Connect with us

ព័ត៌មាន

សាលារៀន បន្តពង្រឹងលើការគ្រប់គ្រង និងហាមប្រាមការប្រើទូរស័ព្ទក្នុងបន្ទប់រៀន

តាមបណ្តាសាលារៀន ក្នុងដើមឆ្នាំសិក្សាថ្មីនេះ បានបន្តពង្រឹងលើការគ្រប់គ្រង ហាមប្រាមសិស្សមិនឱ្យប្រើ ប្រាស់ទូរស័ព្ទដៃក្នុងបន្ទប់រៀន។ ការពង្រឹងលើការគ្រប់គ្រងនេះ ក៏ស្របពេលដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា ណែត កាលពីថ្ងៃទី៣ ខែវិច្ឆិកា បានលើកឡើងជាសាធារណៈ ទៅកាន់ក្រសួងអប់រំឱ្យអនុវត្តហាមប្រាមការប្រើ ទូរស័ព្ទដៃនៅក្នុងថ្នាក់រៀន ដោយសារសម្តេចមើលឃើញពីផលអវិជ្ជមានមួយចំនួន។

ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងបន្ទប់រៀនពុំមែនជារឿងថ្មីនោះទេ។ បញ្ហានេះកើតឡើង ស្របពេលដែលបច្ចេកវិទ្យា មានការកើនឡើង ហើយបញ្ហានេះកើតឡើងទាំងនៅសាលារៀននៅរាជធានីភ្នំពេញ ក៏ដូចជាតាមសាលារៀននៅ តាមបណ្តាខេត្ត។ ឆ្នាំសិក្សាចាស់កន្លងទៅ តាមសាលារៀនក៏បានដាក់ចេញវិធានការនានា ដើម្បីគ្រប់គ្រង និងហាម ប្រាមសិស្សមិនឱ្យប្រើប្រាស់ទូរស័ព្ទក្នុងបន្ទប់រៀន។

ក្នុងឆ្នាំសិក្សាថ្មីនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានក្រើនរម្លឹកឱ្យ សាលារៀនយកចិត្តទុកដាក់ ដាក់ចេញវិធានការបន្ថែម លើបញ្ហានេះដែរ។ ក្រើនរម្លឹក ព្រោះសម្តេចនាយករដ្ឋមន្ត្រី មើលឃើញពីផលជះអវិជ្ជមាន នៅពេលសិស្សប្រើ ទូរស័ព្ទ ហើយមិនផ្តោតលើការសិក្សាជាសំខាន់។

សម្រាប់សាលាបឋមសិក្សា ចតុមុខ ជាសាលានៅរាជធានីភ្នំពេញ ក្នុងឆ្នាំសិក្សាថ្មី ក៏បានបន្តពង្រឹងគ្រប់គ្រងហាមI ប្រាម ការប្រើទូរស័ព្ទដៃនេះដែរ។ គ្រប់មុខបន្ទប់រៀន មានការបិទបម្រាម និងមានការណែនាំដល់គ្រូបន្ទុកថ្នាក់ និងសិស្សជាប្រចាំ។

លោកគ្រូ សូ ធី ជានាយកសាលា លើកឡើងថាលើសពីការណែនាំ គឺជាការត្រួតពិនិត្យ ដកហូត ករណីរកឃើញ។ សាលារៀបចំ ដើរពិនិត្យតាមបន្ទប់រៀន ពិនិត្យក្នុងកាតាបសិស្សនីមួយៗ ប្រមូលទុកទូរស័ព្ទទាំង អស់ដាក់លើតុលោកគ្រូ អ្នកគ្រូ។ ករណីសិស្សប្រព្រឹត្តិខុសម្តងហើយម្តងទៀត គឺអាចមានជាចំណាត់ការបន្តបន្ទាប់។

លោកគ្រូនាយកបញ្ជាក់ថា ការប្រើទូរស័ព្ទដៃ ក្នុងបន្ទប់រៀនបាន គឺទាល់តែមានការអនុញ្ញាត ឬស្ថិតក្នុងម៉ោងសិក្សា ចាំបាច់ ដែលត្រូវប្រើទូរស័ព្ទដៃ។ លោកនាយកបញ្ជាក់ថា សិស្សអាចប្រើទូរស័ព្ទដៃបាន នៅពេលប្រឡងថ្នាលបឋម ដែលជាកម្មវិធីទូរស័ព្ទដៃរបស់ ក្រសួងអប់រំ យុវជន និងកីឡា។

ការដាក់បទញ្ជាលើការហាមប្រាមមិនឱ្យប្រើប្រាស់ទូរស័ព្ទដៃក្នុងបន្ទប់រៀន របស់សម្តេចនាយករដ្ឋមន្ត្រីក្នុងដើមឆ្នាំសិក្សាថ្មីនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រីមើលឃើញថា ការអនុវត្តកន្លងទៅនៅតាមសាលារៀន មិនទាន់មានប្រសិទ្ធភាពនៅឡើយ៕ អត្ថបទ៖ គឹមហុក

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia