Connect with us

ព័ត៌មាន

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ការកសាងសង្គមមួយដែលប្រកបដោយសន្តិភាព ភាពធន់ និងយកប្រជាជនជាស្នូល ទាមទារឱ្យមានការរួមចំណែកពីស្ត្រី

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបសមាជិកអន្តរសភាអាស៊ាន (អាយប៉ា/AIPA) ថា ការចូលរួមប្រកបដោយអត្ថន័យរបស់ស្ត្រី ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសក្នុងការឆ្លើយតបទៅនឹងវិបត្តិ ការកសាងសន្តិភាព និងការដោះស្រាយជម្លោះ។ ការកសាងសង្គមមួយដែលប្រកបដោយសន្តិភាព ភាពធន់ និងយកប្រជាជនជាស្នូល ទាមទារឱ្យមានការរួមចំណែកពីស្ត្រី ក្នុងការកំណត់បញ្ហា រៀបចំដំណោះស្រាយ និងអនុវត្តការផ្លាស់ប្តូរដោយផ្ទាល់។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅក្នុងវេទិកាអ្នកដឹកនាំនយោបាយស្ត្រី WAIPA លើកទី៣ នៃមហាសន្និបាតអាយប៉ាលើកទី៤៧ ដែលរដ្ឋសភាប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «លើសពីតួលេខ៖ ស្ត្រីចូលរួមកសាងអាស៊ានមួយដែលមានសន្តិភាព វិបុលភាព និងតម្កល់ប្រជាជនជាស្នូល»។

មហាសន្និបាតអន្តរសភាអាស៊ាន បានបង្កើតឱ្យមានវេទិកាអ្នកដឹកនាំនយោបាយស្ត្រី WAIPA លើកទី៣។ សម្តេចប្រធានរដ្ឋសភា តែងតែអញ្ជើញចូលរួមនៅក្នុងវេទិកាដ៏មានសារៈសំខាន់ ដើម្បីលើកកម្ពស់សំឡេងស្ត្រីនេះ ប៉ុន្តែដោយសារវេទិកាអ្នកដឹកនាំនយោបាយស្ត្រីពេលនេះ ចំពេលជាមួយគ្នាដែលសម្តេចត្រូវចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នោះសម្តេចបានថ្លែងបទអន្តរាគមន៍ចូលរួមវេទិកា តាមប្រព័ន្ធវីដេអូ។

សម្តេចរដ្ឋសភាធិបតី បានចាត់តាំងគណៈប្រតិភូសភាកម្ពុជា ចូលរួមវេទិកាផ្ទាល់ មាន លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកព្រឹទ្ធសភា អមដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាមួយចំនួនទៀត។

តាមរយៈប្រព័ន្ធវីដេអូ សម្តេចប្រធានរដ្ឋសភា បានបង្ហាញសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមក្នុងវេទិកាអ្នកដឹកនាំនយោបាយស្ត្រី WAIPA លើកទី៣។ សម្តេចបានចូលរួមវេទិកានេះទាំងបីលើក ក្រោយមហាសន្និបាតអាយប៉ាបានបង្កើតឡើងនូវវេទិកាដ៏មានសារៈសំខាន់នេះ។ វេទិកាអ្នកដឹកនាំនយោបាយស្ត្រី ជាការបញ្ជាក់នូវការប្តេជ្ញាចិត្តរួម ក្នុងការលើកកម្ពស់ការចូលរួមក្នុងវិស័យនយោបាយប្រកបដោយអត្ថន័យរបស់ស្ត្រី។ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ អាយប៉ាបានយកចិត្តទុកដាក់កាន់តែខ្លាំងឡើង និងមានការប្តេជ្ញាចិត្តផ្នែកនយោបាយកាន់តែមុតមាំ ក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅទូទាំងតំបន់ និងសកលលោក។

ទោះបីជាយ៉ាងណាក្ដី មហិច្ឆតារួមត្រូវតែឈានឱ្យលើសពីតួលេខ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ការមានតំណាងជាស្ត្រីគឺជារឿងសំខាន់ ប៉ុន្តែវានៅមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ។ ស្ត្រីត្រូវតែមានសំឡេងដែលមានការទទួលស្គាល់ មានឥទ្ធិពលពិតប្រាកដក្នុងការសម្រេចចិត្ត និងមានឱកាសស្មើគ្នាក្នុងការតម្រង់ទិសគោលនយោបាយ និងស្ថាប័ននានា។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបញ្ជាក់ថា នាពេលបច្ចុប្បន្ន ប្រព័ន្ធអភិបាលកិច្ចសកល តំបន់ និងថ្នាក់ជាតិ កំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើង ដែលបណ្ដាលមកពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ការបម្រែបម្រួលអាកាសធាតុ ការប្រែប្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងការបែកបាក់ក្នុងសង្គម។ ដើម្បីឆ្លងកាត់ស្ថានភាពដែលកាន់តែស្មុគស្មាញ និងមិនប្រាកដប្រជានេះ ទាមទារឱ្យមានភាពជាអ្នកដឹកនាំប្រកបដោយបរិយាបន្ន ដែលប្រមូលផ្ដុំនូវទេពកោសល្យ គំនិតយោបល់ និងបទពិសោធន៍ពីគ្រប់សមាសភាពនៅក្នុងសង្គម។ ដូច្នេះ ស្ត្រីមិនត្រឹមតែមានវត្តមានតំណាងយ៉ាងពេញលេញនៅលើតុពិភាក្សានោះទេ តែថែមទាំងត្រូវមានចំណែកក្នុងការតម្រង់ទិសរាល់សេចក្ដីសម្រេចដែលចេញពីតុពិភាក្សានោះផងដែរ។

សម្តេចបញ្ជាក់ថា ក្នុងស្មារតីនេះ ផែនការសកម្មភាព និងក្របខណ្ឌអនុវត្តរបស់អាយប៉ា (AIPA) ស្តីពី «ការចូលរួមក្នុងវិស័យនយោបាយ និងភាពជាអ្នកដឹកនាំរបស់ស្ត្រី ឆ្នាំ២០២៤-២០៣០» បានផ្តល់នូវក្របខណ្ឌតំបន់ដ៏សំខាន់មួយ ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី បង្កើតបរិយាកាសដែលអំណោយផលសម្រាប់ការចូលរួមខាងវិស័យនយោបាយ ព្រមទាំងជំរុញឱ្យស្ថាប័នសភា និងការសម្រេចចិត្តនានា មានការគិតគូរ និងឆ្លើយតបទៅនឹងយេនឌ័រ។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានជម្រាបកិច្ចប្រជុំថា នៅកម្ពុជា សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី គឺជាអាទិភាព។ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨» ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តចក្ខុវិស័យដឹកនាំពីសម្តេចតេជោ ហ៊ុន សែន ក្នុងការជំរុញការវិនិយោគកាន់តែច្រើនឡើង លើសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងក្មេងស្រី រួមទាំងការចូលរួមរបស់ពួកគេក្នុងភាពជាអ្នកដឹកនាំជាសាធារណៈ។ ចំណែករដ្ឋសភា បានគាំទ្រផ្នែកច្បាប់ និងគំនិតផ្តួចផ្តើមនានា ក្នុងគោលបំណងលើកកម្ពស់សមភាពយេនឌ័រ ពង្រឹងក្រុមសមាជិកសភាស្ត្រីកម្ពុជា ព្រមទាំងជំរុញគំនិតផ្តួចផ្តើមនានា ដូចជា «យុទ្ធនាការយុវនារីវ័យក្មេង ឆ្ពោះទៅរកភាពជាអ្នកដឹកនាំ (#Girls2Leader Campaign)» ដើម្បីជាការបំផុសគំនិត និងជំរុញទឹកចិត្តដល់ថ្នាក់ដឹកនាំស្ត្រីជំនាន់ក្រោយ។

សម្តេចបានបន្តថា កម្ពុជាក៏កំពុងជំរុញរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ តាមរយៈការរៀបចំផែនការសកម្មភាពថ្នាក់ជាតិលើកដំបូង ស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ ផងដែរ។ កិច្ចការនេះបានធ្វើឡើងដោយផ្អែកលើការរួមចំណែករយៈពេលវែងរបស់កម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តពង្រឹងការចូលរួមរបស់ស្ត្រី ក្នុងកិច្ចការសន្តិភាព និងសន្តិសុខ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia