Connect with us

ព័ត៌មាន

កសិករ និងអាជីករជាង ៣០០នាក់ ចូលរួមជំនួបស្វែងយល់ពីបច្ចេកទេសប្រើប្រាស់ជីកសិកម្មប្រកបដោយប្រសិទ្ធិភាព

ភ្នំពេញ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប សហការវិស័យឯកជន បានរៀបចំកម្មវិធីជំនួបកសិករ ដើម្បីផ្សព្វផ្សាយផលិតផល និងណែនាំពីការប្រើប្រាស់ជីឱ្យបានសមស្របទៅតាមបទដ្ឋានបច្ចេកទេសលើដំណាំ ជូនដល់អាជីវករ ម្ចាស់ដេប៉ូ និងកសិករសរុបប្រមាណជាង៣០០នាក់។

លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានឱ្យដឹងថា ខេត្តសៀមរាបមានផ្ទៃដីដាំដុះសរុបជាង ៣៧ម៉ឺនហិកតា ក្នុងនោះ ផ្ទៃដីស្រូវប្រាំង និងវស្សាជាង ២៦ម៉ឺនហិកតា។ ផ្ទៃដីដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មរយៈពេលខ្លីជាង ៥ពាន់ហិកតា និងផ្ទៃដីអចិន្ត្រយ៍និងដំណាំឈើហូបផ្លែសំខាន់ៗជាង ៣ម៉ឺន ៥ពាន់ហិកតា។ ដូច្នេះហើយ តាមរយៈសក្តានុពលដាំដុះខាងលើ ការប្រើប្រាស់ធាតុចូលកសិកម្មក្នុងការដាំដុះ គឺជាកត្តាចាំបាច់ក្នុងការចូលរូមចំណែកលើកកម្ពស់ផលិតភាពកសិកម្ម ។

លោកអនុប្រធាន បានលើកឡើងបន្តថា ដើម្បីចូលរួមឆ្លើយតបបញ្ហាខាងលើ សូមអាជីវករអនុវត្តនិងគោរពនូវលក្ខណ័្ឌ ដូចជា៖ត្រូវមានវិញ្ញាបនបត្របញ្ជាក់ការឆ្លងកាត់វគ្គអប់រំវិជ្ជាជីវៈ, ត្រូវអនុវត្តនៃការតម្រូវបរិមាណគុណភាព សំបកវេចខ្ចប់ និងស្លាកសញ្ញព័ត៍មានជាភាសាខ្មែ ព្រមទាំងលេខបញ្ជីកាត្រឹមត្រូវ, បញ្ឈប់ការផ្សាយពាណិជ្ជកម្មថ្នាំកសិកម្ម និងជីកសិកម្មបំភាន់អ្នកទិញ ដោយភូតកុហក បំភ្លើសគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព តាមរយៈការឃោសនាតាមប្រព័ន្ធផ្សព្វផ្សាយ និងត្រូវបង្កើនការណែនាំដល់កសិករឱ្យបានយល់ដឹងពីវិធានសុវត្ថិភាពក្នុងការប្រើប្រាស់ ដើម្បីទប់ស្កាត់ភាពប្រឈម និងគ្រោះថ្នាក់ចំពោះខ្លួនឯង អ្នកដទៃ និងបរិស្ថាន ព្រមទាំងចេះគ្រប់គ្រងសំណល់កសិកម្មតាមទីវាល តាមប្រភពទឹក និងដុតបំផ្លាញចោលឱ្យបានត្រឹមត្រូវជាដើម។

លោក សុខ ឆេង តំណាងវិស័យឯកជន បានថ្លែងអំណរគុណដល់មន្ទីរកសិកម្មខេត្តសៀមរាប ដែលបានគាំទ្រ និង ផ្តល់ការសហការជាមួយក្រុមហ៊ុន ក៏ដូចជាដៃគូពាក់ពន្ធ័ទាំងអស់ដែលបានអញ្ជើញចូលរួមបង្កើតឱ្យមានកិច្ចជុំនួបនេះឡើង។

គោលបំណងនៃកម្មវិធីនេះ គឺដើម្បីផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងចែករំលែកបច្ចេកទេសកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព ដោយហេតុថា វិស័យកសិកម្មគឺជាវិស័យដ៏មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ និងជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា។

លោកជឿជាក់ថា កម្មវិធីនាពេលនេះជាឱកាសដ៏ល្អសម្រាប់ប្រជាកសិករក្នុងការទទួលបានចំណេះដឹងថ្មីៗ អំពីប្រភេទជី និងប្រើប្រាស់បានត្រឹមត្រូវ ដែលជួយបង្កើនទិន្នផល កាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនប្រាក់ចំណេញជូនប្រជាកសិករ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការ រវាងមន្ទីរកសិកម្ម វិស័យឯកជន និងប្រជាកសិករ ឱ្យកាន់តែរឹងមាំ និងរួមចំណែកធ្វើឱ្យវិស័យកសិកម្មកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia