Connect with us

ព័ត៌មាន

សម្ដេចធិបតី ណែនាំឱ្យក្រសួងអប់រំសហការជាមួយក្រសួងពាក់ព័ន្ធពង្រីកម៉ោងសិក្សាដល់៦ម៉ោង

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំជំរុញក្រសួងអ​ប់រំ យុវជន និងកីឡា សហការជាមួយក្រសួងពាក់ព័ន្ធ គប្បីពង្រីកម៉ោងសិក្សាឱ្យដល់៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីលើកកម្ពស់វិស័យអប់រំឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នាព្រឹកថ្ងៃទី២៨ ខែតុលា នេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងអប់រំត្រូវចាត់ចែងដោយត្រូវធ្វើផែនការ ដោយត្រូវពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើយ៉ាងណាពង្រីកម៉ោងសិក្សាបន្ថែមទៀតសម្រាប់សិស្សានុសិស្ស ហើយគម្រោងនេះនឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ ២០២៧ខាងមុខនេះតទៅតែម្តង។

សម្ដេចធិបតី បានបញ្ជាក់ថា ឥឡូវដាក់ទិសដៅ បើមិនទាន់អាចរៀនដល់៨ម៉ោងដូចមុន តែពីពេលនេះទៅ សាលារដ្ឋត្រូវរៀន៦ម៉ោង ដើម្បីឱ្យសិស្សកាន់តែមានឱកាសរៀនបន្ថែមទៀត។ កម្មវិធីសិក្សា មានច្រើនម៉ោង ដល់ពេលរៀនតែ៤ម៉ោង លោកគ្រូអ្នកគ្រូត្រូវកាត់មេរៀនខ្លះ ហើយការបង្រៀនអត់ស៊ីជម្រៅទេ ដូច្នេះយើងត្រូវសាកល្បងថែមពីរម៉ោងល្ងាច ដើម្បីពង្រឹងសិស្ស ពិសេសផ្ដោតលើអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា។ ដូច្នេះខ្ញុំគិតថា យើងត្រូវតែពង្រីកម៉ោងសិក្សា ហើយក្រសួងអប់រំ និងក្រសួងសេដ្ឋកិច្ច ត្រូវសហការគ្នាធ្វើផែនការ។ ការបន្ថែមម៉ោងសិក្សា ក៏ជួយកាត់បន្ថយការបារម្ភរបស់ឪពុកម្ដាយផងដែរ នៅពេលដែលដឹងថាកូននៅក្នុងសាលា។

សម្ដេចធិបតី បានបញ្ជាក់ថា ធនធានមនុស្ស គឺជាអាទិភាពរបស់ប្រទេសជាតិ ព្រោះធនធានមនុស្ស គឺជាគន្លឹះក្នុងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។ ការអភិវឌ្ឍធនធានមនុស្ស គឺឈរលើកត្តា​សំខាន់៣ គឺ៖ ១. សុខភាព, ២. ចំណេះដឹង និងបំនិន និង៣. ជីវភាព (មុខរបរ និងការងារ)។ អត្ថបទ៖ បាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia