Connect with us

ព័ត៌មាន

សម្តេចធិបតី៖ តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនៅក្រៅស្រុកមួយក្រុមមានតែមួយគត់គឺចោទថារដ្ឋាភិបាលខ្មែរធ្វើឱ្យបាត់ដី?

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរសារតាមបណ្ដាញសង្គមនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៦នេះដោយចោទជាចម្ងល់ថា តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនៅក្រៅស្រុកមួយក្រុមមានតែមួយគត់គឺចោទថារដ្ឋាភិបាលខ្មែរធ្វើឱ្យបាត់ដី?។

សម្តេចធិបតី បានសរសេរថា បងប្អូនប្រជាពលរដ្ឋខ្មែរមានចម្ងល់ដូចខ្ញុំដែរ ឬទេថា ក្រុមអ្នកនយោបាយខ្មែរនៅក្រៅប្រទេសមួយក្រុម តែងតែចោទរាជរដ្ឋាភិបាលដោយគ្មានភស្តុតាង ឬឯកសារថា រាជរដ្ឋាភិបាលបានធ្វើអោយបាត់ដីខ្មែរនៅព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ តាមរយៈការបោះបង្គោលព្រំដែនបណ្តោះអាសន្ន និងការដែលថៃធ្វើបងព្រំដែនបេតុងដោយឯកតាភាគី។ ហើយគេតែងតែយកពត៌មានពីប្រភពដែលផ្សពផ្សាយដោយបណ្តាញពត៌មានថៃ។

សម្តេចធិបតីបានថ្លែងថា អ្វីដែលជាការចំឡែកនោះ ហើយខុសពីរាល់ដង ប៉ុន្មានថ្ងៃនេះ ដែលព័ត៌មានថៃបានផ្សាយជាសាធារណៈថា ការធ្វើរបងបេតុងជាឯកតភាគីរបស់ថៃនៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ បានធ្វើឲ្យប្រជាពលរដ្ឋថៃចំនួន ៦៦គ្រួសារ ដែលធ្លាប់ធ្វើចំការចំនួន ៨៦៣រ៉ៃ (ស្មើ ១៣៨ ហិកតា) ចូលមកខាងកម្ពុជា មិនអាចបន្តធ្វើបានទៀតនោះទេ បែរជាក្រុមអ្នកនយោបាយខ្មែរក្រៅប្រទេសមួយក្រុមនេះស្ងាត់ឱ្យជ្រាបដូចចោរលួចសេះទៅវិញ។

សម្ដេចថ្លែងថា តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនេះ មានតែមួយគត់ គឺចោទថារដ្ឋាភិបាលខ្មែរធ្វើអោយបាត់ដី (ទោះជាពួកគេ គ្មានឯកសារឬភស្តុតាងអ្វីច្បាស់លាស់ក៏ដោយ) ហើយអ្វីខុសពីហ្នឹង ទោះជាការពិត មានភស្តុតាងនិងឯកសារបញ្ជាក់ច្បាស់យ៉ាងណា គឺពួកគេមិនទទួលស្គាល់ និងមិនហ៊ាននិយាយទេ?

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia