Connect with us

ព័ត៌មាន

អនុប្រធានទី១ព្រឹទ្ធសភាកម្ពុជាប្រាប់សភាតំបន់អឺរ៉ុបថា ភាគីថៃនៅតែបន្តរក្សាកងកម្លាំងយោធាលើទឹកដីកម្ពុជា រារាំងការបោះបង្គោលព្រំដែន និងបង្កឧបសគ្គដល់ពលរដ្ឋខ្មែរភៀសសឹកជាង ២ម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅលំនៅឋានវិញ

ព្រុចសែល, បែលហ្ស៊ិក៖ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង (APF) បានថ្លែងបទអន្តរាគមន៍លាតត្រដាងនៅចំពោះមុខមហាសន្និបាតតំបន់អឺរ៉ុប លើកទី៣៨ នៃសភាប្រើភាសាបារាំង នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះថា ភាគីថៃនៅតែបន្តរក្សាកងកម្លាំងយោធានៅលើផ្នែកខ្លះនៃទឹកដីអធិបតេយ្យរបស់កម្ពុជា រារាំងការងារបោះបង្គោលព្រំដែន និងបង្កឧបសគ្គដល់ប្រជាពលរដ្ឋកម្ពុជាភៀសសឹកជាង ២០.០០០ នាក់ មិនឱ្យវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញនៅឡើយទេ។

ថ្លែងក្រោមប្រធានបទ «តម្លៃអឺរ៉ុបជាខែលការពារ ក្នុងពិភពលោកកំពុងរងវិបត្តិ» ឯកឧត្តម អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ជូនអង្គប្រជុំអំពីស្ថានភាពជាក់ស្តែងនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសវិវាទព្រំដែនកម្ពុជា-ថៃ ដែលស្ថានភាពនៅតែដដែលមិនទាន់មានការប្រែប្រួលល្អប្រសើរនៅឡើយ ចាប់តាំងពីសម័យប្រជុំលើកទី៥០ នៅទីក្រុងប៉ារីស រហូតដល់កិច្ចប្រជុំនៅទីក្រុងយ៉ាអ៊ុនដេ ប្រទេសកាមេរូន។

លោកអនុប្រធានទី១ ព្រឹទ្ធសភា បានលាតត្រដាងឱ្យដឹងថា កិច្ចព្រមព្រៀងជាបន្តបន្ទាប់ដែលមានគោលបំណងបញ្ចប់អរិភាព និងដោះស្រាយវិវាទដោយសន្តិវិធីរវាងកម្ពុជា និងថៃ ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់នៅទីក្រុងពូត្រាចាយ៉ា (Putrajaya) ខែកក្កដា ឆ្នាំ២០២៥ កិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួ (Kuala Lumpur) ខែតុលា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតែមិនទាន់ត្រូវបានអនុវត្តយ៉ាងពេញលេញនៅឡើយទេ។ ផ្ទុយទៅវិញ សកម្មភាពយោធា និងរដ្ឋបាលរបស់ភាគីថៃនៅតែបន្តកើតមាននៅលើទីតាំងជាក់ស្តែង តាមរយៈការបន្តរក្សាកងកម្លាំងយោធាលើទឹកដីអធិបតេយ្យរបស់កម្ពុជា ក៏ដូចជានៅក្នុងតំបន់វិវាទមួយចំនួន ការរារាំងដល់ការអនុវត្តការងាររួមគ្នាក្នុងការកំណត់ និងបោះបង្គោលព្រំដែន ព្រមទាំងការបង្កឧបសគ្គដល់ការវិលត្រឡប់ទៅកាន់លំនៅឋានរបស់ប្រជាពលរដ្ឋកម្ពុជាជាង ២០.០០០ នាក់ ដែលបានភៀសខ្លួនចេញពីលំនៅឋានរបស់ខ្លួន។ លោកបានបន្ថែមថា អង្គហេតុទាំងនេះក៏ត្រូវបានរាយការណ៍ និងចងក្រងជាឯកសារដោយប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសង្កេតការណ៍អន្តរជាតិដែលស្នេហាសន្តិភាព និងយុត្តិធម៌ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង (APF) បានសម្តែងការសោកស្តាយដែលការពិតទាំងនេះបានក្លាយជាកម្មវត្ថុនៃការគំរាមកំហែងពីភាគីម្ខាងទៀត ដោយទាមទារមិនឱ្យកម្ពុជាលើកយកបញ្ហាទាំងនេះមកនិយាយនៅលើឆាកអន្តរជាតិ ក្រោមលេសថាជាបញ្ហាទ្វេភាគី។ ឆ្លើយតបទៅនឹងការគំរាមកំហែងនេះ លោកបានធ្វើការបញ្ជាក់យ៉ាងម៉ឺងម៉ាត់ចំនួន ៣ ចំណុច៖

ទី១. ការអនុវត្តសិទ្ធិអធិបតេយ្យ៖ ការជម្រាបជូនសហគមន៍អន្តរជាតិអំពីការវិវត្តនៃស្ថានភាពដែលប៉ះពាល់ដោយផ្ទាល់ដល់សន្តិភាព ស្ថិរភាពតំបន់ និងច្បាប់អន្តរជាតិ គឺជាការអនុវត្តសិទ្ធិអធិបតេយ្យរបស់កម្ពុជា មិនមែនជាការបង្កភាពតានតឹងឡើយ។

ទី២. ការកសាងទំនុកចិត្តពិតប្រាកដ៖ ទំនុកចិត្តត្រូវផ្អែកលើតម្លាភាព ការគោរពគ្នាទៅវិញទៅមក និងឆន្ទៈស្មោះត្រង់ក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា មិនមែនកើតឡើងតាមរយៈការប្រើប្រាស់វិធានការគំរាមកំហែងគៀបសង្កត់ រឹតត្បិតសេរីភាពនៃការបញ្ចេញមតិក្នុងវិស័យការទូតនោះទេ។

ទី៣. ផ្លូវដ៏សាមញ្ញឆ្ពោះទៅរកសន្តិភាព៖ ប្រសិនបើមានឆន្ទៈស្មោះត្រង់ក្នុងការស្វែងរកសន្តិភាពពិតប្រាកដ ភាគីម្ខាងទៀតគ្រាន់តែគោរពតាមអនុសញ្ញា សន្ធិសញ្ញា ផែនទីឧបសម្ព័ន្ធ សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងកិច្ចព្រមព្រៀងទ្វេភាគី; ដកកងកម្លាំងយោធារបស់ខ្លួនចេញពីទឹកដីដែលបានកាន់កាប់ដោយខុសច្បាប់; អនុញ្ញាតឱ្យប្រជាពលរដ្ឋដែលត្រូវបានជម្លៀស វិលត្រឡប់ទៅកាន់លំនៅឋានវិញ; និងចាប់ផ្តើមកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) ឡើងវិញជាបន្ទាន់។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុច បូររិទ្ធ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសភាប្រើភាសាបារាំង (APF) ដែលបានអនុម័តសេចក្តីសម្រេចចិត្តគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា កាលពីខែកក្កដានៅទីក្រុងយ៉ាអ៊ុនដេ ព្រមទាំងបានរំឭកពីសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលបានសម្តែងកង្វល់ចំពោះភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ និងគាំទ្រការការពារជនស៊ីវិល ការធានាឱ្យជនភៀសខ្លួនវិលត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព ព្រមទាំងការដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia