Connect with us

ព័ត៌មាន

រដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដោយទទួលបានការឧបត្ថម្ភគាំទ្រពីអង្គការសុខភាពពិភពលោក និងVital Strategies, នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ។

ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រី្ត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រី្ត និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន។ បន្តដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តជាបន្តបន្ទាប់។ បច្ចុប្បន្ននេះ យុទ្ធសាស្រ្តបញ្ចកោណក្នុងដំណាក់កាលទី១ ដោយកំណត់ការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពសំខាន់ ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ។ ស្របតាមទិសដៅនេះ ក្រសួងសុខាភិបាល បានដាក់ចេញនូវផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ ដែលនៅក្នុងការត្រួតពិនិត្យផលិតផលថ្នាំជក់ជាយុទ្ធសាស្រ្តដ៏សំខាន់មួយនៅក្នុងការកាត់បន្ថយហានិភ័យ នៃជំងឺមិនឆ្លង និងបានកំណត់គោលដៅទាំងកាត់បន្ថយអត្រា ប្រើប្រាស់ថ្នាំជក់ ក្នុងចំណោមប្រជាជនអាយុ១៨ឆ្នាំ ដល់៦៩ឆ្នាំ ឲ្យបានយ៉ាងតិច៣០% នៅត្រឹមឆ្នាំ២០៣០។ ទន្ទឹមនឹងនេះ ផែនការយុទ្ធសាស្រ្តសុខាភិបាល ឆ្នាំ២០២៥ ដល់ឆ្នាំ២០៣៤ ក៏បានរួមបញ្ចូលការងារត្រួតពិនិត្យផលិតផលថ្នាំជក់ ជាយុទ្ធសាស្រ្តដ៏សំខាន់មួយ នៅក្នុងការបង្ការទប់ស្កាត់ជំងឺមិនឆ្លងផងដែរ។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបន្តថា រហូតមកដល់បច្ចុប្បន្ននេះ ការងារត្រួតពិនិត្យផលិតផលថ្នាំជក់ មានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ តាមរយៈការប្រឹងប្រែងរបស់ក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធទាំងអស់ នៅក្នុងការអនុវត្តន៍ច្បាប់ អនុក្រឹត្យ ប្រកាសនានា ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ការអប់រំ ផ្លាស់ប្តូរឥរិយាបថ ជំរុញសេវាផ្តល់ប្រឹក្សា ការលៈបង់ការប្រើប្រាស់ផលិតផលថ្នាំជក់ជាដើម។ ជាលទ្ធផលអត្រាប្រើប្រាស់ថ្នាំជក់ ក្នុងចំណោមមនុស្សពេញវ័យចាប់ពី១៥ឆ្នាំឡើង និងអត្រាប្រើប្រាស់ថ្នាំជក់ ក្នុងចំណោមវ័យជំទង់ ចាប់ពីអាយុ១៣ឆ្នាំ ទៅ១៥ឆ្នាំ មានការថយចុះជាបន្តបន្ទាប់ ដែលនាំឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំង៨ (កម្ពុជា អូស្រ្តាលី ជប៉ុន គីរីប៉ាទី ឡាវ ណូរ៉ូ ញ៉ូហ្សេលែន និងកូរ៉េខាងត្បូង) នៅតំបន់ប៉ាស៊ីហ្វិកខាងលិច និងសម្រេចបានគោលដៅនៃការកាត់បន្ថយអត្រាប្រើប្រាស់ថ្នាំជក់៣០% នៅក្នុងចន្លោះរវាងឆ្នាំ២០១០ ដល់ឆ្នាំ២០៣០។

ជាថ្មីម្តងទៀត ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រី្ត សូមអំពាវនាវដល់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាជម្រុញការអនុវត្តន៍ការងារត្រួតពិនិត្យផលិតផលថ្នាំជក់ និងការពារប្រជាជនពីផលិតផលប៉ះពាល់ នៃការប្រើប្រាស់ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិចឲ្យមានប្រសិទ្ធភាព ដើម្បីការអភិវឌ្ឍមូលធនមនុស្សប្រកបដោយចីរភាព៕អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia