ព័ត៌មាន
កម្ពុជា-ព្រីតថេន ពង្រឹងភាពជាដៃគូ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជា
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយលោក Peter Rajadiston អគ្គទីប្រឹក្សាព្រីតថេន ទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍ប្រចាំអាស៊ាន ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។
ក្នុងជំនួបនោះ តាងនាមឱ្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនព្រីតថេន ដែលបានផ្តល់ការគាំទ្រដល់វិស័យសកម្មភាពមីនកម្ពុជា អស់រយៈពេលជាងបីទសវត្សរ៍។ ឯកឧត្តម លី ធុជ ក៏បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ព្រីតថេនសម្រាប់សកម្មភាពមីនសាកល ក្នុងក្របខណ្ឌអនុសញ្ញាអូតាវ៉ា។ ជាពិសេស ការគាំទ្រដល់កម្ពុជាក្នុងការធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា កម្ពុជាសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីជាង ៣.៥០០ គីឡូម៉ែត្រការ៉េ បំផ្លាញមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៤ លានគ្រាប់ និងកាត់បន្ថយចំនួនជនរងគ្រោះប្រចាំឆ្នាំយ៉ាងច្រើន ដែលសមិទ្ធផលទាំងនេះ គឺជាផ្នែកមួយនៃការរួមចំណែករបស់ប្រទេសព្រីតថេន។
ពាក់ព័ន្ធនឹងសកម្មភាពមីនសាកល ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តគាំទ្រប្រទេសដែលរងផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ តាមរយៈការចែករំលែកបទពិសោធន៍ និងជំនាញ ព្រមទាំងជំរុញការអនុវត្តគោលដៅអនុសញ្ញាអូតាវ៉ា។ ទន្ទឹមនឹងនេះ កម្ពុជាត្រូវការភាពជាដៃគូរឹងមាំ និងការគាំទ្រជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ផងដែរ។
ជាការឆ្លើយតប លោក Peter Rajadiston បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងព្រីតថេន ដោយបញ្ជាក់ថា ព្រីតថេន នៅតែជាដៃគូដ៏រឹងមាំរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីនមនុស្សធម៌។ លោកក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមលើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងគាំទ្រការអនុវត្តគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥។








-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា