Connect with us

ព័ត៌មាន

ឯកឧត្តម ប្រាក់ សុខុន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១

នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន សម្រាប់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតផ្តល់ជូនព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងអំឡុងពេលដែលព្រះអង្គទាំងទ្វេយាងពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន។

ទោះបីជាមានជំនួបរវាងជាញឹកញាប់យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរនៅតែបន្តផ្លាស់ប្តូរការសួរសុខទុក្ខ និងជូនពរយ៉ាងស្និទ្ធស្នាល ព្រមទាំងបានកត់សម្គាល់ដោយពេញចិត្តថា លទ្ធផលនៃជំនួបនីមួយៗបានរួមចំណែកបន្ថែមទៀតក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់ភាគីចិន ដែលបានបន្តគាំទ្រក្នុងការសម្របសម្រួលកិច្ចសន្ទនាដោយសន្តិវិធី ដោយបានសង្កត់ធ្ងន់ថា សន្តិភាពប្រកបដោយចីរភាព ត្រូវផ្អែកលើច្បាប់អន្តរជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកជាថ្មីថាព្រំដែនអន្តរជាតិមិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីនោះឡើយ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia