Connect with us

ព័ត៌មាន

និស្សិតកម្ពុជាបង្កើតម៉ាស៊ីនប្ដូរហ្គាសស្វ័យប្រវត្តិ បង្ហាញសមត្ថភាពអនុវត្តជំនាញបច្ចេកទេសជាក់ស្តែង

ក្រុមនិស្សិតជំនាញមេកានិក នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានស្រាវជ្រាវ និងបង្កើតម៉ាស៊ីនប្ដូរហ្គាសស្វ័យប្រវត្តិ ជាស្នាដៃគម្រោងបញ្ចប់ការសិក្សា ដើម្បីសម្រួលដល់ដំណើរការបំពេញហ្គាស និងកាត់បន្ថយការខាតបង់ក្នុងពេលប្រើប្រាស់។

យុវជន ម៉ុក សុភា និស្សិតឆ្នាំទី៤ ជំនាញមេកានិក នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងជាសមាជិកក្រុមផលិតម៉ាស៊ីននេះ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ក្រុមរបស់លោកមានសមាជិកចំនួន ៣នាក់ ហើយបានចំណាយពេលប្រមាណ ៦ខែ ដើម្បីស្រាវជ្រាវ រចនា ដំឡើង និងសាកល្បង។ លោកបានបញ្ជាក់មូលហេតុនៃការបង្កើតម៉ាស៊ីននេះថា ដោយសារមើល ឃើញថា ការបំពេញហ្គាសដោយដៃអាចមានបញ្ហាលេចធ្លាយ ធ្វើឱ្យបាត់បង់ហ្គាស ចំណាយពេលយូរ និងអាចប៉ះពាល់ដល់ផ្លូវ ដង្ហើមអ្នកប្រើប្រាស់ ដូច្នេះហើយទើបក្រុមលោកសម្រេចបង្កើតម៉ាស៊ីននេះដោយប្រើប្រព័ន្ធបញ្ជាស្វ័យប្រវត្តិ PLC ។

បច្ចុប្បន្ននេះ ម៉ាស៊ីននេះអាចដំណើរការបានហើយ ប៉ុន្តែក្រុមនិស្សិតកំពុងបន្តកែលម្អបច្ចេកទេសបន្ថែម ដើម្បីធានា បាននូវគុណភាព និងសុវត្ថិភាព ១០០% មុននឹងឈានទៅរកការផលិតដាក់លក់លើទីផ្សារ។ លើសពីនេះ ក្រុមក៏មានគោល ដៅអភិវឌ្ឍម៉ាស៊ីននេះឱ្យក្លាយជាម៉ាស៊ីនបំពេញហ្គាសស្វ័យប្រវត្តិប្រភេទលក់តាមម៉ាស៊ីននាពេលអនាគតផងដែរ។

ទាក់ទងនឹងការសិក្សាជំនាញនេះដែរ កញ្ញា ហ៊ន រតនា និស្សិតឆ្នាំទី៤ ជំនាញមេកានិក នៃវិទ្យាស្ថាន NPIC ដែរនោះ បានលើកឡើងថា ជំនាញនេះមានតម្រូវការខ្ពស់នៅលើទីផ្សារការងារ ទាំងនៅតាមរោងចក្រ សហគ្រាស និងការបើកអាជីវកម្ម ផ្ទាល់ខ្លួន ដូចជារោងជាងផ្សារ និងជួសជុលគ្រឿងម៉ាសីនជាដើម។ កញ្ញាបានឱ្យដឹងទៀតថា កញ្ញាសប្បាយចិត្តដែលបានមករៀនជំនាញដែលខ្លួនឯងស្រឡាញ់ ហើយជំនាញនេះក៏មានតម្រូវការខ្លាំងនៅលើទីផ្សារការងារផងដែរ។ ជាមួយនេះ កញ្ញាបាន លើកទឹកចិត្តឱ្យសិស្សស្រីដទៃទៀតចូលរៀនជំនាញនេះ ព្រោះមិនមែនជាជំនាញសម្រាប់បុរសតែប៉ុណ្ណោះទេ។

ជាមួយស្នាដៃរបស់និស្សិតខាងលើនេះ បានបង្ហាញពីសារៈសំខាន់នៃការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលមិនត្រឹមតែផ្តល់ចំណេះដឹងទ្រឹស្តីដល់សិស្សនិស្សិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឱ្យសិស្សយកចំណេះដឹងទ្រឹស្តី មកអនុវត្ត និងបង្កើតជាដំណោះស្រាយជាក់ស្តែង ដើម្បីឆ្លើយតបនឹងតម្រូវការសង្គម និងវិស័យឧស្សាហកម្មនៅកម្ពុជា៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia