Connect with us

ព័ត៌មាន

កសិករដាំដំណាំមៀននៅស្រុកម៉ាឡៃកំពុងមមាញឹកប្រមូលផល ខណៈឈ្មួញទៅបញ្ជារទិញដល់ចម្ការនាំចេញទៅប្រទេសចិន

ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមនឹងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអភិបាលស្រុកម៉ាឡៃ បានចុះពិនិត្យមើលការប្រមូលផលផ្លែមៀន នៅក្នុងភូមិសាស្ត្រនៃស្រុកម៉ាឡៃ ខណៈដែលកសិករដាំដំណាំមៀន មួយចំនួន កំពុងតែមមាញឹកក្នុងការប្រមូលផល ខណៈដែលមានឈ្មួញបានធ្វើការបញ្ជារទិញដល់ចំការ ចំណែកឯតម្លៃក៏មិនខុសគ្នាឆ្ងាយពីឆ្នាំមុននោះដែរ នៅថ្ងៃទី៣ដើមខែវិច្ឆិការ ឆ្នាំ២០២៦នេះ។

លោកស្រី អន ស៊ីថា ប្រធានស្តីទីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ពាក់ព័ន្ធ និងចងក្រងជាសហគមន៍ ស្រុកមានសហគមន៍ ស្រាប់ គឺសហគមន៍មៀនម៉ាឡៃ មានសមាជិក១៥២នាក់ ដែលកន្លងមកមន្ទីរក៏បានជួយទៅលើការបណ្ដុះបណ្ដាលបច្ចេកទេស ថែទាំ មុន ក្រោយ ប្រមូលផល និងធ្វើការបណ្តុះ     បណ្តាលស្តីពីការអនុវត្តកសិកម្មល្អ និងបានជួយជំរុញចំការកសិករអោយប្រែក្លាយទៅជាចំការ ការអនុវត្តកសិកម្មល្អ ដែលមានស្តង់ដារអាចនាំចេញទៅប្រទេសចិន និងប្រទេសផ្សេងៗទៀតបាន។ ហើយចំពោះមៀនដែលកំពុងប្រមូលផលគឺត្រូវដឹកជញ្ជូនទៅខេត្តប៉ែលិន ដើម្បីឆ្លងកាត់ការពិនិត្យ និងញែកទៅតាមប្រភេទគុណភាព គឺនាំចេញទាំងផ្លែស្រស់ ដោយមានការវេចខ្ចប់ទៅតាមលក្ខណៈបច្ចេសទេស។ ដោយឡែកចំពោះផ្លែដែលដាច់ទង ត្រូវបានយកទៅ​  សម្ងួត និងវេចខ្ចប់ទៅតាមលក្ខណៈបច្ចេកទេស ដូចគ្នា មុនធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។

លោកស្រីបន្តថា សម្រាប់ចំការមៀន នៅក្នុងស្រុកម៉ាឡៃ គឺមានប្រមាណជាង៥០០ហិកតា ។ ចំពោះមៀនដែលកំពុងប្រមូលផលនេះម្ចាស់ចំការបញ្ជាក់ថា មានប្រមាណ ១០ហិកតា ដោយ ១ហិកតា គាត់ដាំបានចំនួន ១៥០ដើម សរុបប្រមាណ ១៥០០ដើម បរិមាណផលប្រមាណ ១០០ គីឡូក្រាមក្នុង ១ដើម ទៅតាមអាយុកាលដើមមៀន។

លោកស្រី អន ស៊ីថា ប្រធានស្តីទី បន្តថា ចំពោះទីផ្សារពុំមានអ្វីជាបញ្ហាចោទទេ ដោយសារពួកគាត់មានដៃគូស្រាប់ សម្រាប់នាំចេញទៅប្រទេសចិន។ ហើយដើម្បីឱ្យពួកគាត់ជាកសិករ កាន់តែទទួលបានភាពជឿទុកចិត្តគ្នារវាងកសិករ និងឈ្មួញ ក៏ដូចជាក្រុមហ៊ុន សម្រាប់នាំចេញ លោកស្រីបញ្ជាក់ថា មន្ទីរនឹងជួយសម្របសម្រួលពួកគាត់ តាមរយៈកិច្ចសន្យាផលិតកម្មកសិកម្ម ឱ្យពួកគាត់រៀបចំកិច្ចសន្យា ដែលមានការដឹងឮពីខាងមន្ទីរជំនាញ។ កន្លងមក មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានយកចិត្តទុកដាក់ និងចូលរួមសម្របសម្រួលលើការរៀបចំ និងពិនិត្យកិច្ចសន្យាផលិតកម្មកសិកម្ម ជាពិសេសលើផលិតកម្មស្រូវ និងបន្លែផ្សេង។

លោកស្រីបន្តថា ចំពោះតម្លៃមៀនឆ្នាំមុន (ឆ្នាំ២០២៥) តម្លៃចន្លោះពី៣០០០រៀល ទៅ៣៥០០រៀល ក្នុងមួយគីឡូក្រាម អាស្រ័យទៅលើទំហំ និងប្រភេសផ្លែមៀនលេខ១ លេខ២ និងលេខ៣ និងពេលវេលាត្រូវប្រមូលផល។ ហើយសម្រាប់ឆ្នាំ២០២៦នេះ តម្លៃចន្លោះពី៣០០០រៀល ទៅដល់៣៥០០រៀល ឬ៤០០០រៀល ក្នុងមួយគីឡូក្រាម អាស្រ័យទៅលើពេលវេលានៃការប្រមូលផល និងតម្រូវការទីផ្សារជាក់ស្តែង។

ជាមួយគ្នានោះលោកស្រី អន ស៊ីថា ប្រធានស្តីទីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យបានលើកឡើងតាមរយះកិច្ចសម្ភាសន៌យ៉ាងដូច្នេះថា

ទន្ទឹមគ្នានិងការចុះពិនិត្យមើលពលរដ្ឋប្រមូលផលមៀននាពេលនោះដែរ ឯកឧត្តម អ៊ុ រាត្រី ក៏បានធ្វើការណែនាំដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាអ្នកពាក់ព័ន្ធននដើម្បីធ្វើការជាមួយនឹងកសិករម្ចាស់ចម្ការ រួមនឹងសហគមន៍ ធ្វើការពិភាក្សាផ្តល់នូវបច្ចេកទេសនៃការដាំដុះ ក៏ដូចជាជួយរកទីផ្សារកសិករ ដែលបានដាំដុះដំណាំមៀន ក៏ដូចជាដំណាំកសិកម្មផ្សេងៗនៅក្នុងខេត្តបន្ទាយមានជ័យ ។

មួយវិញទៀតដោយសារតែទីតាំងចំការរបស់បងប្អូនកសិករដាំដំណាំមៀន ឆ្ងាយពីប្រភពទឹកសម្រាប់ស្រោចស្រព ឯកឧត្តមក៏បានណែនាំទៅដល់ អភិបាលស្រុក ធ្វើការជាមួយមន្ទីរជំនាញដើម្បី ទាញប្រភពទឹក សម្រាប់យកមកផ្គត់ផ្គង់ស្រោចស្រពដល់ដំណាំរបស់បងប្អូនកសិករ។ ក៏ដូចជាក្នុងការជួយសហការជាមួយមន្ទីរជំនាញ ក្នុងការជួយទាញអ្នកវិនិយោគ ក៏ដូចជាក្រុមហ៊ុន ដើម្បីទទួលទិញនូវកសិផល ដើម្បីធានានូវតម្លៃក៏ដូចជាកាត់បន្ថយថ្លៃដើមនៃការចំណាយលើការដឹកជញ្ជូនផ្សេងៗ៕

ដោយ ៖ ឃិន សារិទ្ធ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia