Connect with us

ព័ត៌មាន

កំពង់ធំ​មានសក្តានុពលខ្ពស់ក្នុងការផលិតស្វាយចន្ទី ខណៈរដ្ឋបាលខេត្ត​ជំរុញ​ការ​ប្រែក្លាយ​ទៅ​ជា​ខេត្ត​កសិ-ឧស្សាហកម្ម

ភ្នំពេញ៖ ខេត្តកំពង់ធំមានសក្តានុពលខ្ពស់ក្នុងការដាំដុះស្វាយចន្ទី ដោយ​បច្ចុប្បន្ន​មាន​ផ្ទៃ​ដី​ដាំ​ដុះ​សរុប​ជិត ១៧ម៉ឺនហិកតា និងផ្តល់ទិន្នផលជាមធ្យម ១,៥តោនក្នុងមួយហិកតាក្នុងមួយឆ្នាំ។ ស្រប​ពេល​នេះ រដ្ឋបាលខេត្តកំពុងជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យឈានទៅរកកសិ-ឧស្សាហកម្ម តាម​រយៈការទាក់ទាញវិនិយោគិន និងជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក ដើម្បី​បង្កើន​តម្លៃ​បន្ថែម​ និងពង្រីកទីផ្សារនាំចេញ។

ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា បច្ចុប្បន្ននេះ រាជ​រដ្ឋាភិបាល បានដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ខេត្តនេះ ឱ្យប្រែក្លាយ​ពី​ខេត្ត​ដែល​ពឹងផ្អែក​ចម្បង​លើ​វិស័យ​កសិកម្ម ទៅជាខេត្តដែលពឹងផ្អែកបន្ថែមទៀតលើវិស័យ កសិ-ឧស្សាហកម្ម។ ជាក់ស្តែង គម្រោងសួនកសិ-ឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា ដែលជាការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនឹងក្លាយជាកាតាលីករយ៉ាងសំខាន់ ក្នុ​ង​ការ​ជំរុញ​គោលដៅអភិវឌ្ឍន៍ខេត្តកំពង់ធំឱ្យក្លាយជាការពិតជាក់ស្តែង។

ឯកឧត្តម​ថ្លែងដូចនេះ ធ្វើឡើងនៅពិធី​សម្ពោធ​ដាក់ឲ្យប្រើប្រាស់​ជាផ្លូវការអគារសិក្សាថ្មី ៥​ខ្នង​(៥៥​បន្ទប់) នៅ​វិទ្យាល័យ​​ទ្រៀល ក្រោមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្តម បន្តថា កំពង់ធំមានផ្ទៃដីដាំដុះស្វាយចន្ទីមានចំនួនជិត ១៧ម៉ឺនហិកតា (១៦៨,១៥២ហិកតា) ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួនជាង១៦ម៉ឺនហិកតា (១៦១,១៥៦ហិកតា) និងទិន្នផលជាមធ្យម ១,៥តោនក្នុងមួយហិកតា។ ខេត្តនេះ មាន រោងចក្រ និងសិប្បកម្មកែច្នៃស្វាយចន្ទី ១២ កន្លែង មានសមត្ថភាពកែច្នៃ ៧៨តោន/១ថ្ងៃ។

ព្រមទាំង មានឃ្លាំងស្តុក ១១ ឃ្លាំង មានលទ្ធភាពស្តុកចំនួន ១៨,១៩៥ តោន/ឆ្នាំ។

ឯកឧត្តម មានប្រសាសន៍ថា៖ «ផ្សារភ្ជាប់ទៅនឹងសក្តានុពលនៃវិស័យកសិកម្ម ខេត្តកំពង់ធំមានប្រព័ន្ធធារាសាស្ត្រ ចំនួន ១៨១កន្លែង ក្នុងនោះ ប្រព័ន្ធធារាសាស្ត្រខ្នាតធំមាន ៥កន្លែង ខ្នាតមធ្យម ១២៧កន្លែង និងខ្នាតតូច ៤៩កន្លែង សម្រាប់បម្រើឱ្យវិស័យកសិកម្ម»។​

របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បង្ហាញថាក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦ កម្ពុជានាំចញគ្រាប់ស្វាយចស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង ១ពាន់លានដុល្លារអាម៉េរិក កើនឡើង ៤៦,៩៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia