Connect with us

ព័ត៌មាន

អ្នកដំណើរ​លើនាវាទេសចរណ៍ Odyssey ឈប់សំចតនៅកម្ពុជាដើម្បីបន្តដំណើរតាមផ្លូវផ្សេង​ ក្រោយនាវាអស់ថវិកា​ដោយសារ​តម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់​ ​

ភ្នំពេញ៖ ភ្ញៀសទេសចរណ៍បរទេស​រាប់រយនាក់ដែលរស់នៅអចិន្ត្រៃយ៍នៅលើនាវាទេសចរណ៍មួយគ្រឿង​ ត្រូវបានចុះពីលើនាវាមួយគ្រឿងឈ្មោះ ឈ្មោះ Villa Vie Odyssey ក្នុងប្រទេសកម្ពុជានៅ​សប្តាហ៍នេះ បន្ទាប់ពីប្រតិបត្តិករនាវាបានឱ្យដឹងថា ការឡើងថ្លៃប្រេងឥន្ធនៈដែលបណ្តាលមកពីសង្គ្រាមនៅអ៊ីរ៉ង់ បានធ្វើឱ្យដំណើរការនាវានេះមានតម្លៃថ្លៃហួសហេតុ ហើយ​​ក្រុម​ហ៊ុន​អស់​ថវិការដើម្បី​ដំណើរ​ការ​ដូច្នេះ​ភ្ញៀសទេសចរទាំងអស់ត្រូវចុះនៅប្រទេស​កម្ពុជា​ដើម្បីបន្តដំណើររបស់ខ្លួន​។

ជាក់ស្ដែង​នៅវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២៩ តុលា​ ឆ្នាំ​២០២៦នេះ​ ឯកឧត្តម​ ហួត​ ហាក់​ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​ បាន​អញ្ជើញចុះពិនិត្យ​លើ​នាវា​ទេស​ចរណ៍​ខ្នាតយក្ស​ដែលនាំភ្ញៀវ​ទេសចរចម្រុះជាតិសាសន៍ចូលសំចតនៅកំពង់ផែស្វយ័ត ខេត្តព្រះសីហនុនេះ។ ចំណែកភ្ញៀវទេសចរដែល​​ចុះ​ពីលើនាវា បាន​ទៅសម្រាកនៅសណ្ឋាគារឯករាជ្យ ដែលរៀបចំទទួលដោយរដ្ឋបាលខេត្តព្រះសីហនុ។

នាវាឈ្មោះ Villa Vie Odyssey បានធ្វើដំណើរជុំវិញពិភពលោកអស់រយៈពេលយ៉ាងហោចណាស់ ៧៥៥ ថ្ងៃ ដោយវាគឺជាផ្នែកមួយនៃនាវាមួយចំនួន​​តូច​​ប៉ុណ្ណោះ ដែលផ្តល់ឱកាសឱ្យអ្នកដំណើរអាចជួល ឬទិញកន្លែងស្នាក់នៅរយៈពេលវែង ឬសូម្បីតែការស្នាក់នៅអចិន្ត្រៃយ៍នៅលើនាវានោះ​។

កាលពីថ្ងៃអង្គារ ម្ចាស់​ក្រុមហ៊ុននាវា​អាមេរិក Villa Vie Residences បានប្រកាសផ្អាកប្រតិបត្តិការ និងឱ្យអ្នកដំណើរទាំងនោះចុះពីលើនាវានៅក្រុងព្រះសីហនុរបស់​​ប្រទេសកម្ពុជា ខណៈក្រុមហ៊ុនកំពុងស្វែងរកកន្លែងស្នាក់នៅបណ្តោះអាសន្នជូនពួកគេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Villa Vie Residences បានបញ្ជាក់ថា ជាធម្មតាការចំណាយលើប្រេងឥន្ធនៈប្រចាំខែគឺមានតម្លៃប្រហែល ១.៨០០ ដុល្លារក្នុងមួយបន្ទប់ ប៉ុន្តែថ្មីៗនេះ តម្លៃបានកើនឡើងដល់ប្រហែល ៦.០០០ ទៅ ៨.០០០ ដុល្លារ នៅក្នុងតំបន់ខ្លះ​នៃ​​ទ្វីប​អាស៊ី។ក្រុមហ៊ុនបានលើកឡើងថា ​ខ្លួន​​​មិនអាចទម្លាក់បន្ទុកនៃការឡើងថ្លៃ​នេះទៅលើអ្នកដំណើរ​បានទេ​ ទើបបណ្ដាល​ឲ្យការខ្វះខាតនេះ​ប៉ះពាល់ដល់​​ប្រតិបត្តិការ​បច្ចុប្បន្ន​ក្រោមសម្ពាធហិរញ្ញវត្ថុដែលមិនអាចទ្រាំទ្រង់បាន។​

ក្រុមហ៊ុន Villa Vie Residences ពុំ​​​បានឆ្លើយតបភ្លាមៗចំពោះសំណួរនានានោះទេ។ នាវា Odyssey នេះអាចផ្ទុកមនុស្សបាន ៦៥០ នាក់ ប៉ុន្តែបន្ទប់នានារបស់នាវា​នេះ​ រួមទាំងបន្ទប់ប្រភេទ «villa suites» ដែលមានតម្លៃ ៤៤០.០០០ ដុល្លារនោះ គឺនៅមិនទាន់មានអ្នកទិញពេញទាំងអស់នៅឡើយទេ។ ចំណែកឯបន្ទប់ប្រភេទ «villa» ដែលស្ថិតនៅផ្នែកខាងក្នុងនៃនាវាវិញ មានតម្លៃ ១២០.០០០ ដុល្លារ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា នាវានេះបានមកពីប្រទេសថៃ ហើយចូលចតនៅក្រុងព្រះសីហនុកាលពីថ្ងៃទី២៣ ខែតុលា។ លើនាវាមានអ្នកដំណើរ២០៣នាក់ និងនាវិក១៥៦នាក់។ តាមគម្រោង នាវានឹងបន្តដំណើរទៅវៀតណាម ប៉ុន្តែអ្នកដំណើរបែរជាទទួលបានពេលត្រឹមតែ៧ម៉ោងប៉ុណ្ណោះ ដើម្បីរៀបចំ​អីវ៉ាន់ចុះពីនាវានេះទៅវិញ​៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia