Connect with us

ព័ត៌មាន

សហជីពរំពឹងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនឹងបើកផ្លូវទាក់ទាញ​វិនិយោគិនធំៗ និង​ពង្រីក​ឱកាស​ការងារ​នៅ​កម្ពុជា

ខណៈដែលកម្ពុជាកំពុងរៀបចំខ្លួនយ៉ាងសកម្ម ក្នុងការធ្វើជាម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​នា​ពេល​ខាងមុខ។ ភាគីសហជីពបានដាក់ក្តីរំពឹងទុកថា ព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះ នឹង​ជួយ​ផ្សព្វ​ផ្សាយ​សក្ដានុពលកម្ពុជាទៅកាន់បណ្តាប្រទេសនិយាយភាសាបារាំង ដែល​អាច​ទាក់​ទាញ​វិនិយោគិ​ន​ទុនធំៗមកបើករោងចក្រ សហគ្រាស ឬក្រុមហ៊ុនបន្ថែម ដែលបង្កើត​ឱកាស​ការ​ងារ​កាន់​តែ​ច្រើន​។

ជួបសម្ភាសន៍ជាមួយ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័នសហជីពជាតិកម្ពុជា (NACC) នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកានេះ លោកបានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា កិច្ចប្រជុំកំពូលនៃបណ្តាប្រទេសនិយាយភាសាបារាំង ឬហ្វ្រង់កូហ្វូនី ដែលមានសមាជិកជិត ៩០ប្រទេស គឺជាវេទិកាអន្តរជាតិដ៏មានឥទ្ធិពលមួយ។ សម្រាប់កម្ពុជា ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ ត្រូវបានភាគីមើលឃើញថា ជាឱកាសមាសក្នុងការបង្ហាញពីសក្តានុពលសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងកម្លាំងពលកម្មដ៏មានថាមពលទៅកាន់ពិភពលោក ជាពិសេសក្រុមវិនិយោគិនទុនធំៗមកពីបណ្តាប្រទេសនិយាយភាសាបារាំង។

លោកបានបន្ថែមថា ក្នុងនាមតំណាងឱ្យកម្មករនិយោជិត ពិតជាមានក្តីរំភើប និងរំពឹងយ៉ាងមុតមាំថា កិច្ចប្រជុំហ្វ្រង់កូហ្វូនីនេះ នឹងក្លាយជាស្ពានចម្លងដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគិនបារាំង និងអឺរ៉ុប មកបើករោងចក្រ សហគ្រាស ឬក្រុមហ៊ុនបន្ថែមនៅកម្ពុជា។ ការពង្រីកការវិនិយោគថ្មីៗទាំងនេះ មិនត្រឹមតែបង្កើតឱកាសការងាររាប់ម៉ឺនកន្លែងជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យកម្មករនិយោជិតទទួលបានជំនាញថ្មីៗ និងលក្ខខណ្ឌការងារកាន់តែប្រសើរផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំកំពូលនេះដែរ មិនត្រឹមតែជាជោគជ័យនៃនយោបាយការទូតរបស់រាជរដ្ឋាភិបាលកម្ពុជានោះទេ ប៉ុន្តែក៏ជាក្តីសង្ឃឹមដ៏ធំធេងរបស់កម្មករនិយោជិត ក្នុងការទទួលបានឱកាសការងារកាន់តែទូលំទូលាយ និងជីវភាពរស់នៅកាន់តែធូរធារ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia