Connect with us

ព័ត៌មាន

សមត្ថកិច្ចកម្ពុជា និងអាមេរិកសហការបង្ក្រាបទូកនេសាទដឹកជញ្ជូនគ្រឿងញៀនជិត ១តោន និងចាប់ខ្លួនមនុស្សចំនួន ៨ នាក់

ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជាសហការជាមួយ រដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក(DEA) បង្រាបករណីដឹកជញ្ជូនឆ្លងដែនខុសច្បាប់ពីកំពង់ផែកោះកុងទៅកាន់នាវានានានៅក្នុងដែនទឹកអន្តរជាតិ ចាប់ខ្លួនមនុស្សចំនួន ៨នាក់ និងការរឹបអូសថ្នាំញៀនមេតំហ្វេតាមីនជិត ១តោន។

ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុងបានប្រាប់ BTV នៅរសៀលថ្ងៃទី២៨ ខែតុលា នេះថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ២:១៥នាទីទាបភ្លឺ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន, កម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា, កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានសហការណ៍ជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពី លោកជំទាវព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានចុះបង្រាបបទល្មើសជាក់ស្តែងក្នុងករណីដឹកជញ្ជូនឆ្លងដែនខុសច្បាប់នូវសារធាតុញៀន ០១ករណី ចំនួន ០២គោលដៅ ស្ថិតនៅក្នុងភូមិ-ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងនោះ ៖

-គោលដៅទី១ នៅលើទូក ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ប្រុស មាន ០២សញ្ជាតិ (ឡាវ ០១នាក់ និងខ្មែរ ០៤នាក់) ក្នុងនោះដែរក៏បានឃាត់មនុស្សចំនួន ០៤នាក់ ស្រី ០២នាក់ ជនជាតិខ្មែរ ដែលពួកគាត់បានស្ថិតនៅក្នុងបរិវេណរង្វង់ប្រតិបត្តិការ របស់កម្លាំងជំនាញ និងដកហូតវត្ថុតាង គ្រឿងញៀនចំនួន ១៨បាវ។

-គោលដៅទី២ នៅចំណុចតូបលក់អីវ៉ាន់ នៅមុខវត្តប៉ាក់ខ្លង ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ស្រី ០១នាក់(ជនជាតិខ្មែរ) និងដកហូតវត្ថុតាង គ្រឿងញៀនចំនួន ២១បាវ។

ស្នងការនគរបាលខេត្តកោះកុងបានបន្តថា លទ្ធផលបង្ក្រាបរួម ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៨នាក់ ស្រី ០១នាក់ មាន ០២សញ្ជាតិ (ឡាវ ០១នាក់ប្រុស និង ខ្មែរ ០៧នាក់-ស្រី ០១នាក់) ។ចំណែកមនុស្សចំនួន ០៤នាក់ ស្រី ០២នាក់ (ជនជាតិខ្មែរ) ដែលពួកគាត់បានស្ថិតនៅក្នុងបរិវេណ រង្វង់ប្រតិបត្តិការរបស់កម្លាំងជំនាញនិងសមត្ថកិច្ចកំពុងធ្វើការសាកសួរបំភ្លឺ។

ដកហូតវត្ថុតាងរួម ៖ គ្រឿងញៀនចំនួន ៣៩បាវ បានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង រង់ចាំកម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន មកពិនិត្យធ្វើតេស្ត ដើម្បីបញ្ជាក់ពីចំនួន និង ប្រភេទនៃគ្រឿងញៀន។

ស្ថានទូតអាម៉េរិកប្រចាំកម្ពុជាបានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦

រដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក(DEA) បានសហការជាមួយនគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា (ADP) និងនគរបាលខេត្តកោះកុង ដើម្បីបញ្ឈប់ទូកនេសាទដែលសង្ស័យថាបានដឹកជញ្ជូនគ្រឿងញៀនពីកំពង់ផែកោះកុងទៅកាន់នាវានានានៅក្នុងដែនទឹកអន្តរជាតិ។ ប្រតិបត្តិការនេះបាននាំឱ្យមានការចាប់ខ្លួនមនុស្សចំនួន ៨ នាក់ និងការរឹបអូសថ្នាំញៀនមេតំហ្វេតាមីនជិត ៩៧៩ គីឡូក្រាម។ គ្រឿងញៀនទាំងនេះនឹងមិនអាចទៅដល់សហគមន៍នៅសហរដ្ឋអាមេរិក កម្ពុជា ឬសហគមន៍ណាមួយផ្សេងទៀតបានឡើយ។ នេះបើយោង ស្ថានទូតអាម៉េរិកបានបន្តថា បណ្តាញឧក្រិដ្ឋជនប្រើប្រាស់ប្រទេសកម្ពុជាជាប្រទេសឆ្លងកាត់សម្រាប់ការដឹកជញ្ជូនគ្រឿងញៀន ហើយ DEA នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រអាជ្ញាធរកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋជនទាំងនេះ។ សហរដ្ឋអាមេរិកមានមោទនភាពក្នុងការឈរនៅជាមួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងបណ្តាញឧក្រិដ្ឋជនដែលគំរាមកំហែងដល់សុវត្ថិភាព និងសុខភាពរបស់ប្រជាជនយើង៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia