ព័ត៌មាន
កម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃចោទថា ប្រើប្រាស់កិច្ចប្រជុំហ្វ្រង់កូហ្វូនី បង្ខូចកេរ្តិ៍ឈ្មោះថៃ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បំភ្លឺ និងបដិសេធយ៉ាងដាច់ខាតចំពោះការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដែលថា កម្ពុជាបានប្រើប្រាស់កិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅភ្នំពេញ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះថៃ និងមានចេតនាមិនផ្តល់ឱកាសឱ្យភាគីថៃថ្លែងសេចក្តីក្នុងអង្គប្រជុំ។
សេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ពាក់ព័ន្ធនឹងការចូលរួមរបស់ថៃក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨ (CMF) និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ការលើកឡើងរបស់កម្ពុជាអំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក្នុងវេទិកាហ្វ្រង់កូហ្វូនី មិនមែនជាការផ្សព្វផ្សាយនិទានរឿងតែម្ខាងឡើយ ប៉ុន្តែជាការអនុវត្តសិទ្ធិស្របច្បាប់ក្នុងនាមជាសមាជិកពេញសិទ្ធិរបស់អង្គការ OIF ដើម្បីទាញចំណាប់អារម្មណ៍លើការវិវត្តជាក់ស្តែងនៅលើដី និងផលវិបាកមនុស្សធម៌។
កម្ពុជាបានគូសបញ្ជាក់ថា កង្វល់ទាំងនោះផ្អែកលើអង្គហេតុពិតប្រាកដ រួមមាន ការប៉ះទង្គិចប្រដាប់អាវុធ វត្តមានកងកម្លាំងប្រដាប់អាវុធថៃនៅក្នុងតំបន់ដែលកម្ពុជាចាត់ទុកថាជាដែនអធិបតេយ្យរបស់ខ្លួនក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ការខូចខាតបេតិកភណ្ឌវប្បធម៌កម្ពុជា និងការបង្ខំផ្លាស់ទីលំនៅរបស់ពលរដ្ឋភៀសសឹកកម្ពុជាប្រមាណ ២០.០០០ នាក់ ដែលនៅតែមិនអាចវិលទៅផ្ទះសម្បែង និងប្រកបមុខរបរវិញបាន។
ចំពោះការចោទប្រកាន់ដែលថា កម្ពុជាក្នុងនាមជាប្រធានអង្គប្រជុំ មានចេតនាមិនឱ្យថៃថ្លែងសេចក្តីក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានច្រានចោលទាំងស្រុង ដោយពន្យល់ថា កិច្ចប្រជុំបានប្រព្រឹត្តទៅយឺតជាងកាលវិភាគជាង ២ម៉ោង។ ហេតុនេះ កម្ពុជាដោយមានការពិគ្រោះយោបល់ជាមួយលេខាធិការដ្ឋានអង្គការ OIF បានផ្តល់អាទិភាពថ្លែងសេចក្តីដល់អ្នកសង្កេតការណ៍ដែលមានតំណាងក្នុងកម្រិតរដ្ឋមន្ត្រីប៉ុណ្ណោះ រីឯប្រតិភូផ្សេងទៀតត្រូវបានអញ្ជើញឱ្យដាក់សេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរដើម្បីបញ្ចូលក្នុងកំណត់ត្រាផ្លូវការ ដែលវិធានការនេះអនុវត្តដូចៗគ្នាចំពោះគ្រប់គណៈប្រតិភូពាក់ព័ន្ធទាំងអស់។
ជុំវិញដំណោះស្រាយបញ្ហាព្រំដែន កម្ពុជាបានអំពាវនាវជាថ្មីឱ្យបន្តឡើងវិញដោយមិនពន្យារពេលនូវការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីពិនិត្យស្ថានការណ៍ជាក់ស្តែង និងជំរុញការកំណត់ព្រំដែនស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះវិធានការកសាងទំនុកចិត្តដែលបានពិភាក្សានៅខែតុលា ឆ្នាំ២០២៦ ការព្រមព្រៀងរបស់នាយករដ្ឋមន្ត្រីទាំងពីរនៅស៊ីប៊ូ កាលពីខែឧសភា ឆ្នាំ២០២៦ និងការអនុវត្តពេញលេញនៃសេចក្តីប្រកាសរួមកិច្ចប្រជុំពិសេសគណៈកម្មការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ជាចុងក្រោយ កម្ពុជាបានសង្កត់ធ្ងន់ថា ភាពជាអ្នកជិតខាងល្អពិតប្រាកដ ត្រូវមានមូលដ្ឋានលើការគោរពគ្នាទៅវិញទៅមក ការអនុវត្តដោយស្មោះត្រង់នូវការប្តេជ្ញាដែលបានព្រមព្រៀងគ្នា និងការបង្កលក្ខខណ្ឌអំណោយផលសម្រាប់ការវិលត្រឡប់ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ជនភៀសសឹកស៊ីវិលនៅសងខាងព្រំដែន ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕


-
កីឡា1 week agoក្រសួងមហាផ្ទៃ និងខេត្តកណ្ដាល កំពុងនាំមេដាយកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦
-
កីឡា1 week agoNOCC និង វឌ្ឍនៈ ហ្គោល រីហ្សត ជួបប្រជុំត្រៀមរៀបចំពានវាយកូនគោលលំដាប់ពិភពលោក ក្រោយទទួលការគាំទ្រពីរាជរដ្ឋាភិបាល
-
ព័ត៌មាន7 days agoរាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
-
ព័ត៌មាន1 week agoអ្នកសម្របសម្រួល (L.O) គណៈប្រតិភូ ហ្វ្រង់កូហ្វូនី ពេញចិត្តចំពោះការងារ ដោយនឹងព្យាយាមធ្វើឱ្យបានល្អដើម្បីមុខមាត់កម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (ACAMM) និងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងជាន់ខ្ពស់កងទ័ពជើងគោកអាស៊ាន (ASMAM) ឆ្នាំ២០២៧ ជាលើកដំបូង
-
ព័ត៌មាន2 days agoជប៉ុនប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ CMAC តាមរយៈការគាំទ្រការងារសកម្មភាពមីន
-
ព័ត៌មាន2 days agoជប៉ុនសន្យាបន្តកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ស្របតាមវិស័យអាទិភាព និងយុទ្ធសាស្ត្ររបស់កម្ពុជា
-
ព័ត៌មាន1 week agoយុវជនអ្នកបន្តវេន៖ ការបំពេញកាតព្វកិច្ចយោធារបស់យុវជនគឺពង្រឹងស្មារតីជាតិនិយម