Connect with us

ព័ត៌មាន

អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចែកពូជស្រូវ និងស្បៀងជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខេត្តសៀមរាប

នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ឃ្នួច អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ ឯកឧត្តម សុទ្ធ គឹមកុលមុនី អគ្គលេខាធិការរង បានអញ្ជើញក្នុងពិធីចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តសៀមរាប ដោយក្នុងនោះ ស្រុកអង្គរជុំ ចំនួន ១,៤២៨គ្រួសារ និងស្រុកស្រីស្នំ ចំនួន ៩៧៥គ្រួសារ។

ពិធីនេះមានការចូលរួមពី ឯកឧត្តម រដ្ឋលេខាធិកា អនុរដ្ឋលេខាធិការ ប្រធាននាយកដ្ឋានដំណាំស្រូវ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម លន់ សុធី ប្រធានក្រុមការចុះជួយមូលដ្ឋានស្រុក, ឯកឧត្តម អភិបាលរង និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត, អភិបាលស្រុក មេឃុំ និងអ្នកពាក់ពន្ធជាច្រើនទៀត។

នាឱកាសនោះ ឯកឧត្តម អ៊ុក ឃ្នួច មានប្រសាសន៍ថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវពន្លឿនការចែកពូជស្រូវជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាសមស្របទៅនឹងរដូវកាលដាំដុះ។

ជាក់ស្តែងពេលនេះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បាននឹងកំពុងអនុវត្តន៍សម្រាប់ការចែកជូនស្រូវពូជ និងស្បៀងជូនប្រជាជនឱ្យបានឆាប់និងទាន់ពេលវេលា។

ឯកឧត្តម អ៊ុក ឃ្នួច បានស្នើឱ្យមន្ទីរកសិកម្មខេត្ត និងមន្ត្រីកសិកម្មឃុំ បង្កើនការណែនាំពីបច្ចេកទេសដាំដុះ និងការថែទាំដំណាំស្រូវក្រោយការដាំដុះឡើងវិញ ដើម្បីធានាទិន្នផល និងមន្ទីរធនធានទឹក ពិនិត្យលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រព៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia