Connect with us

ព័ត៌មាន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការគាំទ្រផលិតផលខ្មែរ ជំរុញឱ្យអ្នកផលិតកាន់តែខំប្រឹងពង្រឹងគុណភាព

ថ្លែងក្នុង ពិធីបើកពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ នារសៀលនេះ លោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ស្មារតីស្នេហាជាតិអាចបើកឱកាសឱ្យផលិតផលខ្មែរចូលទីផ្សារប្រកួតប្រជែង ប៉ុន្តែដើម្បីរក្សាទីផ្សារឱ្យបានយូរអង្វែង ម្ចាស់អាជីវកម្មត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាព សុវត្ថិភាព សេវាកម្ម និងតម្លៃឱ្យសមរម្យ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតបានលើកឡើងថា ពាក្យថា «ខ្មែរធ្វើបាន» ក្នុងបរិបទផលិតផលខ្មែរ មិនមែនមាន​ន័យត្រឹមតែខ្មែរអាចផលិតទំនិញបានប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានន័យថា ខ្មែរអាចផលិតផលិតផលដែលមានគុណភាពល្អ សុវត្ថិភាព បង្កើតម៉ាកយីហោដែលមានទំនុកចិត្ត និងមានសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារផងដែរ។

លោកជំទាវបានបន្តថា ការជ្រើសរើសគាំទ្រផលិតផលខ្មែរដែលមានគុណភាពពីសំណាក់ប្រជាពលរដ្ឋ គឺជាការចូលរួមពង្រឹងកម្លាំងសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះ ម្ចាស់អាជីវកម្មក៏ត្រូវយកចិត្តទុកដាក់លើការវេចខ្ចប់ឱ្យមានភាពទាក់ទាញ ការបង្ហាញព័ត៌មានផលិតផលឱ្យបានច្បាស់លាស់ ការរក្សាគុណភាព និងការកំណត់តម្លៃសមរម្យ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង។

លោកជំទាវបានមានប្រសាសន៍ថា អ្វីដែលពិសេសបំផុតនោះគឺ ស្មារតីស្នេហាជាតិអាចបើកទ្វារឱកាសឱ្យផលិតផលរបស់យើងបាន ក៏ប៉ុន្តែគុណភាព សុវត្ថិភាព សេវាកម្ម និងតម្លៃសមរម្យ ទើបធ្វើឱ្យទ្វារឱកាសរបស់យើងនេះបន្តរយៈពេលយូរអង្វែងទៅមុខបាន។

គួរបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» រៀបចំនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍ផលិតផលខ្មែរលើកទី២នេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញការប្រើប្រាស់ និងគាំទ្រផលិតផលក្នុងស្រុក ព្រមទាំងរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia