបត្រជាង ១ម៉ឺននាក់ ចូលរួមប្រកួតប្រជែងធ្វើជាធ្វើបង្រៀន។ បេក្ខជនជាង ១ម៉ឺននាក់ ប្រកួតប្រជែងគ្នា ស្របពេលដែលតម្រូវការគ្រូអនុវិទ្យាល័យ និងគ្រូវិទ្យាល័យមានត្រឹម ៣ ០០០នាក់ ប៉ុណ្ណោះ សម្រាប់ឆ្នាំសិក្សាថ្មី។

ជាលទ្ធផល ក្រោយការប្រឡង និងការធ្វើកំណែបានបញ្ចប់រួចរាល់ គឺចំនួនអ្នកជាប់ជាស្ថាពរ មិនគ្រប់ចំនួនតម្រូវការ នោះទេ។ អ្នកជាប់ស្ថាពរ មានត្រឹមតែ ១ ៧៥៤នាក់ ខណៈដែលចំនួនតម្រូវការមានរហូតដល់ ៣ ០០០នាក់។ គ្រូ វិទ្យាល័យនៅខ្វះជាង ៥០០នាក់ គ្រូអនុវិទ្យាល័យនៅខ្វះជាង ៧០០នាក់។ ចំនួនអ្នកជាប់ស្ថាពរ មិនគ្រប់តាមតម្រូវ ការក្តី តែនៅមានបេក្ខជនដែលជាប់បម្រុង។ បេក្ខជនជាប់បម្រុង ជាបេក្ខជនអាទិភាពបន្ទាប់ ដែលអាចទទួលបានការចាប់ប៉ុស្តិ៍បង្រៀន នៅតាមទីតាំងសាលារៀន ដែលមិនទាន់មានគ្រូបង្រៀនគ្រប់គ្រាន់។

បេក្ខជនជាប់បម្រុង សម្រាប់កម្រិតវិទ្យាល័យមានចំនួនជាង ១ ៧០០នាក់ រីឯអ្នកជាប់បម្រុងកម្រិតអនុវិទ្យាល័យមានជាង ៧០០នាក់។ ផ្អែកតាមការអនុវត្តកន្លងទៅ ជាក់ស្តែងនៅដើមខែ តុលានេះ ក្រសួងមុខងារសាធារណៈ ក៏បានផ្តល់ឱកាសឱ្យ បេក្ខជនជាប់បម្រុង ដែលបានប្រឡងក្នុងការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងកម្រិតបឋមសិក្សា កាលពី ឆ្នាំ ២០២៥កន្លងទៅ ទទួលបានឱកាសចាប់ប៉ុស្តិ៍បង្រៀននៅតាមសាលារៀនដែលខ្វះគ្រូងផងដែរ។ ស្របពេលនឹងការប្រកាសលទ្ធផលនេះ ក្រសួងមុខងារសាធារណៈ បានជូនដំណឹងឱ្យបេក្ខជនជាប់ស្ថាពរ ក៏ដូចជា បេក្ខជនជាប់បម្រុង ត្រូវទៅបង្ហាញខ្លួន និងដាក់ពាក្យចូលរៀននៅគ្រឹះស្ថានអប់រំគ្រូបង្រៀន ដែលក្រសួងអប់រំ យុ វជន និងកីឡាបានកំណត់ក្រោយការប្រកាសលទ្ធផល ក្នុងរយៈពេល ១សប្តាហ៍។

ក្រោយចប់ការងារជ្រើសរើសគ្រូកម្រិតមធ្យមសិក្សានេះ នៅថ្ងៃទី ២៨ តុលាខាងមុខនេះ ក្រសួងមុខងារសាធារណៈ នឹងរៀបចំការប្រឡងធំមួយទៀត គឺជ្រើសរើសគ្រូកិច្ចព្រមព្រៀងការងារកម្រិតបឋមសិក្សា ដែលមានបេក្ខជនចប់ បរិញ្ញាបត្រជាង ២ម៉ឺននាក់នឹងចូលរួមប្រកួតប្រជែងគ្នា ស្របពេលដែលតម្រូវការមានត្រឹមជិត ៣ ០០០នាក់ ប៉ុណ្ណោះ៕អត្ថបទ៖គឹមហុក

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia