Connect with us

ព័ត៌មាន

សម្ដេចធិបតី អំពាវនាវសប្បុរសជនបន្តចូលរួមកសាង និងពង្រីកសាលារៀនដល់ពលរដ្ឋបន្ថែមទៀត

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ និងអំពាវនាវដល់សប្បុរសជននានាឱ្យបន្តចូលរួមកសាង និងពង្រីកសាលារៀនបន្ថែមទៀត នៅទូទាំងប្រទេស។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចធិបតី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីចំនួន ៥ខ្នង នៅវិទ្យាល័យទ្រៀល ក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។

ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា ការដោះស្រាយបញ្ហាកំណើនសិស្ស និងកង្វះថ្នាក់រៀន គឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលតាំងតែពីអាណត្តិមុនៗក្រោមការដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ ចំណែកនៅអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកំពុងបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ជាពិសេសនៅតាមតំបន់ជនបទកំពុងមានកំណើនសិស្សានុសិស្សយ៉ាងច្រើន ដែលបណ្ដាលឱ្យខ្វះខាតថ្នាក់រៀន និងគ្រូបង្រៀន រហូតដល់សាលារៀនខ្លះមានសិស្សរៀនជិត ៨០នាក់ក្នុងមួយថ្នាក់ ដែលត្រូវការការចូលរួមពីសប្បុរសជនក្នុងការពង្រីកសាលារៀននៅតាមជនបទនេះ។

សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា បច្ចុប្បន្នទោះបីជាគ្រប់ស្រុក-ក្រុងមានវិទ្យាល័យ និងគ្រប់ឃុំ-សង្កាត់ភាគច្រើនមានអនុវិទ្យាល័យក៏ដោយ ប៉ុន្តែដោយសារកំណើនប្រជាជន និងសាលារៀនខ្លះនៅឆ្ងាយពីផ្ទះប្រជាពលរដ្ឋ ធ្វើឱ្យមានសិស្សខ្លះបោះបង់ការសិក្សានៅកម្រិតវិទ្យាល័យ ហេតុនេះទើបត្រូវជំរុញការពង្រីកបន្ថែម។

សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថា ជរដ្ឋាភិបាលមានគោលនយោបាយកសាង និងបែងចែកសាលារៀនទៅតាមតំបន់ទីប្រជុំជន និងតំបន់ដាច់ស្រយាល ដើម្បីពង្រាយសាលាឱ្យបានកាន់តែច្រើន និងជិតប្រជាពលរដ្ឋបំផុត។

សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា៖«រាជរដ្ឋាភិបាលមិនមានសិទ្ធិហាមឃាត់ឪពុកម្ដាយ អាណាព្យាបាល ឬសប្បុរសជនណាដែលចូលរួមដោយស្ម័គ្រចិត្តក្នុងការជួយអភិវឌ្ឍន៍ និងកសាងសមិទ្ធផលក្នុងសាលារៀននោះទេ ផ្ទុយទៅវិញគឺមានតែការលើកទឹកចិត្តបន្ថែម»។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានលើកឡើងថា ការអំពាវនាវនេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យបាននូវការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌ ដោយចាត់ទុកថាការវិនិយោគលើការសាងសង់សាលារៀន គឺជាការកសាងធនធានមនុស្សដ៏វែងឆ្ងាយសម្រាប់សង្គមជាតិ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia