Connect with us

ព័ត៌មាន

រដ្ឋមន្រ្តីកសិកម្ម ជំរុញឱ្យយុវជនផ្លាស់ប្តូរទស្សនទាន ដោយមើលវិស័យកសិកម្មកម្ពុជា ជាឱកាសធុរកិច្ចថ្មីនិងនវានុវត្តន៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញនិងលើកទឹកចិត្តយ៉ាងខ្លាំងដល់ យុវជន និស្សិត និងអ្នកស្រាវជ្រាវវ័យក្មេងទាំងអស់ ឱ្យធ្វើការផ្លាស់ប្តូរទស្សនទាន ដោយងាកមកមើលវិស័យកសិកម្មកម្ពុជា ជា “ឱកាសបង្កើតធុរកិច្ចថ្មី និងនវានុវត្តន៍” ជំនួសឱ្យការមើលត្រឹមជាមុខរបរបែបប្រពៃណី និងដាំដុះតាមទម្លាប់ចាស់។

ក្នុងឱកាសអញ្ជើញចូលរួមពិធីបិទវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ឬហៅកាត់ថា CAFE26 កាលពីរសៀលថ្ងៃទី២៦ តុលា ឆ្នាំ២០២៦កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វេទិកានវានុវត្តន៍សម្រាប់យុវជននេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើតជាស្ពានចម្លង និងតភ្ជាប់យុវជន សហគ្រិនវ័យក្មេង អ្នកនវានុវត្តន៍ អ្នកស្រាវជ្រាវ និងនិស្សិត ឱ្យជួបពិភាក្សា និងធ្វើការងារផ្ទាល់ជាមួយធុរជន វិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ រាជរដ្ឋាភិបាល ព្រមទាំងដៃគូអភិវឌ្ឍន៍។ វេទិកានេះ គឺជាកន្លែងដ៏សំខាន់សម្រាប់បង្ហាញគំនិតច្នៃប្រឌិតថ្មីៗ ដែលអាចភ្ជាប់ទៅនឹងការណែនាំពីអ្នកជំនាញ ការទទួលបានប្រភពហិរញ្ញប្បទាន ទីផ្សារ ដៃគូអាជីវកម្ម និងឱកាសក្នុងការបង្កើត ព្រមទាំងការពង្រឹងពង្រីកអាជីវកម្មនាពេលអនាគត។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានដាស់តឿន និងលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ ឱ្យចេះចាប់យកឱកាសដ៏មានតម្លៃពីព្រឹត្តិការណ៍នេះ ដើម្បីរៀនសូត្រ ផ្លាស់ប្តូរបទពិសោធន៍ និងបង្កើតបណ្តាញទំនាក់ទំនងឱ្យបានទូលំទូលាយ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា យុវជនត្រូវមើលឃើញថា វិស័យកសិកម្មកម្ពុជានាពេលបច្ចុប្បន្ន គឺជាឱកាសដ៏ធំធេងសម្រាប់ការបង្កើតធុរកិច្ចថ្មី បង្កើតនវានុវត្តន៍ បង្កើតតម្លៃបន្ថែម និងការពង្រឹងខ្សែច្រវាក់តម្លៃកសិ-ឧស្សាហកម្មកម្ពុជាឱ្យកាន់តែរឹងមាំ។

សូមបញ្ជាក់ថា វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឬហៅកាត់ថា CAFE26 ត្រូវបានរៀបចំឡើងយ៉ាងឱឡារិកដោយក្រសួងកសិកម្ម រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ នៅក្នុងព្រឹត្តិការណ៍នេះ មានការដាក់តាំងបង្ហាញស្តង់ប្រមាណ ៤០០ស្តង់ នូវកសិផលយុទ្ធសាស្ត្រចំនួន ៩មុខ (រួមមាន៖ អង្ករ ស្វាយចន្ទី ម្រេច បន្លែ ត្រី ដំឡូងមី កៅស៊ូ ឈើ និងស្វាយ) ព្រមទាំងមានការបង្ហាញគ្រឿងយន្តកសិកម្មទំនើប បច្ចេកវិទ្យាដ្រូន បច្ចេកវិទ្យាឌីជីថល ធាតុចូលកសិកម្ម ព្រមទាំងបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់ ដែលជាចំណែកមួយជំរុញទំនើបកម្មកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើន៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia