Connect with us

ព័ត៌មាន

អាជ្ញាធរខេត្តរៀបចំពិធីថ្វាយព្រះពរព្រះមហាក្សត្រ ខួបលើកទី២២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ

អាជ្ញាធរខេត្ត បានរៀបចំពិធីថ្វាយព្រះពរព្រះមហាក្សត្រ នាឱកាសខួបលើកទី២២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

ថ្នាក់ដឹកនាំខេត្តកំពត និងបាត់ដំបង បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជានុរាស្ត្រ ប្រារព្ធពិធីអបអរសាទរខួបលើកទី២២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តែងនូវកតញ្ញូតាធម៌ និងថ្វាយព្រះពរជ័យសិរីមង្គលថ្វាយព្រះអង្គ សូមទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រខ្មែរជានិរន្តរ៍។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជានុរាស្ត្រ បានសម្តែងនូវមនោសញ្ចេតនាគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលបានយាងគ្រងព្រះបរមសិរីរាជសម្បត្តិចាប់តាំងពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ មក។ ព្រះរាជពិធីនេះក៏ជាឱកាសមួយសម្រាប់ប្រជានុរាស្ត្រខ្មែរបង្ហាញនូវមនោសញ្ចេតនាស្មោះស្ម័គ្រ និងកតញ្ញូតាធម៌ចំពោះព្រះមហាក្សត្រ ដែលជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ អ្នកចូលរួមបានរួមគ្នាថ្វាយព្រះពរជ័យសិរីមង្គល សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ និងសូមព្រះអង្គទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រខ្មែរគ្រប់រូបតរៀងទៅ។

យោងតាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាជាប្រទេស រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រមានតួនាទីសំខាន់ណាស់ ចំពោះរចនាសម្ព័ន្ធរដ្ឋកម្ពុជា ក្នុងនាមជាប្រមុខរដ្ឋ និងជានិមិត្តរូបនៃឯកភាពជាតិ ធានាឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ដើរតួនាទីជាអាជ្ញាកណ្តាលកំពូលក្នុងកិច្ចការរដ្ឋ និងជាអ្នកធានាតាមរដ្ឋធម្មនុញ្ញចំពោះគោលការណ៍សំខាន់ៗរបស់ជាតិ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គតែងតែយកព្រះទ័យទុកដាក់អស់ពីកម្លាំងព្រះកាយពល ព្រះបញ្ញាញាណ ក្នុងការបំពេញព្រះរាជកិច្ចប្រកបដោយព្រះគុណធម៌ ព្រះព្រហ្មវិហារធម៌ និងព្រះទសពិធរាជធម៌ដ៏ឧត្តុង្គឧត្តមថ្លៃថ្លាបំផុត ព្រមទាំងជាព្រះរាជមគ្គទេសក៍ពេញដោយព្រះគតិបណ្ឌិតឈ្លាសវៃបំផុត ក្នុងវិស័យសាសនា អប់រំសិក្សាធិការ សង្គមកិច្ច សុខុមាលភាព និងកិច្ចការ បរទេសធ្វើឱ្យប្រទេសជាតិមានភាពរុងរឿងរីកចម្រើនជឿនលឿនលើគ្រប់វិស័យប្រកបដោយសុខសន្តិភាព និងភាពសុខដុមរមនា ព្រមទាំងបានលើកកម្ពស់កិត្យានុភាពជាតិឱ្យមានភាពល្បីល្បាញលើសកលលោក៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia