Connect with us

ព័ត៌មាន

គណៈកម្មការទី៣ នៃរដ្ឋសភា ត្រៀមចុះមូលដ្ឋានតាមខេត្ត ដើម្បីតាមដានប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងយុទ្ធសាស្ត្របញ្ចកោណ

វិមានរដ្ឋសភា៖ គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា (គណៈកម្មការទី៣) ត្រៀមចុះបំពេញបេសកកម្មការងារនៅតាមបណ្តាខេត្ត ក្នុងអំឡុងពេលវិស្សមកាលសភាខាងមុខនេះ ដើម្បីតាមដាន និងវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យសំខាន់ៗរបស់ជាតិដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន។

ការត្រៀមរៀបចំនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំផ្ទៃក្នុង នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ ដើម្បីពិភាក្សា និងរៀបចំផែនការឱ្យបានហ្មត់ចត់ មុនពេលចុះទៅកាន់មូលដ្ឋានជាក់ស្តែង។

ក្នុងដំណើរចុះបំពេញបេសកកម្មនេះ គណៈកម្មការគ្រោងនឹងជួបពិភាក្សាការងារដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តនីមួយៗ សំដៅស្វែងយល់ឱ្យបានច្បាស់លាស់អំពីស្ថានភាពជាក់ស្តែងនៃការអនុវត្តច្បាប់ដែលរដ្ឋសភាបានអនុម័ត ជាពិសេសលើវិស័យវិនិយោគ កសិកម្ម ធនធានទឹក និងបរិស្ថាន។ ទន្ទឹមនឹងនោះ គណៈកម្មការក៏នឹងសិក្សាស្វែងយល់បន្ថែមអំពីលទ្ធផលការងារសំខាន់ៗដែលសម្រេចបាន បញ្ហាប្រឈមជាក់ស្តែងដែលកំពុងកើតមាននៅមូលដ្ឋាន ព្រមទាំងទិសដៅការងារបន្ត ដើម្បីចូលរួមជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ឱ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើង។

សូមបញ្ជាក់ដែរថា ការចុះមូលដ្ឋាននេះ ពិតជាមានសារៈសំខាន់ក្នុងការរួមចំណែកប្រមូលព័ត៌មាន និងធាតុចូលជាក់ស្តែង ដើម្បីធ្វើជាសេនាធិការជូនរដ្ឋសភា ក្នុងការបំពេញតួនាទីជាស្ថាប័ននីតិប្បញ្ញត្តិ តាមដានការអនុវត្តច្បាប់ និងតំណាងឱ្យប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់របស់គណៈកម្មការទី៣ ក្នុងការពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍតាមវិស័យជាអាទិភាពរបស់ជាតិ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia