Connect with us

ព័ត៌មាន

សម្តេចធិបតីបញ្ជាក់ជាថ្មីថា គ្មានការកាត់ថវិកាចំណាយសម្រាប់វិស័យអប់រំ និងសុខាភិបាលនោះទេ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ជាថ្មីណា គ្មានការកាត់ថវិកាចំណាយសម្រាប់វិស័យអប់រំ និងសុខាភិបាលនោះទេ គឺថវិកាសម្រាប់វិស័យទាំងពីរនេះមានតែកើនឡើងជាមុនទៅទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA ឆ្នាំសិក្សា២០២៥-២០២៦ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាល មិនមានការកាត់កញ្ចប់ថវិកាវិស័យអប់រំ និងវិស័យសុខាភិបាល យកទៅបំពេញឱ្យតម្រូវការវិស័យការពារជាតិទេ ទោះបីកញ្ចប់វិស័យ​ការពារជាតិត្រូវបានបង្កើនក៏ដោយព្រោះរដ្ឋមានថវិកាគ្រប់គ្រាន់សម្រាប់ចំណាយ។

សម្ដេចធិបតី បានបញ្ជាក់ថា ៤ឆ្នាំមកនេះ ចំណាយថវិកាលើវិស័យអប់រំ និងសុខាភិបាល ដែលហៅថាវិស័យសង្គមកិច្ច មានការកើនឡើងខ្លាំង។ ក្នុងឆ្នាំ២០២៦ ក្នុងកាលៈទេសៈប្រទេសមានសង្គ្រាម និងក្នុងឆ្នាំ២០២៧ទៅមុខ គឺគ្មានការកាត់បន្ថយថវិកាចំណាយសម្រាប់វិស័យទាំងពីរនេះទេ។ ខ្ញុំសុំបញ្ជាក់ម្ដងទៀត ព្រោះធ្លាប់មានការយល់ច្រលំថា រាជរដ្ឋាភិបាលបានកាត់លុយពីវិស័យអប់រំ និងសុខាភិបាល យកទៅឱ្យវិស័យការពារជាតិ។ ជាការពិត ការចរចាថវិកាដែលបានបញ្ចប់កាលពីពេលថ្មីៗនេះ វិស័យការពារជាតិ ក៏កើនដែលជាតម្រូវការចាំបាច់។

ការបញ្ជាក់ជាថ្មីរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនេះ គឺធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានមួយចំ​នួន​ធ្វើការផ្សព្វផ្សាយខុស ដោយបានលើកឡើងថា រាជរដ្ឋាភិបាល នឹងធ្វើការកាត់ចំណាយទៅលើវិស័យអាទិភាពមួយចំនួន ដូចជាវិស័យអប់រំ និងវិស័យសុខាភិបាលយកទៅបង្កើនវិស័យការពារជាតិ។ ចំពោះការលើកឡើងនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏ធ្លាប់បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូ កុំឲ្យមានការព្រួយបារម្ភចំពោះករណីនេះផងដែរ៕អត្ថបទ៖ បាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia