ព័ត៌មាន
ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជំរុញចុះបញ្ជីដីធ្លីនៅខេត្តប៉ៃលិនឲ្យចប់ និងអភិវឌ្ឍន៍ឲ្យកាន់តែមានសក្ដានុពល
ប៉ៃលិន៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញដល់មន្ត្រីសុរិយោដីខេត្តប៉ៃលិន សហការជាមួយអាជ្ញាធរខេត្តត្រូវពន្លឿននូវការវាស់វែងចុះបញ្ជីដីធ្លី ឲ្យចប់តាមផែនការ និងបន្តចូលរួមអភិវឌ្ឍន៍ខេត្តមួយនេះ ឲ្យកាន់តែមានសក្តានុពលខ្ពស់ ។
ក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ខេត្តប៉ៃលិន គឺជាខេត្តមួយដែលតូចច្រឡឹង ប៉ុន្តែអាចមានសក្តានុពលខ្ពស់ ដូច្នេះទាំងអស់គ្នា គួរតែរួមគ្នាគិតពិចារណាថាតើកិច្ចការណា ដែលចាំបាច់គួរធ្វើ លើវិស័យទទួលខុសត្រូវរបស់ខ្លួន ដើម្បីជួយដល់គណៈអភិបាលខេត្តប៉ៃលិន ក្នុងការដឹកនាំខេត្តនេះ ឲ្យបានរីកចម្រើនតទៅមុខទៀត ។
ឯកឧត្តមបន្តថា គ្មានពេលវេលាណា ដែលល្អជាងពេលនេះទៀតទេ ក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជាក្នុងរយៈពេល ៥០០ឆ្នាំមកនេះ គឺជាពេលវេលា ដែលប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៌ ដែលផ្ដល់ឱកាសឲ្យយើងអាចរៀបចំស្រុកទេស ឱ្យបានល្អប្រសើរ ហើយសន្តិភាពនេះ នឹងនៅស្ថិតស្ថេរជាមួយយើងទាំងអស់គ្នាជារៀងដរាប ។

ជាមួយនេះ ឯកឧត្តម សាយ សំអាល់ បានស្នើឱ្យថ្នាក់ខេត្ត ស្រុក ឃុំ និងមន្ទីរជុំវិញខេត្តមានការឯកភាពគ្នា ដោយចាត់ទុកការងារចុះបញ្ជីដីធ្លីជាកិច្ចការងាររបស់ខ្លួន ពីព្រោះប្រសិនបើមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ រួមនឹងអាជ្ញាធរដែនដីផងនោះ នឹងជំរុញឲ្យការងារចុះបញ្ជីដីធ្លីក្នុងខេត្តប៉ៃលិន ប្រព្រឹត្តទៅដោយរលូន និងបញ្ចប់ដោយជោគជ័យ តាមការគ្រោងទុក ហើយនិងងាយស្រួលក្នុងការរៀបចំខេត្ត ឱ្យបានល្អប្រសើរ ដោយខេត្តប៉ៃលិន ជាតំបន់ពាណិជ្ជកម្ម ដែលមានសក្តានុពលមួយដ៏ធំ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំមកនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធានាបាននូវនិរន្តរភាពការងារ និងដំណើរការស្ថាប័ន គ្រប់គ្រងស្មារតី និងសតិអារម្មណ៍របស់មន្ត្រី ជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុងក្រសួង កសាងបាននូវជំនឿ និងទំនុកចិត្តលើរាជរដ្ឋាភិបាលជាអ្នកបន្តវេន ហើយទាំងនេះបានក្លាយជាមូលដ្ឋានគ្រឹះ ក្នុងការឈានទៅបន្តការដោះស្រាយភាពចម្រូងចម្រាស់ នៅក្នុងសង្គមជាតិ លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា គិតចាប់ពីការអនុវត្តរហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ការចុះបញ្ជីដីធ្លីនៅខេត្តប៉ៃលិន ទទួលបានលទ្ធផលដូចជា បានវាស់វែងដីធ្លីចំនួនជាង ៤ម៉ឺនក្បាលដី, ប្រមូលទិន្នន័យបានជាង ៣៦ ០០០ក្បាលដី, គូសក្បាលដីបានជាង ៤ម៉ឺនក្បាលដី បិទផ្សាយបញ្ចប់បានជាង ២ម៉ឺនក្បាលដី ចេញប័ណ្ណបានជាង ១៤ ០០០ក្បាលដី និងចែកបណ្ណបានជាង ១ម៉ឺនក្បាលដី ៕ អត្ថបទ បាន សុខរិទ្ធិ





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧