ព័ត៌មាន
KOICA បញ្ចប់គម្រោងគាំទ្របន្តនៅមន្ទីរពេទ្យព្រះអង្គឌួង “គម្រោងបង្កើតមន្ទីរពេទ្យចក្ខុរោគនៅមន្ទីរពេទ្យព្រះអង្គឌួង”
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានប្រារព្ធពិធីបញ្ចប់គម្រោងគាំទ្របន្តនៅមន្ទីរពេទ្យព្រះអង្គឌួង របស់គម្រោង “គម្រោងបង្កើតមន្ទីរពេទ្យចក្ខុរោគនៅមន្ទីរពេទ្យព្រះអង្គឌួង” កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៤។ កម្មវិធីនេះ មានការចែកជូនសញ្ញាប័ត្របញ្ចប់គម្រោង និងប័ណ្ណសរសើរ ដែលនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងសហការរវាង KOICA និងមន្ទីរពេទ្យព្រះអង្គឌួង ក្នុងការលើកកម្ពស់សេវាថែទាំសុខភាពសាធារណៈ។
“មជ្ឈមណ្ឌលចក្ខុរោគមិត្តភាពកម្ពុជា-កូរ៉េ” នៅមន្ទីរពេទ្យព្រះអង្គឌួង ត្រូវបានបង្កើតឡើងក្រោមការឧបត្ថម្ភពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារកយកា(KOICA) ដោយចំណាយថវិកាសរុប ប្រមាណ ៥លាន៥សែន ដុល្លាសហរដ្ឋអាមេរិក។

គម្រោងនេះដែលបានដំណើរការពីឆ្នាំ២០១១ ដល់២០១៥ ដោយការសាងសង់អគារបួនជាន់ ដែលត្រូវបានរចនាយ៉ាងល្អិតល្អន់ជាមួយនឹងបន្ទប់ឯកទេសនៅជាន់នីមួយៗ និងបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗ។
ជាមួយគ្នានេះ មន្ទីរពេទ្យភ្នែក គីម អាយ (Kim’s Eye)ដែលជាមន្ទីរពេទ្យភ្នែកដ៏ធំបំផុតមួយរបស់ប្រទេសកូរ៉េខាងត្បូង បានគាំទ្រការកសាងសមត្ថភាពសម្រាប់បុគ្គលិកពេទ្យជាមួយនឹងទឹកប្រាក់ចំនួន ២លាន៥សែន ដុល្លារសហរដ្ឋអាមេរិក ចាប់តាំងពីពេលនោះមក មជ្ឈមណ្ឌលចក្ខុរោគបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ភាពងងឹតភ្នែក ពង្រឹងសេវាថែទាំភ្នែក និងជំរុញការស្រាវជ្រាវផ្នែកភ្នែក។
ក្នុងការឆ្លើយតបចំពោះភាពជោគជ័យរបស់គម្រោងដែលត្រូវបានសម្គាល់ដោយចំនួនអ្នកជំងឺកើនឡើង និងតម្រូវការកើនឡើងនៅមន្ទីរពេទ្យព្រះអង្គឌួង ទីភ្នាក់ងារកយកា(KOICA) បានបន្ថែមថវិកាចំនួន ៣៧៥ ០០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការជួសជុលអគារមជ្ឈមណ្ឌលចក្ខុរោគ និងទិញឧបករណ៍វេជ្ជសាស្ត្រទំនើបៗ។ ការគាំទ្របន្តនេះបានបន្តពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ គឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្តបន្តសម្រាប់គម្រោង “គម្រោងបង្កើតមន្ទីរពេទ្យចក្ខុរោគនៅមន្ទីរពេទ្យព្រះអង្គឌួង” ដើម្បីធានាថាមជ្ឈមណ្ឌលនេះអាចបំពេញតាមតម្រូវការដែលអ្នកជំងឺកើនឡើង និងរក្សានូវគុណភាពខ្ពស់នៃការថែទាំ។

លោកស្រី ស៊ីន ជុនយ៉ុន (Shin Jungyeon) នាយិការង កយកា-KOICAប្រចាំប្រទេសកម្ពុជា បានកត់សម្គាល់ថា ការរួមចំណែករបស់ KOICA ដល់វិស័យសុខាភិបាលសរុបចំនួន៨៩ លានដុល្លារសហរដ្ឋអាមេរិក ដែលស្មើនឹង២៣% នៃនៃជំនួយសរុបរបស់ទីភ្នាក់ងារកយកា(KOICA)នៅកម្ពុជា។ សាធារណរដ្ឋកូរ៉េមានមោទនភាពដែលបានធ្វើជាដៃគូ និងជាមិត្តជាមួយប្រទេសកម្ពុជា។ យើងប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា ហើយនឹងបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដើម្បីធានាបាននូវការទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់។
ទីភ្នាក់ងារកយកា(KOICA)បានពង្រីកវិសាលភាពនៃការព្យាបាលយ៉ាងទូលំទូលាយនៅក្នុងតំបន់ដែលពីមុនមិនអាចព្យាបាលបាន ឬមិនអាចដំណើរការបាននៅក្នុងប្រទេសកម្ពុជា។ នេះរួមបញ្ចូលទាំងការបង្កើតមន្ទីរពេទ្យចក្ខុរោគ និងត្រចៀក ច្រមុះ បំពង់ក (ENT) នៅមន្ទីរពេទ្យព្រះអង្គឌួង ដែលជាមន្ទីរពេទ្យជាតិមួយក្នុងចំណោមមន្ទីរពេទ្យជាតិទាំង១១ នៅរាជធានីភ្នំពេញ។ បន្ថែមពីលើនេះ KOICA បានគាំទ្រហេដ្ឋារចនាសម្ព័ន្ធនិងការកសាងសមត្ថភាពបុគ្គលិកពេទ្យឯកទេសនៅមន្ទីរពេទ្យកុមារជាតិ តាមរយៈគម្រោងចំនួនបី រួមទាំងគម្រោងដែលកំពុងដំណើរការចំនួន១៦លានដុល្លារសហរដ្ឋអាមេរិក៕ អត្ថបទ រដ្ឋា




-
ព័ត៌មាន1 week agoរាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
-
ព័ត៌មាន2 days agoកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (ACAMM) និងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងជាន់ខ្ពស់កងទ័ពជើងគោកអាស៊ាន (ASMAM) ឆ្នាំ២០២៧ ជាលើកដំបូង
-
ព័ត៌មាន2 days agoជប៉ុនសន្យាបន្តកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ស្របតាមវិស័យអាទិភាព និងយុទ្ធសាស្ត្ររបស់កម្ពុជា
-
ព័ត៌មាន1 week agoអ្នកសម្របសម្រួល (L.O) គណៈប្រតិភូ ហ្វ្រង់កូហ្វូនី ពេញចិត្តចំពោះការងារ ដោយនឹងព្យាយាមធ្វើឱ្យបានល្អដើម្បីមុខមាត់កម្ពុជា
-
ព័ត៌មាន2 days agoជប៉ុនប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ CMAC តាមរយៈការគាំទ្រការងារសកម្មភាពមីន
-
ព័ត៌មាន2 days agoជប៉ុនផ្តល់ជំនួយសម្រាប់ការសាងសង់អគារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការតម្លើងឧបករណ៍ នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង
-
ព័ត៌មាន2 days agoហ្វ្រង់កូហ្វូនី លើកឡើងពីក្តីបារម្ភស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងអំពាវនាវឱ្យគោរពសេចក្ដីប្រកាសរួម
-
ព័ត៌មាន2 days agoក្រសួងសាធារណការ ជូនដំណឹង ស្តីពីការធ្វើនាវាចរណ៍នៅតំបន់ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ពីទីក្រុងរណបមេគង្គឃី ទៅកាន់ទីក្រុងរណបកោះនរា)