ព័ត៌មាន
អ្នកនាំពាក្យ៖ មកទល់ពេលនេះជនភៀសសឹកកម្ពុជាប្រមាណ ២ម៉ឺននាក់ទៀតមិនទាន់អាចទៅផ្ទះវិញបានដោយសារការរារាំងពីកងកម្លាំងថៃ
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះថា រហូតមកទល់ពេលនេះ នៅសល់ជនភៀសសឹកប្រមាណជា ២ម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដោយសារការរារាំងពីកងកម្លាំងថៃ តាមរយៈការ ដាក់ពង្រាយបន្លាលួស ទូរកុង តឺន័រ និងការបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពួកគេ។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការងារការទូតយ៉ាងសកម្មដើម្បីទាមទារ ដីដែលកងកម្លាំងថៃដណ្តើមកាន់កាប់ដោយខុសច្បាប់មកជូនប្រជាពលរដ្ឋខ្មែរវិញដោយសន្តិវិធី ដូចអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាអះអាងថា ក្រោមច្បាប់អន្តរជាតិពលរដ្ឋភៀសសឹកមានសិទ្ធិវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញនៅពេលជម្លោះប្រដាប់អាវុធបានបិទបញ្ចប់។
ឯកឧត្តមអ្នកនាំពាក្យបានរំឭកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦ បានឆ្លៀតចុះពិនិត្យមើលស្ថានភាពនៃគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដីនិងផ្ទះសម្រាប់គ្រួសារក្រីក្រក្រោមគម្រោង LASED III នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ប្រជាពលរដ្ឋដែលបានទទួលផលពីគម្រោងនេះ សរុបមានចំនួន ១.០៧៧ គ្រួសារ ក្នុងនោះមានគ្រួសារជនភៀសសឹកចំនួន ៨៨២ គ្រួសារ គ្រួសារក្រីក្រគម្រោង LASED III ចំនួន ១៩៥ គ្រួសារ និងគ្រួសារកងកម្លាំងចំនួន ១៦៣ គ្រួសារ ស្មើនឹងចំនួនមនុស្សជាង៤.២០០ នាក់ ក្នុងនោះមានកុមារជាង ១.៣០០ នាក់។
ឯកឧត្តមបានបន្តថា ជនភៀសសឹកត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនជម្រក សេវាទឹកស្អាត អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ព្រមទាំងកញ្ចប់ថវិកាឧបត្ថម្ភប្រចាំខែ (ទាំងសម្រាប់គ្រួសារ និងសមាជិកគ្រួសារ)។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ជួយទំនុកបម្រុងជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈការជួយផ្នែកកសិកម្ម ដូចជារោងដាំបន្លែ មាន់ ក៏ដូចជាដំណាំហូបផ្លែជាដើម។ ការយកចិត្តទុកដាក់នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងផ្តល់ទីជម្រកសមរម្យជូនប្រជាពលរដ្ឋគ្រប់រូប។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ៖«សម្តេចធិបតី ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ កក់ក្តៅពីសំណាក់ប្រជាពលរដ្ឋនៅទីនោះ ជាពិសេសពលរដ្ឋភៀសសឹក ។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានពន្យល់ប្រាប់ប្រជាពលរដ្ឋអំពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលអំពីសុវត្ថិភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋជាធំ តាមរយៈការមិនប្រើប្រាស់កម្លាំងយោធា ហើយងាកមករកដំណោះស្រាយតាមការទូត និងច្បាប់អន្តរជាតិវិញ ដើម្បីបញ្ចៀស សោកនាដកម្មមកលើប្រជាពលរដ្ឋ និងបានស្នើឱ្យប្រជាពលរដ្ឋអត់ធ្មត់រង់ចាំការដោះស្រាយបញ្ហាព្រំដែនពីរាជរដ្ឋាភិបាល ដើម្បីទាមទារទឹកដីត្រឡប់មកវិញ និងអនុញ្ញាតឱ្យពួកគាត់វិលត្រឡប់ទៅផ្ទះសម្បែងវិញ។ សម្តេចធិបតី បានប្រាប់ប្រជាពលរដ្ឋថា ទោះបីជាការដោះស្រាយតាមការទូត និងច្បាប់អន្តរជាតិ ប្រើពេលយូរបន្តិចមែន ប៉ុន្តែ ប្រជាពលរដ្ឋមិនរងទុក្ខវេទនា ដូចការច្បាំងគ្នាដោយប្រើអាវុធទេ។ ប្រជាពលរដ្ឋភៀសសឹកទាំងនោះរីករាយ និងទទួលយកដំណោះស្រាយរបស់រាជរដ្ឋាភិបាល និងបានអះអាងថា ផ្ទះបណ្តោះអាសន្នដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល មានលក្ខណៈសមរម្យសម្រាប់ការរស់នៅជាងការស្នាក់នៅក្រោមដំបូលតង់ក្នុងជំរុំប្រមូលផ្តុំ»។
បើតាមឯកឧត្តម ប៉ែន បូណា មកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការងារការទូតយ៉ាងសកម្ម ដើម្បីទាមទារទឹកដីកម្ពុជាមួយចំនួនដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់នោះមកវិញ តាមមធ្យោបាយសន្តិវីធី តាមរយៈកិច្ចព្រមព្រៀងដែលមានស្រាប់ និងដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា ឯកសារ ផែនទី ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដើម្បីអនុញ្ញាតឱ្យពលរដ្ឋភៀសសឹកកម្ពុជា ជាង២ម៉ឺននាក់ដែលនៅសល់ អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ សហគមន៍អន្តរជាតិក៏កំពុងតាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់ និងជំរុញឱ្យភាគីទាំងពីរដោះស្រាយបញ្ចប់បញ្ហាដោយសន្តិវិធីតាមកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នា៕


-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»