Connect with us

ព័ត៌មាន

ឃាត់ខ្លួនមេក្លោង និងបក្ខពួកចំនួន២៩នាក់ ពាក់ព័ន្ធករណី Online Scams នៅខេត្តព្រះសីហនុ

ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

+ វេលាម៉ោង១៣:០០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន៣០នាក់ ដឹកនាំដោយ លោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំរួមដោយ លោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះទៅចំណុចបឹងហ្គាឡូមួយកន្លែង ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ធ្វើការត្រួតពិនិត្យ និងឆែកឆេរ និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន ១៥នាក់ (ស្រី ០១នាក់) ក្នុងនោះ ៖

– ជនជាតិខ្មែរ ចំនួន ០១នាក់ (ស្រី) ម្ចាស់ទីតាំង

– ជនជាតិវៀតណាម ចំនួន ១៤នាក់ (ប្រុស)

+ ពាក់ព័ន្ធករណី៖ ឆបោកតាមប្រព័ន្ធតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។

+ ដកហូតវត្ថុតាងរួមមាន៖

១- កុំព្យូទ័រយួរដៃ ចំនួន ០៣គ្រឿង

២- កុំព្យូទ័រលើតុ ចំនួន ១៧គ្រឿង

៣- ទូរសព្ទដៃ (អនឡាញ) ចំនួន ៥០គ្រឿង

៤- ទូរសព្ទដៃ (ផ្ទាល់ខ្លួន) ចំនួន ១៩គ្រឿង

៥- នាឡិកាដៃ ចំនួន ០៤គ្រឿង

៦- លិខិតឆ្លងដែនជនជាតិវៀតណាម ចំនួន ០៥ច្បាប់

៧- កាតធនាគារ ចំនួន ០៣សន្លឹក

៨- ប័ណ្ណស្នាក់នៅប្រទេសអារ៉ាប់ ចំនួន ០១សន្លឹក

៩- អត្តសញ្ញាណប័ណ្ណជនជាតិវៀតណាម ចំនួន ០២សន្លឹក

១០- ប័ណ្ណបើកបរជនជាតិវៀតណាម ចំនួន ០១សន្លឹក

១១- កាបូបស្ពាយ ចំនួន ០៤

១២- ដុំWI-FI ចំនួន ០១

១៣- សម្ភារៈអេឡិចត្រូនិច (ក្ដាចុច និង ដៃបញ្ជា) មួយចំនួន

១៤- សៀវភៅស្នាក់នៅបណ្ដោះអាសន្ន ចំនួន ០១ច្បាប់

១៥- រថយន្ដ ចំនួន ០២គ្រឿង

-ម៉ាក MAXUS ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2BQ-8314

-ម៉ាក អាល់ផាត ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2BZ-9869

១៦- ប្រាក់ដុល្លារ ចំនួន ៥០,០០០$

១៧- ក្រវិលពណ៌ស ចំនួន ០១គូរ

១៨- ខ្សៃក ពណ៌ទង់ដែង ចំនួន ០១ខ្សៃ។

+ រហូតដល់វេលាម៉ោង២១:៥០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញ បានបន្តចុះទៅចំណុចអាផាតមិន គោមក្រហម ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងបាននាំខ្លួនជនសង្ស័យ ចំនួន ១៤នាក់ (ស្រី ០៣នាក់) ក្នុងនោះ៖

– ជនជាតិចិន ចំនួន ០១នាក់ (ប្រុស) ត្រូវជាមេក្លោង និងជាប្ដីរបស់ជនសង្ស័យ ជនជាតិខ្មែរ ខាងលើ

– ជនជាតិវៀតណាម ចំនួន ១១នាក់ (ស្រី ០២នាក់)

– ជនជាតិខ្មែរ ចំនួន ០២នាក់ (ស្រី ០១នាក់)។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តចាត់ចែងអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia