ព័ត៌មាន
ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ក្នុងរយៈពេល២៧ថ្ងៃ ដំណើររលូនល្អ
ក្នុងរយៈពេល២៧ថ្ងៃ នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ បានប្រព្រឹត្តិទៅដោយរលូនល្អ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ហេង ស៊ីឡេង សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីសភាពការណ៍ទូទៅជុំវិញដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ តាមឃុំ សង្កាត់ លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងបញ្ហាប្រឈមក្នុងដំណើរការចុះឈ្មោះបោះឆ្នោត។ កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ហេង ស៊ីឡេង សមាជិក គ.ជ.ប ដោយមានការចូលរួមពីភាគីពាក់ព័ន្ធនានាស្ថិតនៅទីស្ដីការ គ.ជ.ប រាជធានីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តម ហេង ស៊ីឡេង សមាជិក គ.ជ.ប បានថ្លែងថា ក្នុងរយៈពេល២៧ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ កន្លងមកនេះ គ.ជ.ប បានកត់សម្គាល់ឃើញថា៖ មន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ ជាពិសេសក្រុមចុះឈ្មោះបោះឆ្នោត បានអនុវត្តយ៉ាងត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលធ្វើឱ្យដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅរលូនល្អ។
រីឯគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត បានរៀបចំកម្លាំងការពារគោលដៅសំខាន់ៗ ជាពិសេសតាមការិយាល័យចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួន ដោយប្រើកម្លាំងនគរបាលការពារចំនួន ២នាក់ ក្នុងមួយការិយាល័យ។ ជារួមគិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកានេះ ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស បានប្រព្រឹត្តទៅក្នុងសភាពការណ៍សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែងផ្សេងៗ ហើយគ្រប់ភាគីពាក់ព័ន្ធបានចូលរួមអនុវត្តតាមភារកិច្ចរៀងៗខ្លួន។
គួរបញ្ជាក់ដែរថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ/សង្កាត់ ទូទាំងប្រទេសកម្ពុជា មានរយៈពេល៥៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០៧ ខែតុលា រហូតដល់ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២៦។
បើតាមលទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០៧ខែតុលា រហូតដល់ថ្ងៃទី០២ខែវិច្ឆិកាម្សិលមិញ មានដូចជា៖ ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនជាង៣សែននាក់, អ្នកដែលបានផ្ទេរចូលការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ថ្មី មានចំនួនជាង១២ម៉ឺននាក់, អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិមានចំនួនជិត១លាននាក់, អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រមានចំនួនជិត១លាននាក់ និងអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួនជាង២០ម៉ឺននាក់៕ អត្ថបទ៖ទូច សោភ័ណ






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី