Connect with us

ព័ត៌មាន

រដ្ឋមន្រ្តីទេសេចរណ៍៖ ភូមិហ្រ្វង់កូហ្វូនី នឹងជួយជំរុញផ្សព្វផ្សាយសក្ដានុពលកម្ពុជាទៅកាន់ពិភពលោក

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានថ្លែងថា ព្រឹត្តិការណ៍ពិព័រណ៍ (ភូមិហ្វ្រង់កូហ្វូនី) នឹងក្លាយជាវេទិកាជំរុញផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ និងសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក ខណៈភូមិនេះបានប្រមូលផ្ដុំពន្លាជាតិ និងស្តង់ប្រមាណ២០០ មកពីជាង៧០ប្រទេស។

តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV ទាក់ទងនឹងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនីនេះ គឺមានព្រឹត្តិការណ៍អមចំនួនពីរ គឺភូមិហ្រ្វង់កូហ្វូន និងហ្រ្វង់កូតិច ខណៈព្រឹត្តិការណ៍ទំាងពីរនេះនឹងបង្ហាញនូវសក្កានុពលរបស់កម្ពុជាជាច្រើនទៅកាន់ពិភពលោក។

ឯកឧត្តម បានបញ្ជាក់ថា ភូមិហ្វ្រង់កូហ្វូនី គឺជាវេទិកាពិសេស ដែលបានរំលេចបន្ថែមនូវពន្លាជាតិ ដោយប្រទេសជាសមាជិក និងអង្គការអន្តរជាតិមួយចំនួនទៀត គឺទទួលបានពន្លាជាតិមួយក្នុងមួយប្រទេស ឬមួយអង្គការ។ ក្រៅពីនោះយើងក៏មានផ្ដល់ជូនដោយឥតគិតថ្លៃនូវស្ដង់ពិព័រណ៍ដល់វិស័យឯកជនជាតិ អន្តរជាតិ ក្រុមហ៊ុន ដើម្បីដាក់តាំងផ្សព្វផ្សាយអំពីសក្ដានុពលអាជីវកម្ម និងធុរកិច្ចរបស់ខ្លួនដល់ភ្ញៀវជាតិ និងអន្តរជាតិ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ត្រូវបានធ្វើជាលើកដំបូងនៅកម្ពុជា ដែលភាពជាម្ចាស់ផ្ទះ នៅពេលនេះ បានបញ្ជាក់ពីឋានៈ និងការរួមចំណែកកាន់តែសកម្មរបស់កម្ពុជានៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី ក៏ដូចជានៅលើឆាកអន្តរជាតិ។ ព្រឹត្តិការណ៍នេះប្រមូលផ្តុំមេដឹកនាំមកពីបណ្តាប្រទេស និងដែនដីជាច្រើន បង្កើតឱកាសឱ្យកម្ពុជាពង្រឹងទំនាក់ទំនងមិត្តភាព ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងផ្សព្វផ្សាយរូបភាពនៃប្រទេសដែលមានសន្តិភាព ស្ថិរភាព និងសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ ជាដើម។ ក្នុងចំណោមមេដឹកនាំដែលចូលរួមកិច្ចប្រជុំនេះ មកពីបណ្តាប្រទេសមហាអំណាចមួយចំនួន ដូចជាបារាំង តំបន់អាហ្វ្រិក និងតំបន់ផ្សេងៗទៀត គឺជាចំណុចលេចធ្លោមួយដែលបង្ហាញពីការយកចិត្តទុកដាក់ និងការផ្តល់សារៈសំខាន់របស់ពួកគេចំពោះកម្ពុជា និងព្រឹត្តិការណ៍ការទូតដ៏សំខាន់នេះ៕

អត្ថបទ៖ បាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia