Connect with us

ព័ត៌មាន

ក្រសួងសុខាភិបាល ត្រៀមលក្ខណៈទទួលគណៈប្រតិភូជាន់ខ្ពស់បារាំង សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញទទួលស្វាគមន៍ និងសម្របសម្រួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូត្រៀមរៀបចំមុន ដើម្បីរៀបចំ និងសម្របសម្រួល នៃការមកដល់គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋបារាំង ដែលនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ, កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យកាល់ម៉ែត។

ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងសហការីតាមផ្នែកជំនាញពាក់ព័ន្ធ បានធ្វើបទបង្ហាញអំពីសមត្ថភាព សេវាកម្ម និងការត្រៀមលក្ខណៈរបស់មន្ទីរពេទ្យ ព្រមទាំងបានផ្តល់ការពន្យល់ និងឆ្លើយតបចំពោះសំណួរ និងចម្ងល់នានារបស់គណៈប្រតិភូ។ បន្ទាប់មក លោកស្រីវេជ្ជបណ្ឌិត Charlène DEBOUTE បានអញ្ជើញចុះទស្សនកិច្ច និងពិនិត្យដោយផ្ទាល់តាមផ្នែកសំខាន់ៗ របស់មន្ទីរពេទ្យ រួមមាន ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកជំងឺបេះដូង និងផ្នែករថយន្តគិលានសង្គ្រោះ។ តាមរយៈកិច្ចពិភាក្សា និងការចុះពិនិត្យជាក់ស្តែង គណៈប្រតិភូបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងការត្រៀមលក្ខណៈរបស់មន្ទីរពេទ្យកាល់ម៉ែត ក្នុងការផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។

ជាមួយគ្នានេះ មន្ទីរពេទ្យកាល់ម៉ែត បានត្រៀមរៀបចំបន្ទប់សម្រាកពិសេសប្រភេទ VIP / VVIP ចំនួន ១០បន្ទប់ នៅជាន់ទី១១ សម្រាប់បម្រើសេវាថែទាំសុខភាពជូនឥស្សរជនជាន់ខ្ពស់ រួមមាន ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល និងគណៈប្រតិភូជាន់ខ្ពស់ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។ អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia