Connect with us

ព័ត៌មាន

គ្រូបង្រៀនផ្ទេរមកពីតាមខេត្ត បង្ហាញវត្តមានតាមសាលារៀនខ្វះនៅភ្នំពេញ និង​ប្ដេជ្ញា​ខិតខំ​បង្រៀន​សិស្ស

គ្រូបង្រៀនដែលបានប្រឡងជាប់ផ្ទេរ ពីតាមបណ្តាខេត្ត ចូលមកភ្នំពេញ បច្ចុប្បន្នបានបង្ហាញខ្លួន នៅ​តាមសាលារៀនដែលខ្លួននឹងបំពេញការងារ។ បង្ហាញខ្លួន ភ្ជាប់ជាមួយការតាំងចិត្ត ដែល​នឹង​រួម​ចំណែក​ជួយបំពេញ​កាតព្វកិច្ចបង្រៀនសិស្សសម្រាប់ទីតាំងសាលារៀនថ្មី។

គិតត្រឹមសប្តាហ៍ចុងក្រោយនៃខែតុលានេះ វត្តមាន​គ្រូ​បង្រៀន​ដែល​បាន​ប្រឡង​ជាប់​ផ្ទេរ​ពី​តាម​បណ្តា​ខេត្តមក​ភ្នំពេញ បានមកបង្ហាញវត្តមាន​នៅ​តាម​សាលា​រៀន​ដែល​ខ្លួន​នឹង​បំពេញ​ការងារ​ហើយ។​ បង្ហាញវត្តមាន ជួបជាមួយគណៈគ្រប់គ្រងសាលាថ្មី សិក្សាពីបទបញ្ជាផ្ទៃក្នុងសាលានានា ស្គាល់ពីបរិស្ថានជុំវិញរបស់សាលា ស្គាល់ពីបន្ទប់រៀន និងចាប់ផ្តើមស្គាល់សិស្សជាបណ្តើរៗ។

ជាការចាប់អារម្មណ៍ សម្រាប់សាលាបឋមសិក្សា សម្តេចតេជោ ហ៊ុន សែន ដង្កោ នៅក្នុង​ឆ្នាំ​សិក្សា​ថ្មី​ខាង​មុខ​នេះ ទទួលបានគ្រូបង្រៀនចំនួន ១៣រូបបន្ថែម ដើម្បីមកជួយលើការងារបង្រៀន។ សាលា​បឋមសិក្សាមួយនេះ ជា សាលាមួយស្ថិតក្នុងចំណោមសាលាជាច្រើនទៀត ដែលជួប​បញ្ហា​ខ្វះ​គ្រូ​ជា​ច្រើនឆ្នាំមកហើយ។

វត្តមានលោកគ្រូ អ្នកគ្រូទាំង ១៣ រូប ដែលនឹងមកបង្រៀននៅសាលាបឋមសិក្សាមួយនេះ គឺ​មាន​ប្រភពម​ក​ពីបណ្តាខេត្តផ្សេងៗគ្នា។ មកពីខេត្តផ្សេងគ្នាពិតមែនក្តី តែការមក​ផ្លាស់​មក​បង្រៀន​នៅ​ទីតាំង​សាលា​ថ្មី​រួមគ្នានេះគឺពួកគាត់មានការប្តេជ្ញាចិត្តរួមគ្នា គឺការបំពេញកាតព្វកិច្ច​ការ​បង្រៀន​សិស្ស​ឱ្យ​អស់​ពី​សមត្ថភាព។ ពួកគាត់មានគោលដៅរួម គឺ ចង់ឃើញកុមាររីកចម្រើន ចង់ឃើញ​សង្គម​ជាតិ​កម្ពុជា កាន់តែរីកចម្រើន។

នៅ​ក្នុង​ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ខាងមុខនេះ ក្រសួងមុខងារសាធារណៈ បាន​រៀប​ចំ​ការ​ប្រឡង​ជា​ច្រើន​ក្នុងការដោះស្រាយបញ្ហាខ្វះគ្រូបង្រៀនទូទាំងប្រទេស។ ជាក់ស្តែង ក្រសួង​មាន​ការ​រៀប​ចំ​កា​រប្រឡងផ្ទៃក្នុង សម្រាប់គ្រូក្រប ខណ្ឌ អាចប្រឡងផ្ទេរមកបង្រៀននៅរាជធានីភ្នំពេញ បន្ទាប់​មក​ក្រសួងមុខងារ បានរៀបចំការប្រឡងជ្រើសរើសគ្រូ បង្រៀនផ្អែក​លើ​កិច្ច​ព្រម​ព្រៀង​ការងារ សម្រាប់ដោះស្រាយបញ្ហាខ្វះគ្រូ អនុវិទ្យាល័យ និងវិទ្យាល័យ។ នៅថ្ងៃទី ២៨ ខែតុលា​ខាង​មុខ​​ ក្រសួងមុខងារសាធារណៈ ក៏នឹងរៀបចំការប្រឡងជ្រើសរើសគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិត​បឋមសិក្សា។ ការប្រឡងគ្រូបឋមសិក្សានាពេលខាងមុខ ជាការប្រឡងធំមួយ ដែល​នឹង​មាន​​បេក្ខជ​នចប់ បរិញ្ញាបត្រជាង ២ម៉ឺននាក់នឹងចូលរួមប្រឡង៕ អត្ថបទ៖ គឹមហុក

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia