Connect with us

ព័ត៌មាន

ឯកឧត្តម ហ៊ុន ម៉ានី៖ កិច្ចប្រជុំហ្រ្វង់កូហ្វូនី​ជា​ឱកាស​កម្ពុជា​បង្ហាញ​អំពី​ដំណើរ​ការ​ជា​រួម​របស់​ខ្លួន​ទៅ​ពិភពលោក

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មាន​ប្រសាសន៍​បញ្ជាក់​ថា កម្ពុជាពិតជាមាកិត្តិយសដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ហើយ​ថ្នាក់ដឹកនាំ តំណាងប្រទេស និងរដ្ឋជាង ៨០ ដែលមកកាន់​កម្ពុ​ជាបាន​បញ្ជាក់​ពី​ការ​ជឿ​ទុក​ចិត្ត​ចំពោះ​សុវត្ថិភាព និងការរៀបចំរបស់កម្ពុជា ខណៈតាមរយៈកិច្ច​ប្រជុំ​នេះ​កម្ពុ​ជា​នឹង​បង្ហាញ​អំពី​ដំណើរ​ការ​ជារួមរបស់ខ្លួននៅក្នុងប្រវត្តិសាស្រ្ដ ការឆ្លងកាត់សង្គ្រាមដ៏ជូរចត់ និងការខិតខំ​ប្រឹង​ប្រែង​តស៊ូ​ងើបឈរ​ឡើង​វិញ​ទម្រាំ​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ទៅ​កាន់​ពិភព​លោក​។

តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ​ក្នុង​ឱកាស​ចុះ​ទស្សន​កិច្ច​នៅ​ទី​តាំងភូមិហ្វ្រង់កូហ្វូនី សួនច្បារមុខវត្តបទុមវត្តី រាជធានីភ្នំពេញ, ឯកឧត្តម ឧបនាយក​រដ្ឋ​មន្រ្ដី​ ហ៊ុន ម៉ានី ក្នុងនាមជាកូនខ្មែរមួយរូប បានបង្ហាញក្ដីរំភើប​ និង​មោទនភាព​ក្រៃលែង​ដែល​កម្ពុជា ​ទទួលបានឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ និង​មាន​ប្រទេស​ជា​សមាជិកចូលរួមជាង ៨០ ប្រទេសនាពេលនេះ។

ឯកឧត្តមបានរំឭកអំពីប្រវត្តិនៃការបង្កើតអង្គការអន្តរជាតិហ្រ្វង់កូហ្វូនីនេះឡើង និង​ទំនាក់​ទំនង​តជំនាន់​តាំង​ពីជំនាន់ ដែលព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់​បាន​រួមចំណែកបង្កើត​ឡើង​អង្គការ​អន្តរជាតិ​ហ្រ្វង់កូហ្វូនី​នេះ​ឡើង​ដែល​ជា​ព្រះរាជ​ចក្ខុ​ដ៏​វែង​ឆ្ងាយ​កាល​ពីជាង ៥០ឆ្នាំមុនសម្រាប់បន្សល់ទុកដល់កូនចៅជំនាន់ក្រោយ ហើយថ្ងៃនេះ​កេរ​ដំណែល​នេះបា​នវិលមកជួបជុំគ្នានៅលើទឹកដីកម្ពុជា ក្នុងបរិយាកាសនៃសន្តិភាព មិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ នាពេលនេះ។

ឯកឧត្តមបានថ្លែងថា តាមរយៈកិច្ច​ប្រជុំ​នេះ​កម្ពុជា​ចង់​ឱ្យ​មិត្ត​ភក្ដិ​បរទេ​សទាំ​ងអស់​ឈ្វេង​យល់​ពី​កម្ពុជា ​ជាពិសេសការឆ្លងកាត់នៃរបបប្រល័យពូជសាសន៍ និងការពិតនៃសង្គ្រាម​ថៃឈ្លាន​ពាន​ចំនួន​ពីរ​លើកកាលពីឆ្នាំ២០២៥ ដែលជាព័ត៌មានពិត និងអ្វីដែលបានកើតឡើងជាសច្ចភាព ដូច​ជា​ផលប៉ះ​ពាល់ទៅលើប្រាង្គប្រាសាទបុរាណខ្មែរ អាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ វត្តអារាម និង​ហេ​ដ្ឋា​រចនាសម្ព័ន្ធនានា ជាពិសេសពលរដ្ឋកម្ពុជាដែលរងគ្រោះ និងនៅបន្តភៀសសឹកជាង ២​ម៉ឺន​នាក់​មិន​ទាន់អាចត្រឡប់ទៅផ្ទះវិញបាននៅឡើយមកទល់​ពេល​នេះ​ទោះ​បី​ជា​បទ​ឈប់​បាញ់​រវាង​ប្រទេស​ទាំង​ពីរនៅជាធរមានក៏ដោយ។

ឯកឧត្តមបានថ្លែងថា ទំនាក់ទំនងកម្ពុជា-បារាំង, ទំនាក់ទំនងប្រទេសមីមួយៗ​ជាមួយ​ប្រទេស​បារាំង បានឆ្លងកាត់ប្រវត្តិ និងទំនាក់ទំនងទាំងនយោបាយ សេដ្ឋកិច្ច វប្បធម៌ មនុស្ស និងមនុស្ស មាន​លក្ខណៈមិនដូចគ្នាទាំងស្រុងទេ ហើយមានការវិវត្តជាបន្តបន្ទាប់, មកដល់​បច្ចុប្បន្ន​អ្វី​ដែល​ធ្វើ​ឱ្យយើ​ង​នៅមានការផ្សាភ្ជាប់ ជាពិសេសជាយន្តការអចិន្រ្ដៃយ គឺសមាជិកសមាជិក​នៃ​អង្គ​ការ​ហ្រ្វង់កូ​ហ្វូនីទាំងអស់។ ចេញពីមូលដ្ឋាននៃប្រវត្តិដ៏យូរឡុង រហូតមកដល់ពេលបច្ចុប្បន្ន

ឯកឧត្តម ឧបនាយករដ្ឋ​មន្ត្រីបានថ្លែងថា «យើងមករួបរួម​គ្នានៅក្នុង​កិច្ច​ប្រជុំ​កំពូល​ហ្រ្វង់​កូហ្វូនីលើ​កទី២០ នៅប្រទេសកម្ពុជា នឹងរំឭកអនុស្សាវរីយ៍នៃអតីតកាល ប៉ុន្ដែកត្តាធំ គឺយើង​ត្រូវ​រួប​រួម​គ្នា​ដោះ​ស្រាយ​បញ្ហាសំខាន់ៗនៅលើពិភពលោក ជាពិសេស ការវិនិយោគ និងពង្រឹងបន្ថែមទៅ​លើ​សុខស​ន្ដិភាព​ដែលមានតម្រូវការមិនត្រឹមតែក្នុងតំបន់ តែគឺសម្រាប់ពិភពលោកទាំងមូល»៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia