Connect with us

ព័ត៌មាន

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី៖ កម្ពុជាកំពុងឈានចូលទៅក្នុងទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃការទូតពហុភាគី

ការទទួលបានសិទ្ធិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានបង្ហាញថាកម្ពុជាកំពុងឈានចូលទៅក្នុងទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃការទូតពហុភាគី។ នេះមិនមែនគ្រាន់តែជាកិច្ចប្រជុំអន្តរជាតិមួយដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះទេ តែជាកិត្យានុភាពជាតិ ដែលបង្ហាញពីការទុកចិត្តពីសហគមន៍អន្តរជាតិ និងតួនាទីកាន់តែសកម្មនៅលើឆាកអន្តរជាតិ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម នេត្រ ភក្ត្រា នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា នេះ ដែលជាថ្ងៃបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហ្វ្រង់ហ្វូកូនីលើកទី៤៨ ដើម្បីត្រៀមក្ខណៈសម្រាប់ការប្រជុំថ្នាក់កំពូលហ្វ្រង់ហ្វូកូនី លើកទី២០ បានបញ្ជាក់ថា ការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាព្រឹត្តិការណ៍ការទូតអន្តរជាតិជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងដំណាងរដ្ឋ រដ្ឋាភិបាល នៃមហាគ្រួសារ ហ្វ្រង់កូហ្វូនី មកពីទ្វីបទាំង៥។

ឯកឧត្តម បានបញ្ជាក់ថា (ព្រឹត្តិការណ៍នេះ មិនមែនគ្រាន់តែជាកិច្ចប្រជុំអន្តរជាតិមួយដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះទេ តែជាកិត្យានុភាពជាតិ ដែលបង្ហាញពីការទុកចិត្តពីសហគមន៍អន្តរជាតិ និងតួនាទីកាន់តែសកម្មនៅឆាកការទូតពហុភាគី។ ព្រឹត្តិការណ៍នេះកាន់តែមានអត្ថន័យជ្រាលជ្រៅ ដោយសារតែកម្ពុជាជាមាតុភូមិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាបិតាស្ថាបនិកមួយព្រះអង្គនៃសហគមន៍ហ្វ្រង់កូហ្វូនី។ អ្វីដែលព្រះអង្គរួមចំណែកបង្កើតឡើងកាលពីជាងកន្លះសតវត្សមុន បានវិលមកជួបជុំគ្នាលើទឹកដីនៃអារ្យធម៌ និងជាប្រទេសដែលបានឆ្លងកាត់សង្គ្រាម សោកនាដកម្ម និងការកសាងប្រទេសឡើងវិញ នេះជាការផ្សារភ្ជាប់ដ៏មានអត្ថន័យនៃសហគមន៍ហ្វ្រង់កូហ្វូនី។

ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងដែរថា ក្នុងកិច្ចប្រជុំកំពូលនេះ មានប្រទេស និងដែនដី ចំនួន៨១ បានមកចូលរួម ក្នុងចំណោមប្រទេសសមាជិក ចំនួន៩០ និងមានប្រមុខរដ្ឋ រដ្ឋាភិបាល ចំនួន២៣ប្រទេស។ អង្គភាពសារព័ត៌មាន៣០៣ មកពីជាង៤០ប្រទេស ស្មើ១៣៦៧នាក់ ក្នុងនោះមាន១៨៦ស្ថាប័នអន្តរជាតិ៕អត្ថបទ៖ វ៉ាន់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia