Connect with us

ព័ត៌មាន

កម្ពុជាកំពុងចាប់យកបច្ចេកវិទ្យាហិរញ្ញវត្ថុ គាំទ្រការប្រើប្រាស់ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចឌីជីថល

កម្ពុជាបាននិងកំពុងចាប់យក និងអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការពង្រីកប្រព័ន្ធទូទាត់អេឡិចត្រូនិកទៅដល់ប្រជាជន និងឆ្លងដែន ដើម្បីដើរឱ្យទាន់សម័យកាលរីកចម្រើន តាមរយៈការធ្វើទំនើបកម្មផលិតកម្ម បង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច។

កម្ពុជាបានដាក់ចេញ និងអនុវត្តគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុ រក្សាស្ថិរភាព និងលើកកម្ពស់កំណើនសេដ្ឋកិច្ចឌីជីថល, គោលដៅនិងចំណុចសំខាន់ៗនៃកិច្ចអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុរួមមាន៖ ការទូទាត់ឌីជីថល, គឺពង្រីកប្រព័ន្ធទូទាត់អេឡិចត្រូនិក និងប្រព័ន្ធបាគង (Bakong) របស់ធនាគារជាតិនៃកម្ពុជា ដែលជួយឱ្យការទិញ-លក់ និងប្រតិបត្តិការហិរញ្ញវត្ថុកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយថ្លៃដើម។ បរិយាប័ន្នហិរញ្ញវត្ថុ, ការពង្រីកសេវាហិរញ្ញវត្ថុឱ្យទៅដល់ប្រជាជនទូទៅ ដែលមិនទាន់មានលទ្ធភាពប្រើប្រាស់សេវាធនាគារ។ ការអភិវឌ្ឍធនធានមនុស្ស, រាជរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធបានដាក់ចេញផែនការផលិតធនធានមនុស្ស ផ្នែកបច្ចេកវិទ្យាឌីជីថលគាំទ្រដល់បដិវត្តន៍ឌីជីថល។ កសាងហេដ្ឋារចនាសម្ព័ន្ធ, ការរៀបចំសួនបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធផ្ទៀងផ្ទាត់ឯកសារឌីជីថល ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលឌីជីថលក្នុងតំបន់ជាដើម។

ឯកឧត្ដម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លើកឡើងថា ជុំវិញបច្ចេកវិទ្យាហិរញ្ញវត្ថុនេះ មជ្ឈមណ្ឌលបាននិងកំពុងខិតខំប្រឹងប្រែងជំរុញអភិវឌ្ឍន៍ឱ្យបានច្រើនប្រព័ន្ធ ដើម្បីឆ្លើយតបទៅនិងតម្រូវការអ្នកប្រើប្រាស់ ជាក់ស្តែងការដាក់សាកល្បងផតថលយថាភូតកម្មអត្តសញ្ញាណរួម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ វានឹងចូលរួមដោះស្រាយបញ្ហាប្រឈមដល់អ្នកប្រើប្រាស់។ ឯកឧត្ដម បន្ថែមថា បច្ចុប្បន្នកម្ពុជាកំពុងស្ថិតនៅក្នុងបដិវត្តន៍ឧស្សា- ហកម្មដែលផ្អែកលើបច្ចេកវិទ្យា ដូច្នេះការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលត្រូវតែអភិវឌ្ឍន៍ទៅមុខ ជាក់ស្តែងនៅកម្ពុជាគឺមានពលរដ្ឋវ័យ ក្មេងជាច្រើន ក្នុងនោះការចាប់បច្ចេកវិទ្យាឌីជីថលបានយ៉ាងឆាប់រហ័ស បច្ចុប្បន្នប្រព័ន្ធមួយចំនួនបានកំពុងជំរុញដល់ការប្រើប្រាស់ក្នុង សង្គម។ ដូច្នេះការចាប់យក និងអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ បានធ្វើឱ្យកម្ពុជាកំពុងបោះជំហានទៅមុខ ដើម្បីដើរឱ្យទាន់សម័យកាលរីកចម្រើន តាមរយៈការធ្វើទំនើបកម្មផលិតកម្ម បង្កើនផលិតភាព និងប្រសិទ្ធភាពនៅក្នុងសេដ្ឋកិច្ច។

លោកបណ្ឌិត សោម ផៃ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លើកឡើងថា ផតថលយថាភូតកម្មអត្តសញ្ញាណរួមនៃ អ.ស.ហ. ដែលបានដាក់ឱ្យប្រើប្រាស់សាកល្បងរបស់ អ.ស.ហ. មិនមែនជាហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានអភិវឌ្ឍ ដើម្បីជំនួសហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល និងថ្នាលរដ្ឋាភិបាលឌីជីថលផ្សេងៗទេ ប៉ុន្តែជាហេដ្ឋារចនាសម្ព័ន្ធថ្មីមួយរបស់ អ.ស.ហ. ដែលត្រូវបានអភិវឌ្ឍ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងតម្រូវការជាក់លាក់ក្នុងប្រព័ន្ធអេកូឡូស៊ីបរិវត្តកម្មឌីជីថល ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។ បញ្ហានេះ លោកបណ្ឌិត ស្នើឱ្យមជ្ឈមណ្ឌល ​ត្រូវបន្តពង្រីកវិសាលភាពនៃថ្នាលនេះ តាមរយៈការបង្កើនកិច្ច​សហការ​​ជាមួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ក្នុង​ការសិក្សា​សមិទ្ធិ​លទ្ធភាព​ធ្វើ​សន្ធានកម្ម​ផតថលនេះ ជាមួយនឹងប្រព័ន្ធបាគងឬប្រព័ន្ធ KHQR ព្រមទាំងការធ្វើសន្ធានកម្មជាមួយនឹងប្រព័ន្ធទិន្នន័យរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សំដៅបង្កើនជម្រើសសេវាយថាភូតកម្មថ្មីៗ ក៏ដូចជាគិតគូរបន្ថែមដល់ការធ្វើសន្ធានកម្មផតថលនេះជាមួយនឹងប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (IPIS) ឬថ្នាលអត្តសញ្ញាណឌីជីថល របស់ក្រសួងមហាផ្ទៃ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia