Connect with us

ព័ត៌មាន

វេទិកាថ្នាក់ជាតិស្ដីពីហិរញ្ញប្បទានសម្រាប់ MSMEs ជំរុញយន្តការផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស

កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ វេទិកាថ្នាក់ជាតិស្តីពី ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុនមីក្រូ តូច និងមធ្យម (MSMEs) លើកទី១ MSMEs ក្រោមប្រធានបទ «លទ្ធភាព​ទទួលបានហិរញ្ញប្បទានរបស់ MSMEs» បានបិទបញ្ចប់ដោយជោគជ័យ។ ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ បានក្លាយជាវេទិកាដ៏មានសារៈសំខាន់ក្នុងការស្វែងរកដំណោះស្រាយ និងយុទ្ធសាស្ត្ររួម ដើម្បីគាំទ្រដល់ការរីកចម្រើននៃវិស័យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។

នៅក្នុងពិធីបិទវេទិកាថ្នាក់ជាតិនេះ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះស្មារតីបុរេសកម្មរបស់គ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ និយ័តករ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងតំណាងសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលបានរួមគ្នាពិភាក្សាយ៉ាងផុសផុល។ កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងការប្រែប្រួលឥតឈប់ឈរនៃសេដ្ឋកិច្ច និងតម្រូវការទុនពិតប្រាកដរបស់សហគ្រាសក្នុងស្រុក។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងដោយសង្កត់ធ្ងន់ទៅលើការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» កាលពីថ្ងៃទី២២ ខែតុលាកន្លងទៅ ដែលជាកម្លាំងចលករដ៏រឹងមាំសម្រាប់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈយុទ្ធសាស្ត្រគន្លឹះចំនួន៤ រួមមាន ការកែលម្អបរិស្ថានធុរកិច្ច ការលើកកម្ពស់ផលិតកម្មនិងបច្ចេកវិទ្យា ការបង្កើនសមត្ថភាពប្រកួតប្រជែងទីផ្សារ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។

នៅក្នុងឱកាសដដែលនេះ ឯកឧត្តម សុខ ចិន្តាសោភា បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ធ្វើការរួមគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីបំប្លែងកិច្ចសម្របសម្រួលទៅជា «សហថាមពល» និងបង្កើតលទ្ធផលជាក់ស្តែង។ វេទិកាថ្នាក់ជាតិនេះ នឹងត្រូវបន្តរៀបចំនៅពេលក្រោយៗទៀត ដោយមិនគ្រាន់តែជួបជុំគ្នាដើម្បីពិភាក្សានោះទេ ប៉ុន្តែដើម្បីរាយការណ៍អំពីសមិទ្ធផលពិតប្រាកដ ក្នុងគោលដៅជំរុញឱ្យសហគ្រាសរីកចម្រើន បង្កើតការងារ និងកសាងសេដ្ឋកិច្ចកម្ពុជាប្រកបដោយភាពធន់ និងបរិយាបន្ន។

ជាការកត់សម្គាល់ តាមរយៈសេចក្តីបិទបញ្ចប់នៃវេទិកាថ្នាក់ជាតិលើកទី១នេះ មិនត្រឹមតែជាការបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់សហគ្រាសក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណុចចាប់ផ្តើមនៃការវាស់វែងលទ្ធផលជាក់ស្តែងនាពេលខាងមុខផងដែរ។ តាមរយៈកិច្ចសហការយ៉ាងស្អិតល្មួតរវាងរដ្ឋ ឯកជន និងគ្រឹះស្ថានហិរញ្ញវត្ថុ ធុរកិច្ចជនត្រូវបានរំពឹងថា នឹងក្លាយជាគន្លឹះដ៏សំខាន់ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យនៃយុទ្ធសាស្ត្រជាតិឆ្នាំ២០២៦-២០៣០ សំដៅប្រែក្លាយវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ឱ្យទៅជាកម្លាំងចលករដ៏រឹងមាំសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងបរិយាបន្ន៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia