ព័ត៌មាន
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ កោតសរសើរការរីកចម្រើនរបស់កម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យឯកឧត្ដម Jang Yon Gon ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប ឯកឧត្តម Jang Yun Gon ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរំឮកពីទំនាក់ទំនងដ៏យូរអង្វែងរវាងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ដែលបានពូនជ្រុំដោយឯកឧត្តម គីម អ៊ីលស៊ុង និង សម្ដេចព្រះបរមរតកោដ្ឋ សម្តេចព្រះនរោត្ដម សីហនុ។ ដោយឆ្នាំនេះ គឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងសមិទ្ធផលជាច្រើនរបស់កម្ពុជា រួមទាំងការរក្សាបាននូវសុខសន្ដិភាព និងស្ថិរភាព ក្រោមការដឹកនាំរបស់សម្ដេចធិបតី។

សម្ដេចធិបតី បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានលើកទឹកចិត្តឯកឧត្តម ឯកអគ្គរដ្ឋទូត ឱ្យបន្តធ្វើការងារជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ជាពិសេសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សូមជម្រាបថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការនៅ សាធារណរដ្ឋកូរ៉េ របស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដី កាលពីថ្ងៃទី១៥ ដល់១៨ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ឯកឧត្តម យួន ស៊កយ៉ល ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ភាគីទាំងពីបានលើកកម្រិតទំនាក់ទំនងប្រទេសទាំងពីរឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា។
ក្នុងអំឡុងពេលនៃជំនួបកំពូល ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះការរីកចម្រើនយ៉ាងខ្លាំង នៃទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ លើគ្រប់វិស័យ ដែលមានជាអាទិ៍ នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ព្រមទាំងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ចាប់តាំងពីបានភ្ជាប់ទំនាក់ទំនងការទូត ឡើងវិញនៅឆ្នាំ១៩៩៧ ក្រោមការផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលនោះ។ ដោយមានជំនឿទុកចិត្តយ៉ាងមុតមាំចំពោះអនាគតនៃភាពជាដៃគូទ្វេភាគី ភាគីទាំងពីរបានឯកភាព ដំឡើងកម្រិតទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» និងបានសម្រេចថា នឹងពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន៕

-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន5 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន7 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា