Connect with us

ព័ត៌មាន

មន្រ្ដីជាន់ខ្ពស់​អគ្គស្នងការនគរបាលជាតិចុះត្រួតពិនិត្យការហាត់សមក្បួនការពារថ្នាក់ដឹកនាំអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦

ភ្នំពេញ ៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស និងជាអនុប្រធានអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានអញ្ចើញចុះត្រួតពិនិត្យការហាត់សមក្បួនការពារថ្នាក់ដឹកនាំរួមគ្នារវាង មន្ត្រីការពារផ្ទាល់ SO នៃអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ) របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងមន្ត្រីទំនាក់ទំនង LO នៃអនុគណ:កម្មការទី២ (ពិធីការ នឹងបដិសណ្ឋារកិច្ច) ទៅ-មកអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រប់គោលដៅស្នាក់នៅរបស់គណ:ប្រតិភូ កន្លែងប្រារព្វសន្និសីតថ្នាក់រដ្ឋមន្ត្រី នឹងកន្លែងប្រារព្វកិច្ចប្រជុំកំពូល ព្រមទាំងបានអនុវត្តន៍សមជាក់ស្ដែងអំពីលំហូរនៃរបៀបវីរ: នៃសន្និសីតថ្នាក់រដ្ឋមន្ត្រី នឹងកិច្ចប្រជុំកំពូលផងដែរ ។

គួរបញ្ជាក់ថា ដើម្បីធានាសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងឱកាសប្រារព្វកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦នេះ នាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការហ្វឹកហាត់សមក្បួនរថយន្តការពារថ្នាក់ដឹកនាំ ចំនួន ០៤ លើក (ក្នងនោះ ហាត់សមពេលថ្ងៃចំនួន ០៣ លើក នឹងពេលយប់ ចំនួន ០១ លើក) នឹងបានសហការហ្វឹកហាត់រួមជាមួយអនុគណ:កម្មការទី២ (ពិធីការ នឹងបដិសណ្ឋារកិច្ច) ចំនួន ០៣ លើកផងដែរ។

សូមជម្រាបថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ គឺជាព្រឹត្តិការណ៍ដែលមានវិសាលភាពធំជាងកិច្ចប្រជុំមុនៗ ដោយមានប្រទេសចូលរួមជាសមាជិកចំនួន ៩០ប្រទេស និងប្រទេសសមាជិកពេញសិទ្ធិមានចំនួន ៥៣ប្រទេស ប្រទេសមិនពេញសិទ្ធិ ៥ប្រទេស និងសង្កេតការណ៍៣២ប្រទេស។ ហើយអគ្គស្នងការនគរបាលជាតិ បានកសាង ផែនការការពារច្បាស់លាស់ដោយប្រើប្រាស់កម្លាំងជិត ២ម៉ឺននាក់ ដែលមាន ៣០ស្ថាប័នអង្គភាពចូលរួម ដើម្បីការការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល រដ្ឋាភិបាល និងថ្នាក់ដឹកនាំបរទេស ដែលនឹងអញ្ជើញមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia