ព័ត៌មាន
អន្តរក្រសួងបើកកិច្ចប្រជុំលើកទី២ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ
នៅទីស្ដីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានរួមគ្នាដឹកនាំកិច្ចប្រជុំអន្តរក្រសួងលើកទី២ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ដើម្បីជំរុញឱ្យមានកិច្ចសហការជិតស្និទ្ធ បង្កើនប្រសិទ្ធភាព និងសហថាមពល សំដៅគាំទ្រដល់ការលើកកម្ពស់ និងកែលម្អជីវភាពសហគមន៍តាមមូលដ្ឋាន។

សូមជម្រាបថា កិច្ចប្រជុំអន្តរក្រសួងលើកទី១ បានប្រព្រឹត្តទៅកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងបី ហើយជាលទ្ធផលនៃកិច្ចប្រជុំបានចេញសេចក្ដីប្រកាសព័ត៌មានរួមគ្នាចំនួនបួនចំណុចគឺ ទី១)កំណត់គោលដៅយុទ្ធសាស្ត្រជាអាទិភាពរបស់ក្រសួងទាំងបី ដោយដាក់កម្លាំងនិងធនធានរួមគ្នាដើម្បីសហការអនុវត្តឱ្យបានជោគជ័យ ទី២)ប្រឹក្សាយោបល់ជាមួយគ្នាតាមជំនាញនិងវិស័យរៀងៗខ្លួនឱ្យបានទៀងទាត់និងជាប់លាប់ ដើម្បីបង្ការ និងទម្លុះនូវភាពរាំងស្ទះទាំងឡាយ ដើម្បីឈានទៅសម្រេចបាននូវគោលដៅដែលបានកំណត់ ទី៣)ផ្សារភ្ជាប់គម្រោងនិងកម្មវិធីនយោបាយដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យទទួលបានអត្ថប្រយោជន៍ជាអតិបរមា និងទី៤)ឯកភាពជាគោលការណ៍បង្កើតក្រុមការងារអន្តរក្រសួង ដើម្បីធ្វើការរួមគ្នាជាប់លាប់ និងដាក់ចេញនូវរបបប្រជុំទៀងទាត់រៀងរាល់បីខែម្ដង ដើម្បីតាមដានការងារដែលបានដាក់ចេញ និងកំណត់ផែនការអនុវត្តការងារបន្ត។
សូមបញ្ជាក់ថា កិច្ចប្រជុំអន្តរក្រសួងលើកទី២ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយមនាពេលនេះគឺដើម្បីពិនិត្យ និងពិភាក្សា៖ ទី១)របាយការណ៍វឌ្ឍនភាពការងាររបស់ក្រុមការងារអន្តរក្រសួង និងរបាយការណ៍សង្ខេបលទ្ធផលកិច្ចប្រជុំលើកដំបូងនៃក្រុមការងារអន្តរក្រសួង ទី២)ការរៀបចំបង្កើតលេខាធិការដ្ឋានសម្រាប់គាំទ្រដល់ដំណើរការក្រុមការងារអន្តរក្រសួង និងសេចក្តីព្រាងលក្ខខណ្ឌការងារ(ToR) របស់លេខាធិការដ្ឋាន និងទី៣)លក្ខខណ្ឌវិនិច្ឆ័យរួម និងការកំណត់តំបន់គោលដៅអនុវត្តសកម្មភាពដែលមានលក្ខណៈសម្របសម្រួល សមាហរណកម្មគ្នា សំដៅជួយដល់សហគមន៍គោលដៅតាមមូលដ្ឋាន(MAC/FWUC/MV) ឱ្យទទួល បានអត្ថប្រយោជន៍ជាអតិបរិមា និងជំហានបន្ទាប់៕





-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន5 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន2 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា