Connect with us

ព័ត៌មាន

សិស្សនៅវិទ្យាល័យ ប្ដេជ្ញាខិតខំប្រឹងប្រែងរៀនសូត្រក្នុងឆ្នាំសិក្សាថ្មី ២០២៦-២០២៧

ក្នុងឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ចាប់ដំណើរការចូលរៀនពីថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០២៦នេះតទៅ សិស្ស​​​នៅវិទ្យាល័យបានប្តេជ្ញាខិតខំប្រឹងប្រែងរៀនសូត្រ និងគោរពតាមការអប់រំរបស់លោកគ្រូ អ្នក​គ្រូ​។

ក្រុមសិស្សនៅវិទ្យាល័យបាក់ទូក នៅថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានប្រាប់BTVថា ការ​សិក្សា​មាន​សា​​រសំខាន់ណាស់ ដើម្បីអនាគតខ្លួនឯង និងប្រទេសជាតិ ម្លោះហើយនៅក្នុងឆ្នាំសិក្សាថ្មីនេះ ពួក​យើងនឹងប្តេជ្ញាខិតខំប្រឹ​​ងប្រែ​​ងរៀនសូត្រឲ្យខ្លាំងពូកែ ដើម្បីក្លាយ​ជាមូល​ធន​មនុស្សនៅ​ពេល​អនាគត​។ សិស្សទាំងនោះ ក៏បា​​នបង្ហាញអារម្មណ៍រីករាយ ដែលបានចូលរៀនឆ្នាំសិក្សាថ្មី ព្រោះ​បាន​ជួប​លោក​គ្រូ អ្នកគ្រូ មិត្តភក្តិចាស់ និ​​ងថ្មី​​ៗ។

លោក យិន អ៊ាង នាយករងវិទ្យាល័យបាក់ទូក បានលើកឡើងដែរថា ក្នុងឆ្នាំសិក្សាថ្មី គណៈ​វិទ្យាល័យ​បាក់​ទូក បានណែនាំដល់លោកគ្រូ អ្នកគ្រូ ត្រូវគោរពពេលវេលាម៉ោងសិក្សា និង​យក​ចិត្ត​ទុក​បង្រៀន​កូនសិស្សឲ្យបា​​​​នល្អ​​ ទាំងទ្រឹស្តី និងការអនុវត្ត។ រីឯសិស្សវិញ ត្រូវគោរព​បញ្ជា​ផ្ទៃ​ក្នុង​របស់​សាលា ​ជៀសវាងការប្រើប្រាស់បារីអេឡិចត្រូនិក ​​​គ្រឿងញៀន ថែរក្សាបរិស្ថាន​អនាម័យ​ក្នុង​ថ្នាក់ ​និងទីធ្លាសាលាឲ្យបានល្អ ត្រូ​​វខិ​​​​តខំប្រឹ​ងប្រែងរៀនពីលោកគ្រូ អ្នកគ្រូ និងស្វ័យ​សិក្សា​ដោយ​ខ្លួន​ឯង​។

គួរបញ្ជាក់ដែរថា ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​អនុវត្ត​វិធាន​ការ​គន្លឹះ​ក្នុង​វិ​​ស័​យអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋ ចាប់ពីមត្តេយ្យសិក្សា ដល់​មធ្យម​សិក្សាតាមរយៈវិធានការគន្លឹះចំនួន៤រួមមាន៖ ទី១.ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២. ការ​អនុវត្ត​សកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាម​រយៈ​កម្ម​វិធី​អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យ​​គុណភាពចំណីអាហារនៅតាមសាលារៀន និង​៤.​ការ​ជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមពីមាតាបិ​​តា​​​ អាណាព្យាបាល និងសហគមន៍ ក្នុង​ការអ​ប់រំ​ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើ​​ម្បី​​ការអប់រំ»។ ជាមួយគ្នានេះ សាលារៀនគ្រប់កម្រិត នឹងត្រូវអភិវឌ្ឍស្របតាមស្តង់ដាសាលារៀនគំរូ ដែលមា​​​នស្តង់ដាចំនួន៥ គឺ​ទី១. លទ្ធផលសិក្សារបស់សិស្ស ទី២. ការបង្រៀន និងរៀន ទី៣.ការចូលរួមរបស់សហគមន៍ ទី​៤​.​ដំណើរការប្រតិបត្តិ និងរដ្ឋបាលសិក្សា និងទី៥.គណនេយ្យភាពសាលារៀន៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia