ព័ត៌មាន
ស្ថាប័នរដ្ឋ ឯកជន និងដៃគូជាង ១០០ ចូលរួមតាំងពិព័រណ៍ក្នុងភូមិហ្វ្រង់កូហ្វូនី លើសពីការរំពឹងទុក
ភ្នំពេញ៖ តំបន់ពិព័រណ៍ក្នុងភូមិហ្វ្រង់កូហ្វូនី ដែលរៀបចំឡើងក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ទទួលបានការចាប់អារម្មណ៍ និងការចូលរួមលើសពីការរំពឹងទុក ដោយមានស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន សមាគម អង្គការដៃគូ និងស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈជាង ១០០ ចូលរួមតាំងបង្ហាញសកម្មភាព និងសក្តានុពលរបស់ខ្លួនទៅកាន់ថ្នាក់ដឹកនាំ និងគណៈប្រតិភូមកពីបណ្តាប្រទេសនៃសហគមន៍ហ្វ្រង់កូហ្វូនី។
ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកគ្រប់គ្រងភូមិហ្វ្រង់កូហ្វូនី បានឱ្យដឹងថា រាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ បានយកចិត្តទុកដាក់ខ្ពស់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីធានាថាទីតាំង«ភូមិហ្វ្រង់កូហ្វូនី» មានភាពស្រស់ស្អាត មានសណ្តាប់ធ្នាប់ និងត្រៀមខ្លួនរួចរាល់សម្រាប់ទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ។
ឯកឧត្តមបណ្ឌិតបញ្ជាក់ថា «ភូមិហ្វ្រង់កូហ្វូនី» គ្រោងនឹងបើកទ្វារជាផ្លូវការទទួលស្វាគមន៍សាធារណជនចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារវត្តបទុមវតី នឹងក្លាយជាមជ្ឈមណ្ឌលវប្បធម៌ដ៏រស់រវើកមួយ ដែលផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់គណៈប្រតិភូ និងភ្ញៀវទេសចរ ក្នុងការអបអរសាទរតម្លៃរួមនៃសហគមន៍ហ្វ្រង់កូហ្វូនី ព្រមទាំងបង្ហាញពីបេតិកភណ្ឌ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា។
ឯកឧត្តមបណ្ឌិតបន្ថែមទៀតថា ពាក់ព័ន្ធនឹងតំបន់ពិព័រណ៍នៅក្នុងភូមិហ្វ្រង់កូហ្វូនី គិតមកដល់បច្ចុប្បន្ននេះ មានការចូលរួមពីស្ថាប័នប្រមាណជាង ១០០ ហើយ ដែលរួមមានទាំងភាគីសាធារណៈ ក្រុមហ៊ុនឯកជន សមាគម អង្គការដៃគូ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំនួននេះគឺលើសពីការរំពឹងទុក។
ឯកឧត្តមបណ្ឌិតមានប្រសាសន៍ថា៖«បច្ចុប្បន្ន ព្រឹត្តិការណ៍នេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានដៃគូចូលរួមរហូតដល់ជាង ១០០ ស្ថាប័ន បូករួមទាំងក្រុមហ៊ុន និងភោជនីយដ្ឋានដៃគូ ដែលចូលរួមនៅក្នុងផ្នែកពិព័រណ៍ម្ហូបអាហារផងដែរ។ ចំពោះបញ្ជីឈ្មោះផ្លូវការគឺកំពុងធ្វើការផ្ទៀងផ្ទាត់ចុងក្រោយ»។
ឯកឧត្តមបណ្ឌិតបានអំពាវនាវដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលរួមទស្សនាកម្សាន្តព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» ដែលនឹងបើកទ្វារ ស្របពេលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដើម្បីរួមគ្នាអបអរសាទរ និងលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា «ភូមិហ្វ្រង់កូហ្វូនី» នឹងរៀបចំតំបន់ពន្លា (Pavilions) សម្រាប់បណ្តារដ្ឋសមាជិកអង្គការ ហ្វ្រង់កូហ្វូនី, ស្តង់ពិព័រណ៍បង្ហាញពីសក្តានុពលទេសចរណ៍ និងសេដ្ឋកិច្ច, ការតាំងបង្ហាញផលិតផលសិប្បកម្មប្រពៃណី, និងតំបន់ម្ហូបអាហារ ដែលនឹងរំលេចនូវសិល្បៈនៃការចម្អិនម្ហូបខ្មែរ ក៏ដូចជា ម្ហូបហ្វ្រង់កូហ្វូនីដ៏សម្បូរបែប។ លើសពីនេះ ព្រឹត្តិការណ៍នេះក៏នឹងមានការរៀបចំផ្ទាំងទស្សនីយភាពសិល្បៈវប្បធម៌ចម្រុះជាតិសាសន៍នៅលើឆាកកណ្តាល ដែលនឹងផ្តល់នូវបរិយាកាសដ៏រស់រវើក និងជំរុញការផ្លាស់ប្តូរវប្បធម៌ឱ្យកាន់តែស៊ីជម្រៅ៕



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤