Connect with us

ព័ត៌មាន

កម្ពុជាចាប់ផ្តើមទទួលបានកំណើនភ្ញៀវទេសចរអន្តរជាតិលំដាប់ខ្ពស់

ក្នុង​ឆ្នាំ២០២៦នេះ កម្ពុជាមិនរំពឹងថាមានកំណើនភ្ញៀវទេសចរអន្តរជាតិនោះទេ ប៉ុន្តែ​ចាប់​ពី​ចុង​ខែ​តុលា រហូតដើមឆ្នាំ២០២៧ គឺគ្រប់ភ្ញៀវទេសចរអន្តរជាតិ ដែលបាន​កក់​ទិញ​កញ្ចប់​ទេសចរណ៍​មក​ទស្សនា​កម្ពុជា​ និងបាននាំគ្នាមកទស្សនាកម្ពុជាជាបណ្តើរៗហើយនោះ ភាគច្រើន​ជា​ភ្ញៀវ​លំដាប់​ខ្ពស់​ អ្នកមាន និងមានលទ្ធភាពស្នាក់នៅតាមសណ្ឋាគារលំដាប់ផ្កាយ៤ ផ្កាយ៥ និងស្នាក់​នៅយូរ​ថ្ងៃ​។

មគ្គុទេសក៍ទេសចរណ៍ បានប្រាប់BTV នៅថ្ងៃទី៤ ខែវិច្ឆិកា នេះថា នៅក្នុងអំឡុងពេលនេះ នៅ​រាជ​ធានី​ភ្នំពេញ សម្គាល់ឃើញមានភ្ញៀវទេសចរអន្តរជាតិ មកពីតាមបណ្តាប្រទេសនៅអឺរ៉ុប អាម៉េរិក តំបន់​អាស៊ីកណ្តាល និងមជ្ឈិមបូពាហ៍ ជាដើម គឺបាននាំគ្នាមកទស្សនាកម្ពុជាច្រើន ដែល​ទេសចរ​អន្តរជាតិទូទៅបានកក់ទិញកញ្ចប់ទេសចរណ៍ ស្នាក់នៅតាមសណ្ឋាគារលំដាប់ផ្កាយ មាន​ការ​ចំណាយ​ច្រើន ដែលកត្តានេះនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។ ចំនួន​ទេសចរ​អន្តរជាតិ​មកតិច តែចំណូលទទួលបានច្រើន។

ទេសចរអន្តរជាតិ បាននិយាយថា ការមកទស្សនាកម្ពុជា អំឡុងពេលនេះ គឺមានទេសភាព​បៃតង​ស្រស់​ស្អាត​។ ពលរដ្ឋរួសរាយរាក់ទាក់ គោលដៅទេសចរណ៍នានាមានភាពទាក់ទាញខ្លាំង សុវត្ថិភាព​ខ្ពស់ តម្លៃសណ្ឋាគារ ការធ្វើដំណើរ ម្ហូបអាហារ និងតម្លៃទំនិញផ្សេងៗមិនថ្លៃ បើប្រៀប​ធៀប​ប្រទេសរបស់គេ ហើយពេលត្រឡប់ទៅវិញ ភ្ញៀវទាំងនោះនឹងរៀបរាប់អំពីបទពិសោធន៍ និង​ណែនាំ​ឲ្យ​ប្រជាជននៅក្នុងប្រទេសគេនាំគ្នាមកទស្សនាកម្ពុជា។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA លោកជំទាវ ឆាយ ស៊ីវលីន ថ្លែងថា ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែលបានកក់ទិញកញ្ចប់ទេសចរណ៍មកទស្សនាកម្ពុជាតាំងពីពេលមុនៗមក គឺ​គេ​បានចាប់ផ្តើមអញ្ជើញមកទស្សនា កម្ពុជាដោយចាប់ផ្តើមកើនតាំងពីចុងខែតុលា ឆ្នាំ២០២៦​នេះ ​រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ។

លោកជំទាវ ឆាយ ស៊ីវលីន បន្តថា ភាគច្រើន ភ្ញៀវអន្តរជាតិអន្តរជាតិ ដែលមកទស្សនានោះ ជា​ភ្ញៀវ​លំដាប់ខ្ពស់ ដែលមានលទ្ធភាពចំណាយស្នាក់នៅនៅតាមសណ្ឋាគារលំដាប់ផ្កាយប្រាំ និង​មាន​តម្រូវការដឹកជញ្ជូន អាហារដ្ឋានលំដាប់ខ្ពស់ និងមានទំនោរខ្លាំងចង់ទស្សនានៅខេត្តសៀមរាប ទស្សនាតំបន់ប្រាសាទ តំបន់សហគមន៍ទេសចរណ៍ បឹងទន្លេសាប ទេសភាពវាលស្រែ ទស្សនា​វប្បធម៌បែបជនបទ និងទស្សនារាជភ្នំពេញ និងបន្តទៅតំបន់ឆ្នេរសមុទ្រជាដើម ។

លោក​ជំទាវ បន្តថា នៅក្នុងរដូវទេសចរណ៍ high season អមដោយមានព្រឹត្តិការណ៍ Francophonie គឺពិតជា​បាន​រួម​គ្នា​ចំណែក​ខ្លាំង​បង្កើន​ភាព​ទាក់​ទាញ​ទេសចរ​អន្តរជាតិ​ផ្សេង​ៗ​មក​កម្ពុជា​កាន់​តែ​ច្រើនថែមទៀត៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia