Connect with us

ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ IMF អំពី​បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យានៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន​គណៈ​កម្មាធិ​ការ​សម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និង​ហិរញ្ញប្ប​ទាន​ដល់​ការរីកសាយភាយអាវុធមហាប្រល័យ បានអនុញ្ញាតឱ្យលោក Kenichiro Kashiwase ប្រធាន​ក្រុមបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ និង​ធ្វើ​ការណែនាំលោក Julio Bacio Terracino ទីប្រឹក្សាតំបន់របស់ IMF ទទួលបន្ទុក​ការ​ប្រឆាំង​ការ​សម្អាតប្រាក់ និងការប្រឆាំងហិរញ្ញប្បទានភេរវកម្មសម្រាប់តំបន់អាស៊ី និង​ប៉ាស៊ីហ្វិក​នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ២០២៦។

នៅក្នុងជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លោក Kenichiro Kashiwase និងលោក Julio Bacio Terracino បានពិភាក្សាគ្នាអំពីបញ្ហាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា (Online Scam), កិច្ចការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននេះ និងកិច្ចការងារប្រឆាំងការសម្អាតប្រាក់ដែលកើតចេញពីឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសរំលេចអំពីស្ថានភាពនៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា (Online Scam) កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ព្រមទាំងសមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងការអនុវត្តយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពុំមែនមានតែនៅកម្ពុជាមួយនោះ ប៉ុន្តែក៏មាននៅក្នុងបណ្តាប្រទេសនានានៅក្នុងតំបន់ និងសកលលោកផងដែរ ហើយកម្ពុជាក៏ជាប្រទេសរងគ្រោះដោយសារឧក្រិដ្ឋកម្មនេះ។ ឧក្រិដ្ឋកម្មនេះក៏បានបំផ្លាញនូវមុខមាត់, និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ ឧក្រិដ្ឋជនបានប្រើប្រាស់កម្ពុជាជាទីកន្លែងដើម្បីធ្វើការឆបោកទាំងប្រជាជនកម្ពុជា និងប្រជាជននៅតាមបណ្តាប្រទេសផ្សេងៗ។ ទន្ទឹមនេះ, ផលនៃបទល្មើសដែលឧក្រិដ្ឋជនទទួលបានពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបំប្លែងជាទម្រង់ទ្រព្យសកម្មនិម្មិត (គ្រីបតូ) ហើយភាគច្រើនលើលលប់នៃទ្រព្យនេះត្រូវបានផ្ទេរចេញពីកម្ពុជាទៅកាន់បណ្តាប្រទេសនានា។ ដូច្នេះ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរួមពីគ្រប់បណ្តាប្រទេស និងតួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ។ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តផ្តល់កិច្ចសហការជាមួយតួអង្គពាក់ព័ន្ធទាំងអស់។

ឆ្លៀតក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការថ្លែងអំណរគុណជូនចំពោះ IMF ដែលបានផ្តល់កិច្ចគាំទ្រដល់កម្ពុជាក្នុងការរៀបចំយុទ្ធសាស្ត្រជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មសម្រាប់ឆ្នាំ២០១៩-២០២៣ កន្លងទៅ និងការរៀបចំច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាបានបញ្ចប់ការរៀបចំរបាយការណ៍ស្តីពីការវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម លើកទី២ (NRA II) ដែលរបាយការណ៍នេះនឹងត្រូវបច្ចុប្បន្នភាពដោយបញ្ចូលនូវការវាយតម្លៃអំពីហានិភ័យពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឱ្យរបាយការណ៍វាយតម្លៃហានិភ័យនេះឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែងរបស់កម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនអំពីវឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យរបស់កម្ពុជាផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យ IMF បន្តជួយកម្ពុជាលើកិច្ចការងារបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ ជាពិសេសលើការស៊ើបអង្កេតហិរញ្ញវត្ថុ, ការប្រមូលមកវិញនូវទ្រព្យដែលជាផលនៃបទល្មើស និងបញ្ហាទ្រព្យសកម្មនិម្មិត។

ជាការឆ្លើយតប, លោក Kenichiro Kashiwase បានសម្តែងការថ្លែងអំណរគុណជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចំពោះការចែករំលែកព័ត៌មាន និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ លោក Kenichiro Kashiwase ក៏បានសម្តែងការឯកភាពផងដែរថាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរួមពីដៃគូរពាក់ព័ន្ធផ្សេងៗ។ លោក Kenichiro Kashiwase ក៏បានយល់ព្រមទទួលយកសំណើរបស់កម្ពុជា ហើយក្រុមការងារនឹងបន្តពិភាក្សាគ្នាបន្ថែមលើផ្នែកបច្ចេកទេស។

ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោក Kenichiro Kashiwase បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តបន្តទំនាក់ទំនងយ៉ាងជិតស្និត និងកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និង IMF៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia