Connect with us

ព័ត៌មាន

អ្នកវិភាគ៖ ការគ្រងរាជ្យសម្បត្តិរបស់ព្រះបាទនរោត្តមសីហមុនីបានបន្តធានាឯកភាពជាតិ

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ គឺគម្រប់ខួប ២២ព្រះវស្សា (២៩ តុលា ២០០៤-២៩-តុលា ២០២៦) ដែលព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡើងគ្រងព្រះបរមរាជសម្បត្តិ។ ជាមួយគ្នានេះ អ្នកវិភាគ និងប្រជាពលរដ្ឋ យល់ឃើញថា ការគ្រងរាជសម្បត្តិរបស់ព្រះអង្គ បានបន្តធានាឯកភាពជាតិ និងជាព្រះមហាក្សត្រមានទសពិធរាជធម៌​​​។​

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ មានប្រសាសន៍ប្រាប់BTVថា តាមការកត់សំគាល់ ក្នុងរយៈពេល២២ ព្រះវស្សា ព្រះករុណា ព្រះបាទ នរោត្តមសីហមុនី ឡើងគ្រងព្រះបរមរាជសម្បត្តិ នៃព្រះរាជាណាចក្រកម្ពុជា គឺព្រះអង្គបានប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញានៃព្រះរាជាណាចក្រម្ពុជា និងបានបន្តធានាឯកភាពជាតិរហូតដល់​​បច្ចុប្បន្ននេះធ្វើឲ្យប្រទេសជាតិមានស្ថេរភាព។ និងម្យ៉ាងវិញទៀត ព្រះអង្គនៅតែធានាអព្យាក្រឹត្យមិនលំ​​​​អៀងចំពោះគណបក្សន​​យោ​​បាយណាមួយនោះឡើយ។

ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានលើកឡើងដែរថា ក្នុងនាមប្រជាពលរដ្ឋខ្មែរ គឺពេញចិ​​ត្តជាខ្លាំ​​​ង ក្នុងរយៈពេល២២ព្រះវស្សា ដែ​​ល​​ព្រះ​​​ករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បានឡើងគ្រងរាជសម្បត្តិ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គមានបញ្ញាញាណដ៏ឈ្លាសវៃ ដឹកនាំព្រះរាជកិច្ច និងព្រះរាជបេសកកម្មដ៏ថ្លៃថ្លាចំពោះជាតិមាតុភូមិ និងប្រជានុរាស្ត។ក្រៅពីនេះ ពលរដ្ឋទាំងនោះ ក៏បានបួងសួងសូមឲ្យព្រះករុណាជាអម្ចាស់ ទ្រង់ប្រកបដោយ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណឈ្លាសវៃ និងព្រះជន្មាយុយឺនយូរជាងរយ ព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ ក្នុងព្រះបរមរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជំ សុខដុមរមនារបស់មាតុភូមិកម្ពុជា និងប្រជារាស្ត្រខ្មែរគ្រប់រូបត​រៀ​​ង​​​​ទៅ។

គួររម្លឹកដែរថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានជ្រើសតាំងឱ្យឡើងសោយរាជ្យ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ក្រោយពីការដាក់រាជ្យរបស់ព្រះបរមរតនកោដ្ឋ សម្តេច ព្រះនរោត្តម សីហនុ ព្រះបិតារបស់ព្រះអង្គ។ បន្ទាប់មកនៅថ្ងៃទី២៩ ខែតុលា ក្នុងឆ្នាំដដែល ព្រះអង្គបានគ្រងរាជសម្បត្តិជាផ្លូវការ។ ក្នុងរយៈពេលនៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះអង្គ បានយកព្រះទ័យទុកដាក់ខ្ពស់បំផុតក្នុងការបំពេញព្រះរាជកិច្ចតាមរដ្ឋធម្មនុញ្ញ ក្នុងការបម្រើសាសនា វិស័យមនុស្សធម៌ វិស័យអប់រំ សង្គមកិច្ច សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជារាស្ត្រនៅទូទាំងប្រទេស៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia