ព័ត៌មាន
អនុប្រធានទី១អាជ្ញាធរមីន៖ ការការពារប្រជាពលរដ្ឋពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ត្រូវដើរទន្ទឹមគ្នារវាងការបោសសម្អាត និងការអប់រំបង្ការ
(បន្ទាយមានជ័យ)៖ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំយុទ្ធនាការអប់រំ និងផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ពិធីនេះ មានការចូលរួមពី ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត តំណាងអាជ្ញាធរមូលដ្ឋាន ប្រតិបត្តិករសកម្មភាពមីន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានសម្តែងក្តីព្រួយបារម្ភចំពោះការគំរាមកំហែងថ្មីពីសំណល់ជាតិផ្ទុះ ជាពិសេសគ្រាប់បែកចង្កោមក្នុងចំនួនដ៏ច្រើន ដែលយោធាថៃបានបន្សល់ទុកក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីឆ្នាំ២០២៥។ យុទ្ធភណ្ឌទាំងនេះបង្កហានិភ័យខ្ពស់ដល់អាយុជីវិតប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅ និងប្រកបរបរចិញ្ចឹមជីវិតក្នុងតំបន់រងផលប៉ះពាល់។ ហានិភ័យកាន់តែធ្ងន់ធ្ងរ ប្រសិនបើប្រជាពលរដ្ឋយល់ច្រឡំថា តំបន់ដែលធ្លាប់បានបោសសម្អាតរួចហើយ មានសុវត្ថិភាពទាំងស្រុង។
ឯកឧត្តមបានបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងបញ្ហានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញអនុសាសន៍ឱ្យពន្លឿនការកំណត់ទីតាំង និងការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋពីសំណល់សង្គ្រាមអតីតកាល និងការគំរាមកំហែងថ្មីៗ។ នេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការការពារអាយុជីវិត និងសុខសុវត្ថិភាពប្រជាពលរដ្ឋ ដោយមិនទុកឱ្យនរណាម្នាក់រងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះឡើយ។
ទន្ទឹមនឹងការពន្លឿនការបោសសម្អាត ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យប្រតិបត្តិករសកម្មភាពមីន ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងពង្រីកការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាពិសេសដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងកុមារដែលរស់នៅក្បែរតំបន់មានហានិភ័យ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការការពារអាយុជីវិតប្រជាពលរដ្ឋ មិនអាចពឹងផ្អែកតែលើការបោសសម្អាតប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្សារភ្ជាប់ជាមួយការអប់រំបង្ការ និងការផ្តល់ព័ត៌មានទាន់ពេលវេលាផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងឆ្លើយតបបានទាន់ពេលវេលាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋភៀសសឹក និងទប់ស្កាត់ហានិភ័យថ្មីៗ។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យអាជ្ញាធរខេត្ត និងអាជ្ញាធរពាក់ព័ន្ធ បន្តសហការជាមួយអាជ្ញាធរមីន និងប្រតិបត្តិករជំនាញ ដើម្បីធានាឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅរស់នៅ ប្រកបរបរចិញ្ចឹមជីវិត និងប្រើប្រាស់ដីធ្លីប្រកបដោយសុវត្ថិភាព។








-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ