ព័ត៌មាន
ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចូលរួមវេទិកាសេដ្ឋកិច្ចសរទៈរដូវ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការរួមបញ្ចូលគ្នានៃកត្តាជំរុញកំណើនសេដ្ឋកិច្ចសកលថ្មីៗ» នៅសាធារណរដ្ឋសង្គមនិយមវៀតណាម
ទីក្រុងហូជីមិញ ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ង្វៀង វ៉ាន់ឌឿក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចសរទៈរដូវ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការរួមបញ្ចូលគ្នានៃកត្តាជំរុញកំណើនសេដ្ឋកិច្ចសកលថ្មីៗ” ក្រោមអធិបតីភាពរបស់ឯកឧត្តម ឡេ មិញហឿង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ពីទីក្រុងហូជីមិញ លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា វេទិកាសេដ្ឋកិច្ចអន្តរជាតិដ៏មានសារៈសំខាន់មួយនេះ មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ វិនិយោគិន ធុរជន និងពាណិជ្ជករជុំវិញសកលលោក ដើម្បីជួបជុំគ្នាពិភាក្សា និងចូលរួមចែករំលែកនូវគំនិតទស្សនវិស័យ យុទ្ធសាស្ត្រ បញ្ហាប្រឈម និងដំណោះស្រាយ សំដៅតម្រង់ទិស និងការជំរុញកំណើន សេដ្ឋកិច្ចទាំងនៅក្នុងតំបន់ និងនៅលើសកលលោកនាពេលអនាគតប្រកបដោយភាពធន់ និងចីរភាព។ ក្នុងព្រឹត្តការណ៍ដ៏ធំ និងមានសារៈសំខាន់នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏ត្រូវបានផ្តល់កិត្តិយសអញ្ជើញឱ្យឡើងថ្លែងចំណាប់អារម្មណ៍ក្នុងនាមរាជធានីភ្នំពេញ រួមជាមួយបណ្តាថ្នាក់ដឹកនាំបរទេសសំខាន់ៗមួយចំនួនទៀត។ ក្នុងចំណាប់អារម្មណ៍នេះ ឯកឧត្តមអភិបាលបានថ្លែងនូវការអបអរសាទរចំពោះទីក្រុងហូជីមីញ ចំពោះគំនិតផ្តួចផ្តើម និងការរៀបចំនូវវេទិកាសេដ្ឋកិច្ចអន្តរជាតិដ៏មានសារៈសំខាន់មួយនេះ និងបានអនុញ្ញាតឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់ វិនិយោគិន ធុរជន និងពាណិជ្ជករជុំវិញសកលលោកបានជួបជុំគ្នាពិភាក្សា និងចូលរួមគំនិតយោបល់នាពេលនេះ។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបន្ថែមថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តមអភិបាលបានចែករំលែកជូនវេទិកាដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការត្រៀមលក្ខណៈរួចជាស្រេចក្នុងការឆ្ពោះទៅកាន់ការកសាងសេដ្ឋកិច្ចកម្ពុជាប្រកបដោយភាពធន់ មានភាពបត់បែន និងស្របតាមបរិបទសេដ្ឋកិច្ចសកល តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានផ្តោតសំខាន់លើការពន្លឿនការធ្វើឌីជីថលូបនីយកម្ម ការជំរុញ និងអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត ការពង្រឹងការស្រាវជ្រាវ និងការអភិវឌ្ឍ ការលើកកម្ពស់សេដ្ឋកិច្ចបៃតង ដោយធានាឲ្យបាននូវភាពស៊ីសង្វាក់ក្នុងផែនការអភិវឌ្ឍជាតិ ប្រកបដោយចីរភាព ការពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញ ការធ្វើទំនើបកម្មឧស្សាហកម្ម និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក្នុងគោលដៅឈានឆ្ពោះទៅសម្រេចបានផែនការអភិវឌ្ឍរយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននៅក្នុងឆ្នាំ២០៥០។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបន្ថែមថា ឱកាសនោះឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានជម្រាបជូនវេទិកាពីដំណើរឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ និងផែនការអភិវឌ្ឍខាងលើ គឺពុំអាចកាត់ផ្តាច់ចេញបានទេនូវកិច្ចសហប្រតិបត្តិការដ៏រឹងមាំពីសំណាក់បណ្តាប្រទេស និងដៃគូអភិវឌ្ឍអន្តរជាតិទាំងអស់ ទាំងនៅក្នុងតំបន់ និងនៅលើសកលលោក តាមរយៈការសហការគ្នាក្នុងការពង្រឹងការតភ្ជាប់ប្រព័ន្ធឌីជីថលឆ្លងដែន ការកំណត់ស្តង់ដាររួម និងការលើកកម្ពស់ការវិនិយោគបៃតង ព្រមទាំងការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពន្លឿនកំណើនឧស្សាហកម្មប្រកបដោយចីរភាព។ ក្នុងន័យនេះ រាជធានីភ្នំពេញដែលជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលនៃព្រះរាជាណាចក្រកម្ពុជា បានត្រៀមខ្លួនក្នុងការចូលរួមគាំទ្រ និងសហការជាមួយបណ្តាទីក្រុង ដៃគូអភិវឌ្ឍ និងវិស័យឯកជនទាំងអស់ក្នុងការប្រែក្លាយនូវគោលនយោបាយ យុទ្ធសាស្ត្រ និងចក្ខុវិស័យខាងលើឲ្យក្លាយជាសកម្មភាពពិតសំដៅចូលរួមចំណែកជំរុញការអភិវឌ្ឍទាំងនៅកម្រិតទីក្រុង និងនៅកម្រិតថា្នក់ជាតិឲ្យឈានឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស និងទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ សំដៅសម្រេចបានរួមគ្នានូវអនាគតពិភពលោកមួយ ប្រកបដោយភាពធន់ ច្នៃប្រឌិត ទំនើប បៃតង និងមានភាពឆ្លាតវៃ ជាពិសេសគឺធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា




-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា